គ្នាយើងគ្រប់គ្នាច្បាស់ជាដឹងហើយថា ការហាត់ប្រាណបញ្ចេញញើសនៅក្នុងខ្លួន មានអត្ថប្រយោជន៍ល្អមែនទែនសម្រាប់សុខភាពទូទៅ។ ដូចគ្នានេះដែរ ប្រសិនបើអ្នកជំងឺទឹកនោមផ្អែមអាចហាត់ប្រាណរាល់ថ្ងៃបានទៀងទាត់ នឹងទទួលបានផលល្អច្រើនដល់សុខភាពដូចគ្នា។
វេជ្ជបណ្ឌិត សេង សេរី ឯកទេសផ្នែកជំងឺទឹកនោមផ្អែមឲ្យដឹងថា អ្នកជំងឺទឹកនោមផ្អែម ត្រូវខំបង្កើនសកម្មភាពពលកម្មនៅក្នុងជីវភាពរស់នៅប្រចាំថ្ងៃ និងការកម្សាន្តផ្សេងៗឲ្យបានកាន់តែច្រើន។ ការដែលហាត់ប្រាណជាប្រចាំអាចផ្ដល់ផលប្រយោជន៍ច្រើន ដល់អ្នកជំងឺទឹកនោមផ្អែមបានច្រើន។
- ជួយធ្វើឲ្យអាំងស៊ុយលីនដែលខូចប្រសិទ្ធភាព ដែលកើតមាននៅលើអ្នកទឹកនោមផ្អែមឲ្យមានប្រសិទ្ធភាពឡើងវិញ
– ជួយធ្វើឲ្យអត្រាជាតិស្ករ ជាតិខ្លាញ់ក្នុងឈាម សម្ពាធឈាមថយចុះបានមួយកម្រិត
– ជួយការពារមិនឲ្យមានកំណកខ្លាញ់ក្នុងសរសៃឈាម
– កាត់បន្ថយនូវការប្រើប្រាស់ ថ្នាំជំងឺទឹកនោមផ្អែម ថ្នាំលើសឈាម ថ្នាំលើសជាតិខ្លាញ់
– ទប់ស្កាត់ការឡើងទម្ងន់ចំពោះអ្នកជំងឺទឹកនោមផ្អែម ដែលលើសទម្ងន់ ឬធាត់។
លោកវេជ្ជបណ្ឌិតបន្ថែមថា ក្បួនហាត់ប្រាណដែលល្អបំផុតសម្រាប់អ្នកជំងឺទឹកនោមផ្អែម ហើយមិនបង្កផលប៉ះពាល់ផ្សេងៗគឺការដើរ តែគួរដើរឲ្យបានយ៉ាងតិច៣០នាទី/ថ្ងៃ។ លើសពីនេះ អ្នកជំងឺអាចធ្វើការងារពលកម្មតូចតាចក្នុងផ្ទះខ្លះៗដូចជា បោសផ្ទះ ជូតផ្ទះ ធ្វើការដាំដុះក្នុងសួន ឬចំការ រាំកម្សាន្ត ឡើងជណ្ដើរដោយជើងក្នុងរយៈពេល ១៥ នាទី ជាដើម។
វេជ្ជបណ្ឌិតទឹកនោមផ្អែមរូបនេះ បានបញ្ជាក់ថា ប៉ុន្តែ មុននឹងចាប់ផ្ដើមហាត់ប្រាណជាដំបូង គឺត្រូវទៅពិគ្រោះជាមួយគ្រូពេទ្យជាមុន ព្រោះការហាត់ប្រាណត្រូវមានកម្រិត និងរបៀបរបបដោយយោងទៅតាមសុខភាព អាយុ សភាពជំងឺរបស់បុគ្គលម្នាក់ៗ។
[embed-health-tool-bmi]