ជំងឺឈាមក្រកក(Hemophilia) ជាជំងឺដ៏កម្រ ដែលឈាមនៅន្លែងមានរបួសមិនងាយនឹងកក ដោយសារតែប្រូតេអ៊ីនជួយឲ្យឈាមកកមានមិនគ្រប់គ្រាន់ ។ បើសិនជាយើងមានជំងឺ ឈាមក្រកក ពេលមានរបួសយើងនឹងហូរឈាមយូរជាងអ្នកដែលមិនមានជំងឺនេះ។ បើយើងមានរបួសតូចតាចមិនជាបញ្ហានោះទេ ប៉ុន្តែអ្វីដែលគួរឲ្យបារម្ភគឺពេលយើងមានជំងឺនេះធ្ងន់ធ្ងរ អាចមានការហូរឈាមផ្នែកខាងក្នុងរាងកាយ ជាពិសេសនៅត្រង់សាច់ដុំ សន្លាក់ ត្រគាក និងជង្គង់។ ការហូរឈាមក្នុងរាងកាយអាចបំផ្លាញសរីរាង្គ និងជាលិកា ដែលប៉ះពាល់ដល់អាយុជីវិតទៀតផង។ ជំងឺនេះភាគច្រើនប៉ះពាល់ដល់បុរសស្ទើរទាំងស្រុង និងកម្រកើតមានលើស្ត្រី។
១.រោគសញ្ញា
រោគសញ្ញានៃជំងឺនេះ ការហូរឈាមខាងក្រៅយូរ ឬមានស្នាមជាំបន្ទាប់ពីមានរបួសតិចតួច ឬគ្មានមូលហេតុច្បាស់លាស់។ រោគសញ្ញាអាចប្រែប្រួលអាស្រ័យលើ ជំងឺមានទម្រង់ស្រាល មធ្យម ឬធ្ងន់ធ្ងរដោយ៖
- ហូរឈាមច្រើនក្រោយត្រូវរបួស ឬមុត ឬក្រោយវះកាត់ ឬព្យាបាលធ្មេញ
- លេចចេញស្នាមជាំលើស្បែក
- ហូរឈាមខុសធម្មតាក្រោយចាក់វ៉ាក់សាំងរួច
- ឈឺចាប់ ហើម ឬតឹងនៅត្រង់សន្លាក់
- ឈាមក្នុងទឹកនោម ឬលាមក
- ឈាមច្រមុះដោយមិនដឹងមូលហេតុ
គ្នាយើងដែលមានជំងឺនេះអាចមានការហូរឈាមពីខាងក្នុងរាងកាយ ប៉ុន្តែភាគច្រើនកើតឡើងនៅ សាច់ដុំ និងសន្លាក់ ដូចជា កែងដៃ ជង្គង់ ត្រគាក ស្មា និង កជើង។ គ្នាយើងខ្លះអាចនឹងមិនមានការឈឺពេលដំបូង ប៉ុន្តែប្រសិនបើការហូរឈាមនៅតែបន្តហូរ សន្លាក់អាចឡើង ក្ដៅ ហើម និងឈឺ នៅពេលដែលធ្វើចលនា។ ចំពោះជំងឺនេះអាចនិងមានបញ្ហាធ្ងន់ធ្ងរ ប្រសិនបើគ្នាយើងមានការហូរឈាមក្នុងខួរក្បាល។ ធ្វើការជួបជាមួយគ្រូពេទ្យប្រសិនបើគ្នាយើងមានសញ្ញាដូចខាងក្រោម ៖
- មានការផ្លាស់ប្ដូរឥរិយាបថ
- ងងុយគេងខុសធម្មតា
- ឈឺក្បាលមិនបាត់
- ហូរឈាមមិនឈប់
- មានបញ្ហាភ្នែក
- ក្អួត
- ប្រកាច់
- សន្លាក់ហើមមិនបាត់ ពិបាកបត់បែន
២.តើយើងអាចការពារជំងឺនេះបានទេ?
គ្នាយើងអាចនឹងពិបាកក្នុងការការពារជំងឺនេះ ព្រោះជាជំងឺហ្សែន ដែលទទួលបានពី ខាងប៉ា ឬម៉ាក់ យើង។
[embed-health-tool-vaccination-tool]