ពិតណាស់ រោគសញ្ញានៃវីរុសកូវីដ-១៩ មានលក្ខណៈប្រហាក់ប្រហែលទៅនឹងជំងឺគ្រុនផ្ដាសាយ ក៏ដូចជាអាលែកហ្ស៊ីដែរ ដែលធ្វើឲ្យគ្នាយើងមានការពិបាកបែងចែក។ ជាក់ស្ដែង នៅអំឡុងពេលនៃការរាតត្បាតនៃវីរុសបំប្លែងថ្មី ប្រភេទអូមីក្រុង អ្នកដែលចាក់វ៉ាក់សាំងគ្រប់ដូស ជាទូទៅ មិនលេចចេញអាការៈឈឺធ្ងន់ធ្ងរឡើយ ដែលកត្តានេះធ្វើឲ្យមានការភ័ន្តច្រឡំថាជាជំងឺផ្ដាសាយធម្មតា និងបង្កើនហានិភ័យនៃការឆ្លងកាន់តែច្រើនឡើង។
ដូច្នេះហើយ ការយល់ដឹងពីរោគសញ្ញានៃវីរុសកូវីដ-១៩ គ្រុនផ្ដាសាយ និងអាលែកហ្ស៊ីកាន់តែច្បាស់ អាចការពារខ្លួនយើង ក៏ដូចជាអ្នកជាទីស្រលាញ់បានប្រសើរជាងមុន។
បើតាមមជ្ឈមណ្ឌលត្រួតពិនិត្យ និងបង្ការជំងឺឆ្លង អាមេរិក (CDC) រោគសញ្ញាកូវីដ-១៩៖
- គ្រុនផ្ដាសាយ ឬគ្រុនរងា
- ក្អក
- ដកដង្ហើមខ្លីៗ ឬពិបាកដកដង្ហើម
- អស់កម្លាំង
- ឈឺខ្លួនប្រាណ ឬសាច់ដុំ
- ឈឺក្បាល
- បាត់បង់រសជាតិ ឬក្លិន
- ឈឺក
- ហៀរសំបោរ ឬតឹងច្រមុះ
- ចង្អោរ ឬក្អួត
- រាករូស
មជ្ឈមណ្ឌលត្រួតពិនិត្យ និងបង្ការជំងឺឆ្លងបានណែនាំឲ្យអ្នកដែលឆ្លងវីរុសកូវីដ-១៩ សង្កេតមើលរោគសញ្ញាព្រមានមួយចំនួន ក៏ដូចជាពិគ្រោះជាមួយគ្រូពេទ្យភ្លាមៗ ប្រសិនបើមានរោគសញ្ញាទាំងនេះ៖
- ពិបាកដកដង្ហើម
- ឈឺចាប់ ឬមានសម្ពាធក្នុងទ្រូងមិនបាត់
- វង្វេងស្មារតី
- ពិបាកក្នុងការភ្ញាក់ដឹងខ្លួន
- ស្បែក ឬបបូរមាត់ឡើងស្វាយ ឬស្លេកស្លាំង
រោគសញ្ញានៃជំងឺគ្រុនផ្ដាសាយ៖
- គ្រុនផ្ដាសាយ ឬគ្រុនរងា
- ក្អក
- ឈឺបំពង់ក
- ហៀរសំបោរ
- ឈឺសាច់ដុំ ឬរាងកាយ
- ឈឺក្បាល
- អស់កម្លាំង
- អ្នកខ្លះអាចមានក្អួត និងរាករូស ដែលកើតមានជាទូទៅលើកុមារច្រើនជាងមនុស្សពេញវ័យ
រោគសញ្ញានៃអាលែកហ្ស៊ីច្រមុះ រួមមាន៖
- កណ្ដាស់
- ហៀរសំបោរ
- តឹងច្រមុះ
រោគសញ្ញានៃអាលែកហ្ស៊ីភ្នែក រួមមាន៖
- ភ្នែកក្រហម មានទឹកភ្នែក ឬរមាស់ភ្នែក។
ដើម្បីជៀសវាងការចម្លងវីរុសកូវីដ-១៩ ទៅអ្នកដទៃ យើងចាំបាច់ត្រូវអនុវត្តតាមវិធានការសុខាភិបាលឲ្យបានខ្ជាប់ខ្ជួន ក៏ដូចជាធ្វើតេស្តកូវីដ-១៩ ប្រសិនបើយើងមានរោគសញ្ញាគួរឲ្យសង្ស័យ។
[embed-health-tool-bmi]