ដំណើរការធ្វើឲ្យមានឈាមកកមានភាពចាំបាច់ណាស់ដើម្បីបញ្ចៀសការហូរឈាមច្រើនជ្រុល នៅពេលដែលយើងមានរបួស ឬរលាត់ស្បែក។ ប៉ុន្តែ នៅពេលដែលយើងមានកំណកឈាមនៅទីតាំងផ្សេងទៀតនៅក្នុងរាងកាយ ជាពិសេសនៅក្នុងសរសៃឈាម វាអាចបង្កគ្រោះថ្នាក់ដល់អាយុជីវិតរបស់យើងទៅវិញ។
ជាក់ស្ដែង កំណកឈាមនៅក្នុងសរសៃឈាមវ៉ែន ឬសរសៃឈាមក្រហម អាចបង្កើនហានិភ័យនៃបញ្ហាសុខភាពធ្ងន់ធ្ងរដូចជាការស្ទះសរសៃឈាមសួត គាំងបេះដូង និងគ្រោះថ្នាក់សរសៃឈាមខួរក្បាល។ ជាទូទៅ កំណកឈាមដែលមិនផ្លាស់ទី មិនបង្កជាគ្រោះថ្នាក់ឡើយ ប៉ុន្តែប្រសិនបើវាធ្វើដំណើរទៅកាន់បេះដូង ខួរក្បាល និងសួត វាអាចរារាំងលំហូរឈាមទៅកាន់សរីរាង្គទាំងនោះ។
កំណកឈាមកើតឡើងដោយសារអ្វី?
កំណកឈាមកើតឡើងនៅពេលដែលផ្នែកខ្លះនៃឈាមឡើងក្រាស់ ហើយប្រែប្រួលពីរាវទៅខាប់អន្ធិល ឬពាក់កណ្ដាលរឹង។ កត្តាជាច្រើន ដែលអាចនាំឲ្យកើតមានបញ្ហាកំណកឈាម រួមមាន៖
- ចរន្តឈាមខ្សោយ
- ការប្រើប្រាស់ថ្នាំជាក់លាក់
- អង្គុយ ឬគេងយូរពេក
- ជក់បារី
- ជំងឺបេះដូង
- សម្ពាធឈាមខ្ពស់
- កូលេស្តេរ៉ូលខ្ពស់
- របួសធ្ងន់ធ្ងរ
- មានផ្ទៃពោះ
- ធាត់ជ្រុល
- ប្រភេទមហារីកជាក់លាក់ (មហារីកលំពែង សួត ឬជំងឺមហារីកដែលទាក់ទងនឹងឈាម)។
សញ្ញាបញ្ជាក់ថាមានកំណកឈាមនៅក្នុងរាងកាយ
កំណកឈាមអាចកកើតឡើងនៅក្នុងសរសៃឈាមវ៉ែន ឬសរសៃឈាមក្រហម។ កំណកឈាមនៅក្នុងសរសៃឈាមអាចនាំឲ្យយើងកើតមានអាការៈគាំងបេះដូង ឬគ្រោះថ្នាក់សរសៃឈាមខួរក្បាល។ ចំណែកឯការស្ទះសរសៃឈាមវ៉ែនជ្រៅ ជាប្រភេទកំណកឈាមធ្ងន់ធ្ងរបំផុត ហើយវាកើតឡើងជាទូទៅនៅជើងម្ខាង។ កំណកឈាមក៏អាចកើតឡើងនៅក្នុងដៃ អាងត្រគាក សួត ឬសូម្បីតែខួរក្បាល។ គ្នាយើងអាចសង្កេតមើលសញ្ញាព្រមាន ដែលបញ្ជាក់ថាយើងមានកំណកឈាមដូចខាងក្រោម។
១. កំណកឈាមក្នុងជើង ឬដៃ
កំណកឈាមកើតឡើងភាគច្រើននៅជើងផ្នែកខាងក្រោម ហើយវាបណ្ដាលឲ្យមានរោគសញ្ញាដូចជា ហើម ឈឺចាប់ មានអារម្មណ៍ក្ដៅភាយៗ និងស្នាមក្រហមនៅបរិវេណដែលមានបញ្ហា។
២. កំណកឈាមក្នុងបេះដូង
បេះដូងជាទីតាំងដែលមិនសូវមានកំណកឈាមឡើយ។ ផ្ទុយទៅវិញ នៅពេលដែលមានកំណកឈាមក្នុងបេះដូង វាអាចបណ្ដាលឲ្យគាំងបេះដូងបាន។ ក្នុងករណីដែលយើងមានកំណកឈាមនៅក្នុងបេះដូង យើងអាចមានអាការៈឈឺទ្រូង វិលមុខ និងអាការៈ ហត់ ដកដង្ហើមខ្លីៗ។
៣. កំណកឈាមក្នុងសួត
នៅពេលដែលកំណកឈាមធ្វើដំណើរទៅកាន់សួត វាអាចបង្កជាការស្ទះសរសៃឈាមសួត ហើយវាអាចបណ្ដាលឲ្យយើងដកដង្ហើមខ្លីៗ។ រោគសញ្ញាដទៃទៀត រួមមានឈឺទ្រូង ញ័រទ្រូង ឬចង្វាក់បេះដូងលោតញាប់ មានបញ្ហាដកដង្ហើម និងក្អកចេញឈាម។
៤. កំណកឈាមក្នុងពោះ
យើងអាចប្រឈមនឹងអាការៈឈឺពោះ និងហើមពោះធ្ងន់ធ្ងរ។ យ៉ាងណាមិញ វីរុសក្នុងពោះ ឬការពុលអាហារក៏អាចនាំឲ្យយើងមានអាការៈស្រដៀងគ្នានេះដែរ។
៥. កំណកឈាមក្នុងខួរក្បាល
ជំងឺស្ទះសរសៃឈាមខួរក្បាលជាប្រភេទជំងឺដែលកើតឡើងនៅពេលដែលកំណកឈាមរារាំងលំហូរឈាម និងអុកស៊ីសែនទៅខួរក្បាល។ កំណកឈាមនៅក្នុងខួរក្បាលអាចបង្កឲ្យមានអាការៈឈឺក្បាលភ្លាមៗ និងធ្ងន់ធ្ងរ រួមជាមួយនឹងរោគសញ្ញាដទៃទៀត ដូចជាផ្ទៃមុខ ដៃ ជើង ការនិយាយស្ដីចុះខ្សោយ បញ្ហាភ្នែក និងវិលមុខជាដើម។
[embed-health-tool-vaccination-tool]