គ្នាយើងដឹងហើយថា ជំងឺកូវីដ-១៩ ជាជំងឺផ្លូវដង្ហើមស្រដៀងនឹងជំងឺផ្ដាសាយធម្មតាដែរ គ្រាន់តែវាមានភាពសាហាវ និងឆ្លងលឿនជាង ហើយក៏បណ្ដាលឲ្យយើងប្រឈមនឹងអត្រាស្លាប់ខ្ពស់ដែរ។ ទោះយ៉ាងណាក៏ដោយ ជំងឺកូវីដ-១៩ នៅតែអាចព្យាបាលជាសះស្បើយបាន ហើយក្នុងចំណោមការព្យាបាលជំងឺកូវីដ អ្នកជំនាញធ្លាប់បានប្រើប្លាស្មានៃឈាមអ្នកធ្លាប់កើតកូវីដ-១៩ ដើម្បីព្យាបាលអ្នកកើតកូវីដ-១៩ថ្មី។
រដ្ឋបាលចំណីអាហារ និងឱសថអាមេរិក (FDA) បានអនុញ្ញាតជាបន្ទាន់សម្រាប់ការព្យាបាលជំងឺកូវីដដោយប្រើប្លាស្មានៃឈាមអ្នកធ្លាប់កើតកូវីដ-១៩ដែលមានកម្រិតអង់ទីករខ្ពស់ ដើម្បីព្យាបាលជំងឺនេះ។ ចំពោះការព្យាបាលជំងឺកូវីដតាមវិធីនេះ ត្រូវបានធ្វើឡើងសម្រាប់អ្នកកើតកូវីដ-១៩ដែលមានប្រព័ន្ធការពាររាងកាយខ្សោយ។
ម៉្យាងវិញទៀត អ្នកស្រាវជ្រាវជឿជាក់ថា ហានិភ័យនៃការឆ្លងកូវីដ-១៩ពីការព្យាបាលជំងឺកូវីដដោយប្លាស្មារនៃឈាមអ្នកធ្លាប់ឆ្លងក៏មានភាគរយតិចបំផុត។ នេះមានន័យថា យើងមិនចាំបាច់ព្រួយបារម្ភពីការឆ្លងជំងឺកូវីដ-១៩ តែការព្យាបាលដោយប្លាស្មាក៏មានហានិភ័យតិចតូចដូចជា៖
- អាលែកហ្សី
- ប៉ះពាល់សួត ពិបាកដកដង្ហើម
- ឆ្លងមេរោគអេដស៍ និងជំងឺរលាកថ្លើមប្រភេទ B ឬ C
ប៉ុន្តែ ហានិភ័យដែលបានរៀបរាប់ខាងលើគឺមានភាគរយទាបមែនទែនដែលអាចកើតឡើង ពោលគឺវាកម្រនឹងកើតមានណាស់ ព្រោះរាល់ការបរិច្ចាគឈាមត្រូវធ្វើតេស្ដពិនិត្យជាមុនថាតើឈាមនោះមានផ្ទុកមេរោគអ្វីឬអត់ ដើម្បីសុវត្ថិភាព។
បន្ថែមពីលើនេះ ទិន្នន័យពីការសាកល្បងព្យាបាល និងការសិក្សាតាមកម្មវិធីជាតិមួយចំនួនក្នុងសហរដ្ឋអាមេរិកបានបង្ហាញឲ្យឃើញថា ប្លាស្មាមានកម្រិតអង់ទីករខ្ពស់អាចកាត់បន្ថយភាពធ្ងន់ធ្ងរ និងជួយឲ្យឆាប់ជាសះស្បើយពីជំងឺកូវីដ-១៩។ ទោះយ៉ាងនេះក្ដី ការស្រាវជ្រាវបន្ថែមនៅតែត្រូវធ្វើ ដើម្បីបញ្ជាក់ពីប្រសិទ្ធភាពនៃការប្រើប្លាស្មានៃឈាម ដើម្បីព្យាបាលជំងឺនេះ។
[embed-health-tool-bmi]