ការសិក្សាកន្លងមកបានរកឃើញថាអ្នកប្រកបរបរបើកបររថយន្តដឹកទំនិញធំៗមានហានិភ័យកើតជំងឺមហារីកក្រពេញប្រូស្តាតខ្ពស់ និងគ្រោះថ្នាក់ជាងអ្នកប្រកបរបរផ្សេងមួយចំនួនទៀត។
១. តើបញ្ហានេះកើតឡើងបានយ៉ាងម៉េច?
មហារីកក្រពេញប្រូស្តាតជាជំងឺមហារីកទូទៅមួយដែលកើតមានលើបុរស ហើយភាគច្រើនមិនបង្កជាបញ្ហាគ្រោះថ្នាក់ដល់ជីវិតនោះទេ។ វិទ្យាស្ថានជាតិជំងឺមហារីករបស់សហរដ្ឋអាមេរិកបានលើកឡើងថា មនុស្សយើងមួយចំនួន ឬអ្នកជំងឺមួយចំនួនទោះបីជាមិនធ្លាប់ព្យាបាលបញ្ហាដុំសាច់កន្លងមកក៏ដោយ ភាគច្រើនមិនស្លាប់ដោយសារជំងឺមហារីកក្រពេញប្រូស្តាតនោះទេ តែស្លាប់ដោយកត្តាពាក់ព័ន្ធផ្សេងទៀត។
ដោយសារតែមូលហេតុនេះហើយបានជាក្រុមអ្នកស្រាវជ្រាវចាប់ផ្ដើមរកមូលហេតុធ្វើឲ្យជំងឺមហារីកក្រពេញប្រូស្តាតទៅជាធ្ងន់ធ្ងរ និងអាចសម្លាប់អ្នកជំងឺបាន។ អ្នកស្រាវជ្រាវបានសិក្សាលើអ្នកបើកបររថយន្តដឹកទំនិញធំៗ ដែលបានចំណាយពេលច្រើនម៉ោងអង្គុយក្នុងរថយន្ត។ ការសិក្សាបញ្ជាក់ថាអ្នកដែលធ្វើការណាដែលបង្កឲ្យរាងកាយរង្គើ ឬមានរំញ័រយូរម៉ោងក្នុងមួយថ្ងៃៗ អាចបង្កើនលទ្ធភាពភាពកើតជំងឺមហារីកក្រពេញប្រូស្តាត។ ទោះបីជាមូលហេតុនៅមិនទាន់ដឹងច្បាស់លាស់ តែក្រុមអ្នកស្រាវជ្រាវជឿថាអាចមកពីរំញ័រដងខ្លួនជំរុញឲ្យមានការបង្កើតអ័រម៉ូនតេស្តូស្តេរ៉ូនកាន់តែច្រើន ដែលអ័រម៉ូប្រភេទនេះជាកត្តាប្រឈមមួយក្នុងការកើតមានជំងឺមហារីកក្រពេញប្រូស្តាត។
ការសិក្សាផ្សេងទៀតបានបង្ហាញដែរថា រំញ័រដងខ្លួនក៏អាចនាំឲ្យមានការរលាកក្រពេញប្រូស្តាតរដែរ ដែលការរលាកនេះមានទំនាក់ទំនងនឹងជំងឺមហារីកក្រពេញប្រូស្តាត។ នេះតាមសមាគមជំងឺមហារីកអាមេរិក។ ការសិក្សាមួយចំនួនបានរកឃើញដូចគ្នាថាអ្នកបើកបររថយន្តដឹកទំនិញធំៗ និងមានរំញ័រខ្លួនខ្លាំងមានឱកាសកើតជំងឺមហារីកក្រពេញប្រូស្តាតធ្ងន់ធ្ងរបួនដងខ្ពស់ជាងអ្នកមិនប្រកបរបបដែលធ្វើឲ្យរាងកាយមានរំញ័រ។
ដូចគ្នាដែរ អ្នកបើកបររថយន្តដឹកទំនិញធំក៏ប្រឈមនឹងបញ្ហាដូចជាសម្ពាធឈាមខ្ពស់ និងធាត់ផងដែរ ដោយហេតុថាអ្នកទាំងនោះចំណាយពេលច្រើនម៉ោងអង្គុយក្នុងរថយន្ត និងមិនសូវបានបញ្ចេញកម្លាំងពលកម្ម ឬហាត់ប្រាណ។ តាមការណែនាំមនុស្សយើងគួរហាត់ប្រាណយ៉ាងហោចណាស់៣០នាទីក្នុងមួយថ្ងៃ និងប្រាំថ្ងៃក្នុងមួយសប្ដាហ៍។
២. គួរដោះស្រាយបែបណា?
ដើម្បីកាត់បន្ថយហានិភ័យប្រឈមនេះ អ្នកបើកបររថយន្តដឹកទំនិញធំៗ និងផ្លូវឆ្ងាយ គួរមានរបបអាហារសម្បូរដោយបន្លែបៃតង ផ្លែឈើ ត្រី និងគ្រាប់ធញ្ញជាតិ។ ជាពិសេសត្រូវឈប់ជក់បារី ឬចៀសវាងពីការស្រួបផ្សេងបារី។
ដូចគ្នាដែរ ក្នុងការធ្វើដំណើរផ្លូវឆ្ងាយ អ្នកបើកបរគួរឈប់សម្រាកបានញឹកញាប់បន្តិច ដើម្បីបានពត់ពែនខ្លួន និងដើរចុះឡើងខ្លះៗ។ មួយវិញទៀត គួររៀបចំពេលវេលាគេងឲ្យបានពីប្រាំពីរម៉ោងក្នុងមួយយប់ ឬច្រើនជាងនេះ។ ការធ្វើដូចនេះ នឹងរួមចំណែកក្នុងការកាត់បន្ថយហានិភ័យជំងឺមហារីក។
[embed-health-tool-bmi]