ចំពោះអ្នកជំងឺទឹកនោមផ្អែម ត្រូវជ្រើសរើសអាហារឲ្យបានត្រឹមត្រូវ មិនអាចញ៉ាំអាហារដែលមានជាតិស្ករខ្ពស់បានទេ តែសូម្បីអាហារធម្មជាតិយើងខ្លះ ក៏មានផ្ទុកជាតិស្ករច្រើនដែលយើងគួរចាប់អារម្មណ៍ដែរ។ តែកុំបារម្ភ! ខាងក្រោមនេះជាអាហារមានសន្ទស្សន៍ជាតិស្ករទាប និងមានជាតិស្ករខ្ពស់ណែនាំពីអ្នកជំនាញ ។
បើតាមការឲ្យដឹងពីលោកសាស្ត្រាចារ្យវេជ្ជបណ្ឌិត សេង សេរី ឯកទេសជំងឺទឹកនោមផ្អែម បានពន្យល់ឲ្យដឹងថា ចំណីអាហារទាំងអស់ដែលមានជាតិស្ករតិច ឬច្រើន ពេលយើងញ៉ាំចូលទៅ ជាតិស្ករនេះស្រូបចូលទៅក្នុងឈាមយើង មានល្បឿនលឿន ឬយឺត មិនដូចគ្នាទេ។ ដើម្បីកុំឲ្យអត្រាស្ករក្នុងឈាមឡើងខ្ពស់ខ្លាំង អ្នកជំងឺទឹកនោមផ្អែមត្រូវចេះជ្រើសរើស យកចំណីអាហារដែលមានសន្ទស្សន៍ជាតិស្ករទាប ហើយចៀសវាងអាហារដែលមានសន្ទស្សន៍ជាតិស្ករខ្ពស់។
ពពួកអាហារមានសន្ទស្សន៍ជាតិស្ករទាប៖
បន្លែ៖ ផ្កាខាត់ណា ជីវ៉ាន់ស៊ុយ ម្ទេសប្លោក ផ្សិត សណ្ដែកបណ្ដុះ ននោង ម្រះ ឃ្លោក ត្រប់ ស្ពៃស ស្ពៃចង្កឹះ ខ្ទឹមបារាំង ទំពាំង ប៉េងប៉ោះ ស្ពៃក្ដោប មើមឈូក ត្រសក់ ត្រឡាច សណ្ដែកបារាំង ត្រកួន ពោត។
ផ្លែឈើ៖ ប៉ោម សារី ទទឹម ទំពាំងបាយជូរ ស្ត្រប៊ើរ៊ី ល្ហុង ស្វាយ ល្មុត ចេក ទៀបបារាំង ត្រាវ។
ពពួកអាហារមានសន្ទស្សន៍ជាតិស្ករខ្ពស់៖
ផ្លែឈើ៖ ឪឡឹក ម្នាស់ ល្ពៅទុំ ទៀប ខ្នុរ ទុរេន អំពៅ មៀន ការ៉ុតឆ្អិន ដំឡូង ដំឡូងបារាំង។
អាហារផ្សេងៗ៖ នំបុ័ង ដំឡូងបំពង បាយស ទឹកក្រូចគ្រប់ប្រភេទ ស្ករស ទឹកផ្លែឈើ តំណាប់ផ្លែឈើគ្រប់មុខ នំដែលមានជាតិប្រេង ឬខ្លាញ់ ទឹកក្រូចកំប៉ុង។ល។
វេជ្ជបណ្ឌិតរូបនេះ បានបញ្ជាក់ថា ចំពោះក្មេងៗ ឬគ្នាយើងណាដែលចូលចិត្តផឹកភេសជ្ជៈកំប៉ុងគ្មានជាតិស្ករសម្រាប់អ្នកជំងឺទឹកនោមផ្អែមនោះ (diet soda) គួរតែបញ្ឈប់ភ្លាម ព្រោះភេសជ្ជៈកំប៉ុងណាក៏ដោយ សុទ្ធតែអាចឲ្យយើងប្រឈមនឹងការកើតជំងឺទឹកនោមផ្អែមបានប្រហាក់ប្រហែលគ្នា។
ចូលចិត្តព័ត៌មាន “Hello គ្រូពេទ្យ” សូមចូលរួមស្ទង់មតិនៅទីនេះ។ មតិអ្នកទាំងអស់គ្នា ពិតជាតតម្លៃសម្រាប់ “Hello គ្រូពេទ្យ” អាចកែលម្អព័ត៌មានឲ្យកាន់តែប្រសើរ!
ទាក់ទងនឹងអាហារមានជាតិស្ករខ្ពស់ទាបនេះ លោកវេជ្ជបណ្ឌិត បន្តថា អ្នកជំងឺទឹកនោមផ្អែម អាចញ៉ាំអាហារទាំងអស់បាន គ្រាន់តែត្រូវដឹងថា ចំណីអាហារមួយណា ញ៉ាំបានច្រើន ប្រភេទណាញ៉ាំបានតិច និងអាហារណាគួរចៀសវាង កុំញ៉ាំតែម្ដង ទើបអាចជួយដល់សុខភាពបាន។ ម៉្យាងទៀត ការដឹងពីប្រភេទអាហារដែលញ៉ាំបាន ឬមិនបាន ក៏អាចជួយដល់អ្នកជំងឺទឹកនោមផ្អែម៖
– កាត់បន្ថយចំនួនថ្នាំលេប ឬចាក់
– កាត់បន្ថយរោគសញ្ញាផ្សេងៗ
– កាត់បន្ថយផលវិបាកទាំងឡាយដែលបណ្ដាលមកពីអត្រាស្ករក្នុងឈាមឡើងខ្ពស់។
[embed-health-tool-bmi]