វីរុសបំប្លែង Delta មានសមត្ថភាពចម្លងលឿន និងគួរឲ្យបារម្ភ ព្រោះវាក៏អាចគេចពីប្រព័ន្ធភាពស៊ាំ និងក៏ប្រហែលជាអាចមានសមត្ថភាពវាយប្រហារខ្ពស់ជាងវីរុសកូវីដ១៩ បំប្លែងថ្មីប្រភេទដទៃទៀតដែរ។ ទន្ទឹមនឹងនេះ អង្គការសុខភាពពិភពលោក (WHO) បានឲ្យដឹងថា ដោយសារភាពឆ្លង រហ័ស ទើបវីរុសបំប្លែង Delta ងាយឆ្លងចំពោះក្រុមមនុស្សមួយចំនួន ជាពិសេសអ្នកដែលរស់នៅតំបន់មានអត្រាចាក់វ៉ាក់សាំង កូវីដ-១៩ ទាប។
យោងតាមទិន្នន័យចុងក្រោយពីសុខភាពសាធារណៈចក្រភពអង់គ្លេស (Public Health England) ឲ្យដឹងថា មនុស្សវ័យក្មេង (កូនក្មេង និងយុវវ័យ) មិនទាន់ចាក់វ៉ាក់សាំងកូវីដ ១៩ និងចាក់វ៉ាក់សាំងមិនគ្រប់ដូស (១ដូស) មានហានិភ័យខ្ពស់ពីការឆ្លងវីរុសបំប្លែង Delta ខណៈមនុស្សវ័យចំណាស់នៅតែប្រឈមមុខនឹងហានិភ័យនៃការស្លាប់ក្រោយឆ្លងវីរុសនេះ។
ចំនួនទិន្នន័យចុងក្រោយបង្អស់ពីប្រទេសអង់គ្លេសមានចំនួន ៩២.០២៩ ករណីត្រូវបានវិភាគនៅដើមខែកុម្ភៈ និងពាក់កណ្ដាលខែមិថុនាហើយត្រូវបានគេសន្មតថាជាវីរុសបំប្លែង Delta។ ក្នុងចំណោមករណីទាំងនោះនៅក្នុងក្រុមមនុស្សមិនចាក់វ៉ាក់សាំង ភាគច្រើនគឺស្ថិតក្នុងក្រុមមនុស្សអាយុក្រោម៥០ឆ្នាំ (៥២ ៨៤៦ ករណី) ហើយមានតែ ៩៧៦ ករណីប៉ុណ្ណោះដែលមានអាយុលើសពី៥០ឆ្នាំ។
ទោះយ៉ាងជាណាក៏ដោយ ទិន្នន័យបានបង្ហាញថាមានមនុស្សស្លាប់ចំនួន ១១៧ នាក់នៅក្នុងប្រទេសអង់គ្លេសក្រោយឆ្លងវីរុសបំប្លែង Delta ហើយភាគច្រើនជាក្រុមមនុស្សអាយុលើសពី៥០ឆ្នាំ។ មានអ្នកស្លាប់ចំនួន ៨ នាក់ក្នុងចំណោមអ្នកមានអាយុក្រោម ៥០ ឆ្នាំដែលមាន ៦ នាក់ជាបុគ្គលមិនបានចាក់វ៉ាក់សាំង ហើយ២ នាក់ទៀតចំពោះអ្នកដែលបានចាក់វ៉ាក់សាំង១ដូស។
រឿងសំខាន់បំផុតដែលយើងអាចធ្វើដើម្បីការពារខ្លួនពីវីរុសបំប្លែង Delta គឺត្រូវចាក់វ៉ាក់សាំងឲ្យបានគ្រប់ដូស។ បន្ថែមពីលើនេះ យើងត្រូវការពារខ្លួនឯងមិនថាចាក់វ៉ាក់សាំងរួច ឬមិនទាន់ចាក់ទេ តាមគោលការណ៍ណែនាំពីអង្គការសុខភាពពិភពលោក (WHO) និងក្រសួងសុខាភិបាល។
[embed-health-tool-bmi]