ជាតិដែក ជារ៉ែសំខាន់មួយប្រភេទមានក្នុងរបបអាហារ សម្រាប់ទ្រទ្រង់រាងកាយ។ ក្នុងករណីរាងកាយមិនអាចស្រូបយកជាតិដែកពីអាហារបានគ្រប់គ្រាន់អាចធ្វើឲ្យយើងមានបញ្ហាកង្វះជាតិដែក នាំឲ្យរាងកាយប្រែជាស្លេកស្លាំង។ កង្វះជាតិដែកអាចធ្វើឲ្យកោសិកាឈាមក្រហមមិនអាចផលិតអុកស៊ីសែនបានគ្រប់គ្រាន់សម្រេចបំពេញតម្រូវការរាងកាយដែរ។
ជាតិដែកគឺជាសារធាតុដែលសំខាន់នៅក្នុងរបបអាហារដែលរាងកាយរបស់យើងមិនអាចបង្កើតបានដោយខ្លួនឯងទេ។ ប្រសិនបើរាងកាយរបស់យើងស្រូបយកជាតិដែកមិនគ្រប់គ្រាន់វាអាចនិងធ្វើឲ្យមានបញ្ហាកង្វះជាតិដែក។ នៅពេលដែលយើងកង្វះជាតិដែកក្នុងខ្លួននោះយើងអាចនិងចេញរោគសញ្ញា ស្លេកស្លាំងវាបង្ហាញថានៅក្នុងរាងកាយរបស់យើងមានកម្រិតជាតិដែកទាបដែលអាចធ្វើឲ្យកោសិកាឈាមក្រហមមិនអាចបង្កើតអុកស៊ីហ្សែនបានគ្រប់គ្រាន់។
១.រោគសញ្ញាកង្វះជាតិដែក
- អស់កម្លាំង
- ស្បែកនិងក្រចកដៃឡើងស្លេក
- ខ្សោយ
- វិលមុខ
- ឈឺក្បាល
- រលាកមាត់
២.ប្រភពជាតិដែក
រាងកាយរបស់យើងស្រូបយកជាតិដែកពីប្រភពសាច់សត្វច្រើនជាងពីរទៅបីដងពីបន្លែ។ ប្រភពសាច់សត្វដែលមានជាតិដែកល្អបំផុតមាន៖
- សាច់គោគ្មានខ្លាញ់
- អយស្ទ័រ
- សាច់មាន់
- មាន់តួកគី
បន្លែជាប្រភពនៃជាតិដែក
- សណ្ដែក
- តៅហ៊ូ
- ដំឡូងដុត
- គ្រាប់ស្វាយចន្ទី
- បន្លែស្លឹកបៃតង
- នំប៉័ង និងគ្រាប់ធញ្ញជាតិ
៣.អ្នកណាខ្លះអាចមានហានិភ័យនេះ?
អ្នកដែលអាចមានហានិភ័យខ្ពស់ក្នុងការកង្វះជាតិដែកមាន៖
- ស្ត្រីមានផ្ទៃពោះ ៖ បរិមាណឈាមរបស់ស្រ្តីមានផ្ទៃពោះកើនឡើង នាំឲ្យតម្រូវការជាតិដែកកើនឡើងដែរ ដើម្បីដឹកនាំអុកស៊ីសែនទៅចិញ្ចេឹមកូនក្នុងផ្ទៃ និងសរីរាង្គបន្តពូជ។ ម៉ាក់ៗបារម្ភពីបញ្ហាខ្វះជាតិដែកពេលមានផ្ទៃពោះអាចពិភាក្សាជាមួយគ្រូពេទ្យជំនាញដើម្បីអាចទទួលបានការណែនាំពីប្រភពជាតិដែរក្រៅពីអាហារ។
- កុមារតូច ៖ ទារកអាចមានជាតិដែកគ្រប់គ្រាន់ក្នុងរយៈពេល ៦ខែដំបូងបន្ទាប់ពីសម្រាល។ បន្ទាប់ពី៦ ខែ តម្រូវការជាតិដែករបស់ក្មេងកើនឡើង។ ទឹកដោះម្ដាយគឺជាប្រភពជាតិដែកអាចផ្គត់ផ្គង់ដល់ទារក ឬម្សៅទឹកដោះសត្វមានបន្ថែមជាតិដែក។ ទឹកដោះគោ មានប្រភពជាតិដែកទាប កុមារអាចនឹងស្លេកស្លាំងប្រសិនបើញាំទឹកដោះគោច្រើន មិនសូវញ៉ាំអាហារ បន្លែ ផ្លែឈើ ឬសាច់។
- ស្ត្រីក្នុងវ័យបន្តពូជ៖ ស្ត្រីក្នុងវ័យបន្តពូជមានរដូវច្រើនពេកក៏អាចវិវដ្តទៅជាកង្វះជាតិដែក។
៤.វិធីរការពារបញ្ហាកង្វះជាតិដែក
ការញាំរបបអាហារដែលល្អសម្រាប់សុខភាពគឺជាវីធីការពារល្អបំផុតមួយចំពោះបញ្ហាកង្វះជាតិដែក។ ដូច្នេះយើងគួរតែបញ្ចូលបន្លែដែលមានជាតិដែក និងវីតាមីន C ចូលទៅក្នុងរបបអាហារ។
ប្រសិនបើយើងសង្ស័យថាមានបញ្ហាកង្វះជាតិដែក គួរតែទៅពិគ្រោះជាមួយគ្រូពេទ្យ។ គ្រូពេទ្យនឹងធ្វើការវាយតម្លៃពីស្ថានភាពជាតិដែកក្នុងខ្លួនយើង និងកំណត់ទម្រង់នៃការព្យាបាលដោយរួមបញ្ចូលទាំងការផ្លាស់ប្ដូររបបអាហារ ឬការញាំជាថ្នាំគ្រាប់ជាតិដែក។
[embed-health-tool-vaccination-tool]