backup og meta

ប្រយ័ត្នឲ្យ​មែនទែនស្រីៗ! ទាំងនេះជាសញ្ញា​ជំងឺ​ទឹកនោម​ផ្អែម​គួរតែ​ដឹង

ប្រយ័ត្នឲ្យ​មែនទែនស្រីៗ! ទាំងនេះជាសញ្ញា​ជំងឺ​ទឹកនោម​ផ្អែម​គួរតែ​ដឹង

ត្បិត​ទឹកនោម​ផ្អែម​ប្រភេទទី ​២ អាច​កើតលើមនុស្ស​ប្រុសស្រីក៏​ដោយ ប៉ុន្តែ​រោគ​សញ្ញា​អាការៈ​ជំងឺ ​មាន​សភាព​ខុស​គ្នា​ខ្លះៗ។ ដោយ​សារ​ជំងឺ​ប្រភេទ​នេះ ​កាច​សាហាវ មិន​ទាន់​មាន​ថ្នាំ​ព្យាបាល​ជា​សះស្បើយ​នៅ​ឡើយ “Hello គ្រូពេទ្យ” នឹង​ប្រាប់​ពី​រោគសញ្ញា​ខ្លះៗ​ សម្រាប់​ស្រីៗ​គ្នា​យើង​បាន​ដឹង និង​អាច​បង្ការ ឬ​ព្យាបាល​ទាន់​ពេល។

អ្វី​សំខាន់បំផុត​ គឺការសិក្សា​ថ្មីមួយ បានបង្ហាញ​ពី​ការ​ធ្លាក់​ចុះ​អត្រា​ស្លាប់​របស់​ប្រុសៗ​ដោយសារ​ជំងឺ​ទឹកនោម​ផ្អែម ចន្លោះ​ឆ្នាំ ១៩៧១ ដល់ឆ្នាំ ២០០០ ខណៈ​អត្រា​ស្លាប់​របស់ស្រីៗ​កំពុង​តែ​កើន​ឡើង​ខ្លាំង។ ក្នុងនោះមូលហេុត​ចម្បង​ដោយសារ​កត្តា​មួយ​ចំនួនដូចជា៖

– ទឹក​នោម​ផ្អែម​លើ​ស្រីៗ ពិបាក​ព្យាបាល

– ស្រីៗ​មាន​ជំងឺ​បេះដូង ​ច្រើន​ប្រភេទ​ជាងប្រុសៗ

– កម្រិត​អ័រម៉ូន​ និង​ការ​ឆ្លើយ​តប​នៃ​ប្រព័ន្ធ​ការពារ​ខុស​គ្នា

– ស្រីៗ​មិន​សូវ​ទទួល​​ការ​ព្យាបាល​លើ​កត្តា​ប្រឈម​​ជំងឺ​សរសៃ​ឈាម​បេះដូង និង​បញ្ហា​សុខភាព​ផ្សេងៗ​ពាក់​ព័ន្ធ​ជំងឺ​នេះ។

១- រោគសញ្ញាទឹក​នោម​ផ្អែម​លើ​ស្រីៗ

បើ​សិន​ស្រីៗ​គ្នា​យើង​ មាន​​ទឹក​នោម​ផ្អែម ​អាច​នឹង​មាន​រោគ​សញ្ញា​មួយ​ចំនួន​ដូច​ប្រុសៗ៖

– ឃ្លាន​ខ្លាំង ស្រេក​ទឹក​ជាង​មុន

– នោម​ញឹក

– ស្រក​ ឬ​ឡើង​គីឡូ​គ្មាន​មូល​ហេតុ

– នឿយ​ហត់

– ស្រវាំង​ភ្នែក

– របួស​មិន​ងាយ​ជា

– ចង្អោរ

– ឆាប់​មួម៉ៅ

– បង្ក​រោគ (ដំបៅ) នៅ​ស្បែក

– ដៃ​ជើង​លែង​សូវ​ដឹង​វិញ្ញាណ

– ស្បែក​ខ្មៅ​ជាង​មុន នៅ​តាម​ផ្នត់​ស្បែក

– ដង្ហើម​មាន​ក្លិន​ផ្អែមៗ​ដូច​ផ្លែ​ឈើ ឬ​ក្លិន​អាសេតូន។

រោគសញ្ញាខ្លះមានតែលើស្រីៗ៖

– ឡើង​ផ្សិត​​ក្នុង​មាត់​ និង​ទ្វារ​មាស

– រលាក​ផ្លូវ​ទឹក​នោម

– អសម្ថភាព​ផ្លូវ​ភេទ

– ដុំ​គីស​នៅ​ក្រពេញ​អូវែ (Polycystic ovary syndrome)។

៣- បញ្ហាចំពោះស្រីៗកំពុងមានផ្ទៃពោះ

– ទឹក​នោម​ផ្អែម​ប្រភេទ​១ និង​ ២៖ ទឹក​នោម​ផ្អែម​អាច​​ប៉ះ​ពាល់​ដល់​សុខភាព​ទាំងម៉ាក់ៗ ​និងបេប៊ី (ឆ្លង​ទៅគភ៌ ជាជំងឺ​​ទឹក​នោម​ផ្អែម​ប្រភេទ១)។ ត្រូវ​តាម​ដាន​ជាតិ​ស្ករ​ក្នុង​ឈាមឲ្យ​ទៀង​ទាត់ ទាំង​មុន ​និង​អំឡុង​ពេល​ពពោះ។ ដោយ​សារ​ជាតិ​ស្ករ​ និងអាសេតូន​ អាច​ឆ្លង​តាម​សុក​ ធ្វើឲ្យ​គភ៌​ក្នុងផ្ទៃ​ប្រឈម​ករណី ​រូប​រាង​មិន​ប្រក្រតី ​ពេលណា​​ជាតិ​ស្ករ​ក្នុង​ឈាម​ខ្ពស់​ខ្លាំង។

– ទឹក​នោម​ផ្អែម​ពេល​ពពោះ៖ ក្នុង​ចំណោម​ស្រីៗ​ពពោះ ២០នាក់ មាន​ម្នាក់​កើត​ទឹក​នោម​ផ្អែម ព្រោះ​ការ​ផលិត​អ័រម៉ូន ​អាំងស៊ុយលីន ត្រូវ​រំខាន​ដោយ​សាររាង​កាយកំពុង​ផលិត​អ័រម៉ូន​ច្រើនពេលព​ពោះ​។ ករណី​ខ្លះ រាង​កាយ​ស្រីៗ​មិន​អាច​ផលិត ​អាំងស៊ុយលីន ​គ្រប់​គ្រាន់ ជា​ហេតុ​បណ្ដាល​ឲ្យ​មាន​ជំងឺ​ទឹក​នោម​ផ្អែម​ពេល​ពពោះ។ ធម្មតា​ ជំងឺ​នេះ​នឹង​ជា​បាត់​ទៅ​វិញ​ក្រោយ​ពេល​សម្រាល តែ​វាអាចក្លាយ​ជា​កត្តា​ប្រឈម​ចំពោះ​ម៉ាក់ៗ ​កើត​​ទឹក​នោម​ផ្អែម​ប្រភេទ ​២ ទៅ​ថ្ងៃ​មុខ។

៤- កត្តាប្រឈម

កត្តា​ប្រឈម​​នាំ​ឲ្យស្រី​កើត​​ទឹក​នោម​ផ្អែម​ប្រភេទ​២ ​រួម​មាន៖

– អាយុ​លើស​ ៤៥ ឆ្នាំ

– លើស​គីឡូ ​ឬ​ធាត់​ខ្លាំង

– ​ប្រវត្តិ​គ្រួសារ​មាន​កើត​ជំងឺ​នេះ (ឪពុក​ម្តាយ ឬ​បង​ប្អូន)

– មានបេ៊បី ​ទម្ងន់​លើស​ ៤ គីឡូ​ក្រាម

– មាន​ជំងឺ​ទឹក​នោម​ផ្អែម​ពេល​ពពោះ

– លើស​សម្ពាធ​ឈាម

– លើស​ជាតិ​ខ្លាញ់​ (កូលេស្តេរ៉ូល)

– ហាត់​ប្រាណ​តិច​ជាង ៣ ដង​ក្នុង​មួយ​សប្តាហ៍

– មាន​ប្រវត្តិ​កើត​ជំងឺ​បេះដូង​ ឬ​ដាច់​សរសៃ​ឈាម​ខួរ​ក្បាល

– មាន​បញ្ហា​សុខភាព​ផ្សេងៗ​ពាក់ព័ន្ធ​​អ័រ​ម៉ូន​ អាំងស៊ុយលីន​ ដូច​ជា ដុំ​គីស​នៅ​ក្រពេញ​អូវែ (Polycystic ovary syndrome)។

៥- វិធីគ្រប់គ្រង

គ្រប់​គ្រង​ជំងឺ​ទឹក​នោម​ផ្អែម​ និង​ជាតិ​ស្ករ​ក្នុង​ឈាម​សម្រាប់​ស្ត្រី​ អាច​ពិបាក​បន្តិច​ ដោយ​សារ៖

– ថ្នាំ​ពន្យារ​កំណើត​ខ្លះ​ អាច​ធ្វើឲ្យ​ជាតិ​ស្ករ​ក្នុង​ឈាម​កើន​ឡើង

– ជាតិ​ស្ករ​ក្នុង​ឈាម​ អាចបណ្តាល​ឲ្យ​កើត​រោគ​ផ្សិត

– បម្រែបម្រួល​​អ័រម៉ូន ដែលពាក់ព័ន្ធនឹង​វដ្ដ​រដូវ ការសម្រាលកូន និង​អស់​រដូវ ធ្វើ​ឲ្យ​ពិបាក​គ្រប់​គ្រង​កម្រិត​ជាតិ​ស្ករ​​ត្រឹម​ត្រូវ។

យ៉ាង​ណា យើង​អាច​ការ​ពារ​ជំងឺ​នេះ ​ចៀស​​ផុត​ពី​ផល​លំបាក និង​គ្រប់​គ្រង​រោគ​សញ្ញា​បាន​តាម​ជំហាន​ដូច​ខាង​ក្រោម៖

– សម្រក​ទម្ងន់​និង​ហាត់​ប្រាណ៖ បង្ការ​ទឹកនោម​ផ្អែម​ដោយ​សម្រក​ទម្ងន់​ពី ៥-៧ ភាគរយ តាម​រយៈ​ការ​​ប្តូរ​របប​អាហារ ​និង​ហាត់​ប្រាណ​ទៀង​ទាត់។

– ឈប់​ជក់​បារី៖ ជក់​បារី ធ្វើ​ឲ្យ​យើង​ងាយ​រង​ផល​លំបាក​ដោយ​សារ​ទឹក​នោម​ផ្អែម ដូច​ជា ជំងឺ​តម្រង​នោម ប្រព័ន្ធ​ប្រសាទ និង​បញ្ហា​នៅលើ​ជើង។

– ការពារ​ខ្លួន​ពី​ផល​វិបាក​នៃ​ជំងឺ៖ ធ្វើ​តាម​ដំបូន្មាន​គ្រូពេទ្យ តាមដាន​ជាតិ​ស្ករ​ក្នុង​ឈាម​ រក្សា​សម្ពាធ​ឈាម ​និង​ជាតិ​ខ្លាញ់​ក្នុង​ឈាម​ឲ្យ​បាន​ល្អ។

– យល់​ដឹង​ពី​សញ្ញា​ផល​វិបាក​នៃ​ជំងឺ៖ ប្រាប់ទៅ​គ្រូពេទ្យ​ភ្លាម បើ​សិន​​ធ្លាប់​មាន​សញ្ញា​ណា​មួយ​លើ​សុខភាព​យើង​ ដូច​ជា គាំង​បេះ​ដូង ដាច់​សរសៃ​ឈាម​ខួរ​ក្បាល និង​ឈាម​ប្រែ​ជា​អាស៊ីដ​ដោយ​សារសេតូន (Diabetic ketoacidosis)។

ស្គាល់​ពី​សញ្ញា​​​ទឹក​នោម​ផ្អែម​ ពិសេស​សញ្ញា​មាន​លើស្រីៗ ​ជា​គន្លឹះពិសេស​ប្រយុទ្ធ​ប្រឆាំង​ជំងឺ។ ទោះ​បី​អត្រាស្រីៗ​​ស្លាប់​ដោយ​សារ​​ទឹក​នោម​ផ្អែម​មិន​ទាន់​ចុះ​ថយ​ក៏​ពិត​មែន ប៉ុន្តែ​យល់​ដឹង​ និង​គ្រប់​គ្រង​រោគ​សញ្ញា​ រួម​នឹង​ផល​វិបាក​ ​អាច​ជួយឲ្យយើង​រស់​នៅ​ប្រកប​ដោយ​ផា​សុកភាព។

ក្នុង​ករណី​មាន​សំណួរ ឬ​មន្ទិលសង្ស័យ​ជុំវិញ​សុខភាព​អ្នក ជម្រើស​ល្អ​បំផុត​ សូម​ពិគ្រោះ និង​ប្រឹក្សា​យោបល់​ផ្ទាល់​ជាមួយ​ពេទ្យ​ជំនាញ។ Hello Health Group មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគ​វិនិច្ឆ័យ ឬ​​ព្យាបាល​ជូន​ទេ៕

[embed-health-tool-bmi]

បដិសេធ

Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

Mortality trends in men and women with diabetes, 1971 to 2000. Annals of Internal Medicine, 147(3), 149-155.  http://annals.org/article.aspx?articleid=735918. Accessed December 13, 2016.

Prevent diabetes. http://www.cdc.gov/diabetes/consumer/prevent.htm. Accessed December 13, 2016.

Women and diabetes. https://diabetesatwork.org/_files/learn_more/women_and_diabetes.pdf. Accessed December 13, 2016.

កំណែ​ប្រែបច្ចុប្បន្ន

15/11/2019

អត្ថបទ​ដោយ Chamnan Amrith

ត្រួតពិនិត្យដោយ គឹម កាណែល

បច្ចុប្បន្នភាពដោយ៖ សន សុភា


អត្ថបទពាក់ព័ន្ធ

យ៉ាងហោចណាស់កុមារកម្ពុជាជិត៧០០នាក់ រកឃើញថា កើតជំងឺទឹកនោមផ្អែមប្រភេទ១

បើម៉ាក់កើតទឺកនោមផ្អែមពេលពពោះ កូនអាចមានហានិភ័យខ្ពស់កើតជំងឺនេះដែរ


ត្រួតពិនិត្យដោយ

គឹម កាណែល


អត្ថបទ​ដោយ Chamnan Amrith · កែ Nov 15, 2019

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម

តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម