គ្រាប់ឈាមសធ្លាក់ចុះ សំដៅទៅលើការធ្លាក់ចុះនៃកោសិកាឈាមសក្នុងឈាម។ បញ្ហានេះកើតឡើងដោយសារតែការប្រើប្រាស់ប្រភេទថ្នាំជាក់លាក់ ការព្យាបាលជំងឺមហារីក ឬបញ្ហាហ្សែនមួយចំនួន។ សម្រាប់មនុស្សពេញវ័យមានកោសិកាឈាមសធម្មតា គឺនៅចន្លោះពី៤ ៥០០ដល់១១ ០០០ ក្នុងឈាមមួយមិល្លីម៉ែត្រគូប។ ចំនួននេះខ្ពស់ជាងបន្តិចចំពោះកុមារ។
មូលហេតុដែលគ្រាប់ឈាមសធ្លាក់ចុះ
ជាក់ស្ដែង គ្រាប់ឈាមសធ្លាក់ចុះ អាចបណ្ដាលមកពីជំងឺ និងការប្រើប្រាស់ថ្នាំផ្សេងៗ ដូចខាងក្រោមនេះ។
១. ខូចខួរឆ្អឹង
បញ្ហានេះកើតឡើងបណ្ដាលមកពីការប៉ះពាល់ទៅនឹងសារធាតុគីមី ឬជាតិពុល ការព្យាបាលជំងឺមហារីកដោយប្រើគីមី ការព្យាបាលដោយប្រើប្រាស់កាំរស្មី និងថ្នាំមួយចំនួន ដែលធ្វើឲ្យការផលិតកោសិកាទាំងអស់នៃខួរឆ្អឹងធ្លាក់ចុះ ជាហេតុនាំឲ្យកោសិកាឈាមសធ្លាក់ចុះ និងកើតជំងឺស្លេកស្លាំង។
២. ជំងឺខួរឆ្អឹង
ក្នុងលក្ខខណ្ឌនេះ ខួរឆ្អឹងមិនផលិតកោសិកាឈាមសគ្រប់គ្រាន់ ឬផលិតកោសិកាឈាមសប្រភេទណាមួយច្រើនជ្រុល ដែលនាំឲ្យខ្វះកោសិកាឈាមសប្រភេទដទៃទៀត ហើយវាបង្កឡើងដោយជំងឺមហារីកmyelodysplastic syndrome ជំងឺមហារីកគ្រាប់ឈាមស កង្វះវីតាមីនB12 និងហ្វូឡេត។
៣. ជំងឺមហារីករាលដាលដល់ខួរឆ្អឹង
ចំពោះជំងឺមហារីកដែលរាលដាលដល់ខួរឆ្អឹងអាចបង្កជាជំងឺគ្រាប់ឈាមសធ្លាក់ចុះ ដែលជាទូទៅ កើតឡើងចំពោះអ្នកដែលមានជំងឺមហារីកកូនកណ្ដុរ និងជំងឺមហារីកដទៃទៀត។
៤. ជំងឺប្រព័ន្ធភាពស៊ាំប្រឆាំងនឹងខ្លួនឯង
ជំងឺនេះកើតឡើងនៅពេលដែលរាងកាយមិនស្គាល់កោសិការបស់ខ្លួន និងចាប់ផ្ដើមវាយប្រហារប្រឆាំងនឹងកោសិកាទាំងនោះ។ ក្នុងករណីដែលគ្រាប់ឈាមសធ្លាក់ចុះ កោសិកាឈាមសត្រូវបានចាត់ទុកថាជាវត្ថុចម្លែក និងត្រូវបានវាយប្រហារ។
៥. ការឆ្លងមេរោគធ្ងន់ធ្ងរ
ទន្ទឹមនឹងនេះដែរ ការឆ្លងមេរោគធ្ងន់ធ្ងរអាចធ្វើឲ្យកោសិកាឈាមសក្នុងរាងកាយចុះខ្សោយ និងអាចបណ្ដាលឲ្យកើតជំងឺកោសិកាឈាមសធ្លាក់ចុះ។
៦. អណ្ដើករីកធំ
នេះបណ្ដាលមកពីការរីកធំនៃអណ្ដើក (សរីរាង្គម្យ៉ាងក្នុងខ្លួន) ដែលបំផ្លាញកោសិកាឈាម ជាហេតុនាំឲ្យគ្រាប់ឈាមសធ្លាក់ចុះ ក៏ដូចជាកើតជំងឺស្លេកស្លាំង។
៧. លក្ខខណ្ឌសុខភាពដទៃទៀត
ចំណែកឯលក្ខខណ្ឌសុខភាពដទៃទៀតអាចបង្កឲ្យមានបញញហានេះ មានដូចជាជំងឺក្រពេញទីរ៉ូអ៊ីត ការខ្វះគ្រាប់ឈាមក្រហមដោយសារខួរឆ្អឹង ជំងឺរលាកសន្លាក់រ៉ាំរ៉ៃ ការឆ្លងប៉ារ៉ាស៊ីត កង្វះវីតាមីន ជំងឺគ្រុនចាញ់ ជំងឺគ្រុនឈាម ឫជំងឺរបេង។
[embed-health-tool-vaccination-tool]