ជំងឺរលាកសរសៃឈាម បង្កឲ្យសរសៃឈាមដែលរលាករីកធំ ហើយជាលទ្ធផលអាចកម្រិតដល់លំហូរឈាមក្នុងរាងកាយ។ ការកម្រិតលំហូរឈាមក្នុងរាងកាយ អាចធ្វើឲ្យខូចខាតសរីរាង្គ ដែលកើតមានបញ្ហានេះ។
ជំងឺរលាកសរសៃឈាមអាចប៉ះពាល់ដល់សរីរាង្គតែមួយ ឬច្រើនកន្លែងលើរាងកាយ និងអាចជាបញ្ហាសុខភាពរយៈពេលខ្លី និងវែងផងដែរ។
មូលហេតុនាំឲ្យមានជំងឺរលាកសរសៃឈាម
យន្តការដែលនាំឲ្យកើតជំងឺនេះនៅមិនដឹងច្បាស់នៅឡើយ។ យ៉ាងណា មានហេតុផលដែលអាចនាំឲ្យមានបញ្ហាអាលែកហ្ស៊ី ឬអាចនាំឲ្យមានបញ្ហាសុខភាពមួយចំនួនទៀត អាចនាំឲ្យកើតជំងឺនេះ។ ដូចគ្នាដែរ ការឆ្លងរោគអាចរំញោចឲ្យមានការឆ្លើយតបខ្លាំងពីប្រព័ន្ធភាពស៊ាំ ដែលនាំឲ្យមានការខូចខាតដល់សរសៃឈាម។
បញ្ហាសុខភាពនេះ អាចមានទំនាក់ទំនងទៅនឹងជំងឺប្រព័ន្ធភាពស៊ាំ ដូចជាជំងឺឡុយពុស(lupus) ឬ ជំងឺរលាកសន្លាក់រ៉ាំរ៉ៃ ផងដែរ។
រោគសញ្ញាទូទៅជំងឺរលាកសរសៃឈាមរួមមាន៖
- ឈឺក្បាល
- ក្ដៅខ្លួន
- មានអារម្មណ៍ហត់នឿយខ្លាំង
- ស្រកទម្ងន់
រោគសញ្ញាមួយចំនួនទៀត អាចកើតមានអាស្រ័យលើទីតាំងដែលកើតមានបញ្ហារលាកសរសៃឈាមនេះ។
ប្រព័ន្ធរំលាយអាហារ៖ បើសិនជាប្រព័ន្ធរំលាយអាហាររងផលប៉ះពាល់ យើងអាចនឹងមានអារម្មណ៍ឈឺចាប់នៅក្រោយពីញ៉ាំបាយភ្លាមៗ។ ដូចគ្នាដែរ យើងក៏អាចមានដំបៅ ហើយជាលទ្ធផល អាចមានឈាមក្នុងលាមកទៀតផង។
ត្រចៀក៖ ត្រចៀកដែលមានបញ្ហារលាកសរសៃឈាម អាចធ្វើឲ្យយើងវិលមុខ ឬអាចឈានដល់បាត់បង់ការស្ដាប់ ។
ភ្នែក៖ ជំងឺរលាកសរសៃឈាមនេះអាចកើតមាននៅភ្នែកដែរ ដែលធ្វើឲ្យភ្នែកឡើងក្រហម ឬរមាស់។ ក្នុងករណីធ្ងន់ធ្ងរ ភ្នែកដែលមានជំងឺនេះអាចមើលមិនឃើញក្នុងរយៈពេលណាមួយ ឬពិការភ្នែកម្ខាង ឬទាំងពីរក៏មាន។
ដៃ និងជើង៖ ជំងឺរលាកសរសៃឈាមប្រភេទខ្លះអាចធ្វើឲ្យស្ពឹក ឬខ្សោយ នៅលើដៃ ឬជើងម្ខាង។ បញ្ហានេះ អាចធ្វើឲ្យបាតដៃ ឬបាតជើងឡើងហើមដែរ។
សួត៖ សួតកើតមានជំងឺរលាកសរសៃឈាម អាចធ្វើឲ្យយើងឆាប់ហត់ ហើយក្នុងករណីធ្ងន់ធ្ងរខ្លះអាចបង្កឲ្យមានក្អកឈាមទៀតផង។
ស្បែក៖ ជំងឺរលាកសរសៃកើតលើស្បែក អាចបង្កឲ្យចេញឈាមនៅក្រោមស្បែក ដែលអាចបង្កឲ្យលេចចេញស្នាមក្រហមលើស្បែក។
ផលវិបាក
ជំងឺរលាកសរសៃឈាមអាចនាំឲ្យមានផលវិបាកធ្ងន់ធ្ងរ។ សរសៃឈាមខ្សោយអាចបង្កឲ្យទៅជាជំងឺប៉ោងសរសៃឈាមក្រហម ដែលអាចនាំឲ្យសរសៃឈាមបែក និងនាំឲ្យហូរឈាមច្រើន។
សរសៃឈាមរួមតូច ឬរលាកសរសៃឈាម សុទ្ធតែអាចរាំងស្ទះដល់លំហូរឈាមបានដូចគ្នា។ ក្នុងករណីទីតាំងកើតជំងឺសរសៃឈាមត្រូវបានរាំងស្ទះ ហើយមិនមានសរសៃឈាមផ្សេងនាំយកឈាមទៅជំនួយនៅទីតាំងនោះទេ ជាលិកានឹងងាប់។ ការណ៍នេះអាចកើតមាននៅគ្រប់ផ្នែកនៃរាងកាយ។
ជំងឺរលាកសរសៃឈាមអាចបង្កជាបញ្ហាសុខភាពធ្ងន់ធ្ងរ។ ជំងឺនេះអាចប៉ះពាល់ដល់សរសៃឈាម ដែលសរសៃឈាមដើរតួយ៉ាងសំខាន់ក្នុងការរក្សារាងកាយឲ្យមានសុខភាពល្អ។ ចូរស្វែងរកជំនួយពីគ្រូពេទ្យបើសិនជាគ្នាយើងមានចេញរោគសញ្ញាគួរឲ្យសង្ស័យ។
[embed-health-tool-vaccination-tool]