backup og meta

ថែខ្លួនបាន​ល្អ ផលវិបាកជំងឺទឹកនោមផ្អែមលើសរីរាង្គក៏កាត់បន្ថយ

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ គឹម កាណែល · កែ Aug 16, 2021

    ថែខ្លួនបាន​ល្អ ផលវិបាកជំងឺទឹកនោមផ្អែមលើសរីរាង្គក៏កាត់បន្ថយ

    អ្នក​ជំងឺ​ទឹក​នោម​ផ្អែម អាច​គ្រប់​គ្រង​កម្រិត​ជាតិ​ស្ករ​ក្នុង​ឈាម​បាន​ដោយ​ប្រើ​ថ្នាំ ប៉ុន្តែ​ផលវិបាក​ដែល​ខ្លាំង​អាច​កើន​ឡើង​ទោះ​បី​ជា​អ្នក​ជំងឺ​ព្យាយាម​ប្រុង​ប្រយ័ត្ន​យ៉ាង​ណា​ក៏​ដោយ។ ជំងឺ​ទឹក​នោម​ផ្អែម​អាច​ធ្វើ​ឲ្យ​ប៉ះ​ពាល់​សរីរាង្គ​ជា​ច្រើន​របស់​រាងកាយ ដូច​ជា បេះដូង សរសៃ​ឈាម​បេះដូង ភ្នែក តម្រង​នោម សរសៃ​ប្រសាទ និង​ធ្មេញ។

    គេ​ចែក​ផល​វិបាក​របស់​ជំងឺ​ទឹក​នោម​ផ្អែម​ជា​ពីរគឺ ស្រួច​ស្រាល់ និង​រ៉ាំ​រ៉ៃ។ ផលវិបាក​ស្រួច​ស្រាល់​ ដូច​ជា​ជាតិ​ស្ករ​ក្នុង​ឈាម​ចុះ​ទាប និង​កើន​ឡើង​ជាតិ​កេតូន​នៅ​ក្នុង​ឈាម (Ketoacidosis) ជាដើម ដែលនេះ​គឺ​ត្រូវ​ការ​ការ​សង្គ្រោះ​ថែទាំ​បន្ទាន់។ ប្រសិន​បើ​មិន​ព្យាបាល បញ្ហា​ទាំង​នេះ​អាច​បណ្ដាល​ឲ្យ​សន្លប់ ប្រកាច់ និង​ស្លាប់។ ផលវិបាក​រ៉ាំ​រ៉ៃ អាច​កើត​មាន​នៅ​លើ​ភ្នែក តម្រង​នោម សរសៃ​ប្រសាទ បេះដូង​ និង​សរសៃ​ឈាម។

    ១- ភ្នែក

    ទឹក​នោម​ផ្អែម​អាច​ធ្វើ​ឲ្យ​ខូច​សរសៃ​ឈាម​នៅ​ក្នុង​ភ្នែក និង​​នាំ​ឲ្យ​មាន​បញ្ហា​ភ្នែក ហើយ​មាន​អ្នក​ជំងឺ​ខ្លះ​អាច​ឈាន​ដល់​ពិការ​ភ្នែក បើ​មិន​ព្យាបាល​ត្រឹម​ត្រូវ។ បញ្ហា​ភ្នែកទាំង​នោះ​មាន​​ដូច​ជា  ទឹក​ដក់​បាត​ភ្នែក (Glaucoma) កាតារ៉ាក់ (Cataracts) និង​ជំងឺ​លើ​ស្រទាប់​​រ៉េទីន ដោយ​បញ្ហា​ទឹក​នោម​ផ្អែម​ជាដើម​។ ជំងឺ​លើ​ស្រទាប់​រ៉េទីន​ដោយ​សា​បញ្ហា​ទឹក​នោម​ផ្អែម គឺ​ជា​បញ្ហា​ទាំង​ឡាយ​ណា​ដែល​​កើត​លើ​ស្រទាប់​រ៉េទីន ដែល​បណ្ដាល​មក​ពី​ជំងឺ​ទឹក​នោម​ផ្អែម។ ក្នុង​ដំណាក់​កាល​ដំបូង សរសៃ​ឈាម​តូច​ៗ​នៅ​ក្រោយ​ភ្នែក​នឹង​រីក​ធំ ហើយ​ប៉ោង បន្ទាប់​មក​វា​នឹង​រីក​ធំ​ទៅ​ៗ។ បញ្ហា​ទាំង​នេះ​នាំ​ឲ្យ​ហើម ហូរ​ឈាម និង​បាត់​បង់​ការ​មើល​ឃើញ​ទាំង​ស្រុង។

    ជា​ការ​ល្អ​ប្រសិន​បើ​អ្នកជំងឺ​​ទឹក​នោម​ផ្អែម​ទៅ​ពិនិត្យ​មើល​ភ្នែក​ជា​ទៀង​ទាត់​ និង​ព្យាបាល​ឲ្យ​ទាន់​ពេល​នៅ​បញ្ហា​ភ្នែក​ទាំង​នេះ អាច​ការពារ​អ្នក​ជំងឺ​ទឹក​នោម​ផ្អែម​មិន​ឲ្យ​ពិការ​ភ្នែក​ដោយ​សារ​ជំងឺទឹន​នោម​ផ្អែម​បាន​រហូត​ដល់​ទៅ ៩០%។

    អត្ថបទពាក់ព័ន្ធ:

    ២- តម្រង​នោម

    មុខ​នាទី​តម្រង​នោម គឺ​ច្រោះ​សំណល់​ផ្សេង​ៗ​ចេញ​ពី​ឈាម ហើយ​មុខងារ​នេះ​អាច​នឹង​ខូច​ដោយ​សារ​ជំងឺ​ទឹក​នោម​ផ្អែម។ កម្រិត​ជាតិ​​ស្ករ​​ក្នុង​ឈាម​ខ្ពស់ អាច​ធ្វើ​ឲ្យ​សារធាតុ​ដទៃ​ទៀត​ដូច​ជា​ប្រូតេអ៊ីន ​មិន​ច្រោះ​ចេញ​តាម​ទឹក​នោម​​ចេញ​មក​ក្រៅ​បាន​។ អ្នក​ជំងឺ​ទឹក​នោម​ផ្អែម​ដែល​មាន​ជំងឺ​តម្រង​នោម​អាច​នឹង​មិន​មាន​រោគ​សញ្ញា​អ្វី​ទេ​នៅ​ដំណាក់​កាល​ដំបូងៗ។ នៅ​ដំណាក់​កាល​បន្ទាប់ ជំងឺ​នេះ​​អាច​ធ្វើ​ឲ្យ​ហើម​ជើង ហើយ​បើ​មិន​ធ្វើ​រោគ​វិនិច្ឆ័យ និង​ព្យាបាល​ទាន់​ពេល​ទេ បញ្ហា​​តម្រង​នោម​បង្ក​ដោយ​ជំងឺ​ទឹក​នោម​ផ្អែម​​អាច​នឹង​ឈាន​ដល់​ការ​លាង​ឈាម។ អ្វី​ដែល​ល្អ​​នោះ​​គឺ​​ថា​ថ្នាំ​បញ្ចុះ​សម្ពាធ​ឈាម អាច​​ធ្វើ​ឲ្យ​កាត់​បន្ថយ​គ្រោះ​ថ្នាក់​នៃ​បញ្ហា​ខ្សោយ​​​​តម្រង​នោម​ដល់​ទៅ​៣៣%។​

    អ្នកជំងឺទឹកនោមផ្អែមងាយខូចតម្រងនោម

    ៣- បេះ​ដូង​និង​សរសៃ​ឈាម​

    កម្រិត​​ជាតិ​ស្ករ​ក្នុង​ឈាម​ខ្ពស់ អាច​ធ្វើ​ឲ្យ​ខូច​សរសៃ​ឈាម​ដែល​បញ្ហា​នេះ​អាច​ធ្វើ​ឲ្យ​ខូច​ដល់​ចរន្ត​ឈាម និង​បង្កើន​គ្រោះ​ថ្នាក់​នៃ​ជំងឺ​សរសៃ​ឈាម​បេះដូង​ធ្ងន់​ធ្ងរ ដូច​ជា គាំង​បេះដូង និង​ដាច់​សរសៃ​ឈាម​ខួរ​ក្បាល។ សរសៃ​ឈាម​ដែល​ខូច​ដោយ​សារ​ជំងឺ​ទឹក​នោម​​ផ្អែម អាច​បណ្ដាល​ឲ្យ​ជើង​មាន​បញ្ហា​ដែល​អាច​ឈាន​ដល់​ការ​កាត់​ចោល។

    រោគ​សញ្ញានៃបញ្ហា​នេះ​ អ្នក​ជំងឺ​អាច​នឹង​មិន​ចាប់អារម្មណ៍ ឬពុំមាន​​សញ្ញា​ព្រមាន​អ្វី​ឡើយ រហូត​ដល់ពួក​គេ​គាំង​បេះដូង ឬ​ដាច់​សរសៃ​ឈាម​ខួរ​ក្បាល។ បញ្ហា​សរសៃ​ឈាមនៅ​ផ្នែក​ជើង អាច​បណ្ដាល​ឲ្យ​រមួល​ក្រពើ ស្ពឹក​លែង​មាន​អារម្មណ៍ និង​ប្រែ​ប្រួល​ពណ៌។

    ទោះ​យ៉ាង​នេះ​ក្ដី អ្នក​ជំងឺ​អាច​ចៀស​វាង​ឬ​អាច​បញ្ឈប់​បញ្ហា​ទាំង​នេះ​កុំ​ឲ្យ​កាន់​តែ​ធ្ងន់ធ្ងរ​ ដោយ​គ្រប់​គ្រង​កម្រិត​បរិមាណ​ជាតិ​ស្ករ​ក្នុង​ឈាម​ឲ្យ​ថេរ​ក្នុង​កម្រិត​ធម្មតា។

    ៤- សរសៃ​ប្រសាទ

    កម្រិត​ជាតិ​ស្ករ​ក្នុង​ឈាម​ខ្ពស់ ក្នុង​រយៈពេល​យូរ​អាច​ធ្វើ​ឲ្យ​ខូច​សរសៃ​ប្រសាទ។ ជំងឺ​លើ​សរសៃ​ប្រសាទ​ដោយ​សារ​ជំងឺ​ទឹក​នោម​ផ្អែម (Peripheral diabetic neuropathy) អាច​បង្ក​ជា​ការ​ឈឺ​ចាប់ ក្រហាយ ស្ពឹក​ចាក់​ៗ ឬ​លែង​មាន​អារម្មណ៍​នៅ​ជើង ហើយ​ជាទូទៅ​ចាប់​ផ្ដើម​ចេញ​ពី​ម្រាម​ជើង ដៃ និង​ផ្នែក​ផ្សេង​ទៀត​របស់​រាង​កាយ។ ជំងឺ​ទឹក​នោម​ផ្អែម​អាច​ធ្វើ​ឲ្យ​ខូច​សរសៃ​ប្រសាទ​ដែល​គ្រប់​គ្រង​លើ​សរីរាង្គ​ខាង​ក្នុង។ បញ្ហា​នេះ​អាច​ធ្វើ​ឲ្យ​មាន​បញ្ហា​រំលាយ​អាហារ បញ្ហា​ផ្លូវ​ភេទ វិល​មុខ ឬ​សន្លប់។

    បញ្ហា​ទាំង​អស់​នេះ មាន​ជំរើស​ជា​ច្រើន​ក្នុង​ការ​ព្យាបាល។ គ្រូពេទ្យ​អាច​នឹង​ចេញ​វេជ្ជបញ្ជា​ឲ្យ​ប្រើថ្នាំ​ប្រឆាំង​ជំងឺ​ធ្លាក់​ទឹក​ចិត្ត ឬ​ថ្នាំ​ដែល​អាច​ជ្រាប​តាម​ស្បែក​បាន​ដូច​ជា​ក្រែម ឬ​កៅអៀក​បិទ។ គ្រូពេទ្យ​​អាច​នឹង​ណែនាំ​ឧបករណ៍ ដែល​ជួយ​រំញោច​សរសៃ​ប្រសាទ​មួយ​ហៅ​ថា TENS (Transcutaneous electrical nerve stimulation) ផង​ដែរ។

    បដិសេធ

    Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

    ត្រួតពិនិត្យដោយ

    វេជ្ជ. ចាន់ ស៊ីណេត

    · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


    អត្ថបទ​ដោយ គឹម កាណែល · កែ Aug 16, 2021

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម

    តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម
    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម