ការធ្វើតេស្តតាមដានស្ថានភាពជំងឺទឹកនោមផ្អែមនៅផ្ទះជារឿងសំខាន់សម្រាប់ផែនការនៃការថែទាំជំងឺ។ អ្នកអាចវាស់កម្រិតជាតិស្ករនៅផ្ទះឬកន្លែងធ្វើការដោយបន្តក់ឈាមតែមួយតំណក់លើឧបករណ៍អេឡិចត្រូនិកតែប៉ុណ្ណោះ។ ការវាស់នេះអាចជួយការពារផលលំបាកនៃជំងឺទឹកនោមផ្អែមនៅថ្ងៃមុខបាន។
#តេស្តតាមដានជំងឺទឹកនោមផ្អែមនៅផ្ទះជាអ្វី?
ការទៅពិនិត្យតាមដានជាតិស្ករនៅមន្ទីរពេទ្យត្រូវចំណាយពេលយូរណាស់ ធ្វើដំណើរផង ចាំលេខរៀងចូលពិគ្រោះផង។ ឥលូវនេះអ្នកអាចជ្រើសយកការពិនិត្យតាមដានដោយខ្លួនឯងបានដោយឧបករណ៍នៅផ្ទះដូចជា៖ តេស្តមើលជាតិស្ករក្នុងឈាម ក្នុងទឹកនោម ឬសូម្បីតែហេម៉ូក្លូប៊ីន A1C ក៏មានដែរ។
#តេស្តឈាម
ឧបករណ៍វាស់កម្រិតជាតិស្ករក្នុងឈាមជាឧបករណ៍ដែលពេញនិយមអាចអោយអ្នកវាស់ជាតិស្ករនៅផ្ទះដោយខ្លួនឯងបាន។ ជាតិស្ករធម្មតាសម្រាប់មនុស្សទូទៅគឺចន្លោះពី ៧០មីលីក្រាមក្នុងមួយដេស៊ីលីត្រ ទៅ ១០០មីលីក្រាមក្នុងមួយដេស៊ីលីត្រ (mg/dL)។ កម្រិតជាតិស្ករក្នុងឈាមពេលមិនទាន់ញ៉ាំអីរយៈពេល៨ម៉ោង (fasting blood glucose) ច្រើនវាស់នៅពេលព្រឹក ហើយត្រូវតិចជាង ១០០មីលីក្រាមក្នុងមួយដេស៊ីលីត្រ (mg/dL)។ កម្រិតជាតិស្ករក្នុងឈាមទាបគឺនៅពេលដែលវាតិចជាង ៧០មីលីក្រាមក្នុងមួយដេស៊ីលីត្រ (mg/dL)។
បើសិនជាកម្រិតជាតិស្ករក្នុងឈាមពេលមិនទាន់ញ៉ាំអីនៅចន្លោះពី ១០០ ទៅ ១២៥ មីលីក្រាមក្នុងមួយដេស៊ីលីត្រ (mg/dL) នោះមានន័យថាអ្នកស្ថិតក្នុងតំណាក់កាលត្រៀមកើតជំងឺទឹកនោមផ្អែមហើយ។ ហើយបើលើសពី ១២៥មីលីក្រាមក្នុងមួយដេស៊ីលីត្រ (mg/dL) បានន័យថាអ្នកកើតជំងឺទឹកនោមផ្អែមហើយ។
ការគ្រប់គ្រងកម្រិតជាតិស្ករក្នុងឈាមបានល្អមិនត្រឹមតែជួយគ្រប់គ្រងស្ថានភាពជំងឺអ្នកបានទេ ថែមទាំងការពារផលពីលំបាកផ្សេងទៀតទៅថ្ងៃក្រោយដូចជា៖ ជំងឺភ្នែក ជំងឺតម្រងនោម ជាពិសេសការខូចប្រព័ន្ធប្រាសាទ។
#តេស្តទឹកនោម
តេស្តទឹកនោមអាចធ្វើទៅបានដោយប្រើឧបករណ៍ពិនិត្យនៅផ្ទះដោយខ្លួនឯងនិងសំណាកទឹកនោមរបស់អ្នកជំងឺ។ ចំពោះអ្នកជំងឺទឹកនោមផ្អែម តេស្តទឹកនោមនេះប្រើដើម្បីរកមើលសារធាតុសេតូន (ketone) ឬអាល់ប៊ុយមីន។ សារធាតុស្ករក្នុងទឹកនោមក៏អាចវាស់បានដោយឧបករណ៍នេះផងដែរ តែមិនសូវជាមានប្រយោជន៍ដូចជាតិស្ករក្នុងឈាម សម្រាប់ការធ្វើរោគវិនិច្ឆ័យនិងពិនិត្យតាមដានជំងឺទឹកនោមផ្អែមនោះទេ។
#តេស្ត A1C
ហេម៉ូក្លូប៊ីន A1C ជាតេស្តដែលទើបនឹងរកឃើញថ្មីៗនេះទេ តែមានភាពច្បាស់លាស់ល្អណាស់។ វាអោយយើងដឹងពីកម្រិតជាតិស្ករជាមធ្យមក្នុងកំឡុងពេល ៣ ខែចុងក្រោយក្នុងឈាមរបស់អ្នក ឯជាតិស្ករក្នុងទឹកនោមវិញអោយយើងដឹងតែពេលថ្មីៗនេះតែប៉ុណ្ណោះ។ អ្នកត្រូវបន្តក់ឈាមប៉ុនចុងម្ចុលទៅលើម៉ាស៊ីននោះដើម្បីធ្វើការវាស់ជាតិស្ករ។ គ្រូពេទ្យបានណែនាំថាតេស្តនេះគួរតែធ្វើចំពោះអ្នកដែលបានធ្វើរោគវិនិច្ឆ័យថាមានជំងឺទឹកនោមផ្អែមតែប៉ុណ្ណោះ។
កម្រិតធម្មតាសម្រាប់មនុស្សទូទៅគឺចន្លោះពី ៤% ទៅ ៦%។ សម្រាប់អ្នកត្រៀមកើតជំងឺទឹកនោមផ្អែមគឺចន្លោះពី ៥,៧% ទៅ ៦,៤% ហើយអ្នកជំងឺទឹកនោមផ្អែមវិញគឺចាប់ពី ៦,៥% ឡើងទៅ។ សមាគមន៍អ្នកជំងឺទឹកនោមផ្អែមអាមេរិក (ADA) បានណែនាំថាអ្នកជំងឺទឹកនោមផ្អែមគួររក្សាកម្រិតហេម៉ូក្លូប៊ីន A1C អោយនៅក្រោម ៧% ដើម្បីការពារផលលំបាកទៅថ្ងៃក្រោយនៃជំងឺនេះ។
ក្នុងករណីមានសំណួរ ឬមន្ទិលសង្ស័យជុំវិញសុខភាពអ្នក ជម្រើសល្អបំផុត សូមពិគ្រោះ និងប្រឹក្សាយោបល់ផ្ទាល់ជាមួយគ្រូពេទ្យជំនាញ។
Hello Health Group មិនចេញ វេជ្ជបញ្ជា មិនធ្វើរោគវិនិច្ឆ័យ ឬការព្យាបាលជូនទេ៕
[embed-health-tool-bmi]