យើងប្រហែលជាបានដឹងហើយថា ការធាត់ជ្រុលអាចបណ្ដាលឲ្យមានជំងឺជាច្រើន ដូចជាគាំងបេះដូង គ្រោះថ្នាក់សរសៃឈាមខួរក្បាល ឬទឹកនោមផ្អែមជាដើម។ ចំពោះអាការៈរលាកសន្លាក់វិញ ទម្ងន់ខ្លួនរបស់យើងអាចបង្កជាបញ្ហា និងបន្ថែមភាពស្មុគស្មាញជាច្រើនផងដែរ ពីព្រោះទម្ងន់ដែលលើសអាចដាក់សម្ពាធដល់សន្លាក់របស់យើង ក៏ដូចជាបន្ថែមការឈឺចាប់ថែមទៀតផង។
ហេតុដូច្នេះហើយ ទើបការថែទាំទម្ងន់ខ្លួនឲ្យបានល្អ មានសារសំខាន់ណាស់ក្នុងការដោះស្រាយបញ្ហាជំងឺរលាកសន្លាក់នេះ។យ៉ាងណាមិញ ប្រសិនបើយើងស្រកទម្ងន់ វាមានអត្ថប្រយោជន៍យ៉ាងច្រើនដល់ជំងឺរលាកសន្លាក់ដូចខាងក្រោម។
១. បន្ថយការឈឺចាប់
យោងតាមការសិក្សាមួយចំនួនបានបង្ហាញថា ការស្រកទម្ងន់អាចជួយកាត់បន្ថយការឈឺចាប់ត្រង់សន្លាក់បានយ៉ាងមានប្រសិទ្ធភាព។ ចំពោះមនុស្សពេញវ័យដែលមានជំងឺរលាកសន្លាក់ ហើយស្រកទម្ងន់តាមរយៈការធ្វើលំហាត់ប្រាណ និងរបបអាហារត្រឹមត្រូវសម្រាប់រយៈពេលចាប់ពី១៨ខែឡើងទៅ នឹងមិនសូវឈឺចាប់នៅត្រង់ជង្គង់ទៀតឡើយ។ ដូច្នេះហើយ យើងអាចចាប់ផ្ដើមការសម្រកទម្ងន់ពី១០% ទៅ២០% នៃទម្ងន់ខ្លួនរបស់យើង ដើម្បីឲ្យការធ្វើចលនាមានភាពប្រសើរជាងមុន កាត់បន្ថយការឈឺចាប់ និងទទួលបានអត្ថប្រយោជន៍ជាច្រើនផ្សេងទៀត។
២. ជួយជំរុញមុខងារសន្លាក់
ការស្រកទម្ងន់ មិនត្រឹមតែជួយបំបាត់ការឈឺចាប់ប៉ុណ្ណោះទេ ប៉ុន្តែវាក៏ជួយជំរុញដល់មុខងាររបស់សន្លាក់ផងដែរ ពីព្រោះសម្ពាធមេកានិចនៅផ្នែកខាងក្នុងជង្គង់នឹងមានភាពប្រសើរឡើង បើសិនជាយើងស្រកទម្ងន់។ ការញ៉ាំអាហារល្អៗ ព្រមទាំងធ្វើលំហាត់ប្រាណបន្ថែម គឺមានសារសំខាន់ណាស់ដើម្បីធ្វើឲ្យរាងកាយរបស់យើងមាំមួន និងបន្ថយការរលាកសន្លាក់ផ្សេងៗ។
៣. កាត់បន្ថយការរលាក
នៅពេលដែលយើងធាត់ជ្រុល ព្រមទាំងមានជំងឺរលាកសន្លាក់ផងនោះ យើងច្បាស់ជាចៀសមិនផុតពីការរលាកផ្សេងៗឡើយ។ ប៉ុន្តែ ប្រសិនបើយើងស្រកទម្ងន់ម្ដងបន្តិចៗ អាការៈរលាកក៏អាចថយចុះជាលំដាប់ផងដែរ ពីព្រោះខ្លាញ់ដែលនៅក្នុងរាងកាយរបស់យើងគឺជាជាលិកាសកម្ម និងបញ្ចេញសារធាតុគីមីគាំទ្រការរលាក។
៤. ការគេងប្រសើរឡើង
ជាមួយគ្នានេះដែរ ការស្រកទម្ងន់ក៏អាចជួយឲ្យការគេងរបស់យើងកាន់តែប្រសើរជាងមុនផងដែរ ពីព្រោះនៅពេលដែលយើងឈឺចាប់ដោយសារតែអាការៈរលាកសន្លាក់ វាក៏អាចប៉ះពាល់ក៏ការគេងរបស់យើងដូចគ្នា។ លើសពីនេះ វាក៏អាចបង្កទៅជាជំងឺគេងមិនលក់ថែមទៀតផង។
[embed-health-tool-bmi]