ជំងឺពកកកើតឡើងនៅពេលក្រពេញទីរ៉ូអ៊ីតរីកធំខុសធម្មតា។ ក្រពេញទីរ៉ូអ៊ីតគឺជាក្រពេញតូចមួយដែលមានរាងដូចមេអំបៅស្ថិតនៅខាងមុខក និងនៅពីក្រោមគ្រាប់ពោន។ តើជំងឺពក ក កើតឡើងដោយសារមូលហេតុអ្វី?
ជំងឺពក ក បណ្តាលមកពីមូលហេតុទូទៅមួយចំនួនដូចជា៖
១. កង្វះជាតិអ៊ីយ៉ូត
ក្រពេញទីរ៉ូអ៊ីតប្រើប្រាស់ជាតិអ៊ីយ៉ូតដើម្បីផលិតអ័រម៉ូនទីរ៉ូអ៊ីត។ នៅពេលរាងកាយយើងខ្វះជាតិអ៊ីយ៉ូត ក្រពេញទីរ៉ូអ៊ីតធ្វើការលើសកម្រិតដើម្បីផលិតអ័រម៉ូនទីរ៉ូអ៊ីតបន្ថែម។ ជាលទ្ធផលក្រពេញទីរ៉ូអ៊ីតរីកធំដែលបណ្តាលឱ្យយើងកើតជំងឺពកក។ ជាតិអ៊ីយ៉ូតមាននៅក្នុងទឹកសមុទ្រ ក្នុងដីនៅតំបន់ឆ្នេរ និងក្នុងអំបិលដែលបានបន្ថែមជាតិអ៊ីយ៉ូត។
២. ក្រពេញទីរ៉ូអ៊ីតសកម្មជ្រុល
ពេលខ្លះជំងឺពកកអាចកើតដោយសារក្រពេញទីរ៉ូអ៊ីតផលិតអ័រម៉ូនទីរ៉ូអ៊ីតច្រើនពេក។ អង្គបដិប្រាណដែលផលិតដោយប្រព័ន្ធភាពស៊ាំបានវាយប្រហារក្រពេញទីរ៉ូអ៊ីតដែលបណ្តាលឱ្យវាផលិតអ័រម៉ូន thyroxine លើស ជាលទ្ធផលក្រពេញទីរ៉ូអ៊ីតហើម។
៣. ជំងឺ Hashimoto
ជំងឺ Hashimoto គឺជាជំងឺប្រព័ន្ធភាពសុំាដែលអង្គបដិប្រាណផលិតដោយប្រព័ន្ធភាពស៊ាំវាយប្រហារក្រពេញទីរ៉ូអ៊ីតដែលធ្វើឱ្យក្រពេញទីរ៉ូអ៊ីតផលិតអ័រម៉ូនទីរ៉ូអ៊ីតតិច។ ដូច្នេះក្រពេញភីតូរីសផលិតអ័រម៉ូន TSH បន្ថែមដើម្បីរំញោចក្រពេញទីរ៉ូអ៊ីតក្នុងការផលិតអ័រម៉ូនទីរ៉ូអ៊ីតបន្ថែម និងបណ្តាលឱ្យក្រពេញទីរ៉ូអ៊ីតរីកធំ។
៤. ការមានដុំពកតូចៗនៅក្រពេញទីរ៉ូអ៊ីត
លក្ខខណ្ឌនេះក៏បណ្តាលឱ្យក្រពេញទីរ៉ូអ៊ីតរីកធំដែរ។
៥. មហារីកក្រពេញទីរ៉ូអ៊ីត
មហារីកក្រពេញទីរ៉ូអ៊ីតធ្វើឱ្យក្រពេញទីរ៉ូអ៊ីតរីកធំ។
៦. ការមានផ្ទៃពោះ
អ័រម៉ូន chorionic gonadotropin (HCG) ដែលរាងកាយផលិតនៅពេលស្រ្តីមានផ្ទៃពោះអាចធ្វើឱ្យក្រពេញទីរ៉ូអ៊ីតរីកធំបន្តិច។
ចង់គណនាទម្ងន់ស្រ្តីពពោះ ចុចទីនេះ!
៧. ជំងឺរលាកក្រពេញទីរ៉ូអ៊ីត
ជំងឺនេះបណ្តាលឱ្យមានការឈឺចាប់ និងហើមនៅក្នុងក្រពេញទីរ៉ូអ៊ីត និងបណ្តាលឱ្យរាងកាយផលិតអ័រម៉ូន thyroxine ច្រើន ឬតិចពេក។
ជំងឺពកកមានអាការៈ និងរោគសញ្ញាដូចខាងក្រោម តែមិនមែនជំងឺពកកទាំងអស់សុទ្ធតែបង្កឱ្យមានអាការៈនិងរោគសញ្ញាទេ៖
- ហើម កផ្នែកខាងមុខ និងនៅក្រោមគ្រាប់ពោន
- តឹងក្នុងបំពង់ក
- ក្អក
- មានសំឡេងស្អក
- ពិបាកលេបអាហារ
- ពិបាកដកដង្ហើម
- វិលមុខពេលលើកដៃឡើងខ្ពស់ផុតក្បាល
ជាទូទៅជំងឺពកកកើតឡើងលើស្រ្តីច្រើនជាងបុរស និងកើតលើស្រ្តីដែលមានវ័យចាប់ពី ៤០ ឆ្នាំឡើងទៅ។ ប្រសិនបើដុំពកកតូច នឹងមិនបង្កផលរំខាន គ្រូពេទ្យអាចសម្រេចចិត្តមិនព្យាបាល។ ទោះបីយ៉ាងណាក៏ដោយអ្នកដែលមានជំងឺពកកត្រូវតាមដានស្ថានភាពដុំពកកឱ្យជាប់លាប់។
[embed-health-tool-heart-rate]