ជំងឺមហារីកឈាម កើតឡើងនៅក្នុងខួរឆ្អឹង ដែលជាកន្លែងផលិតឈាម។ មហារីកឈាមកើតឡើងនៅពេលកោសិកាឈាមខុសប្រក្រតីចាប់ផ្ដើមលូតលាស់មិនអាចគ្រប់គ្រងបាន និងរំខានដល់ដំណើរការជាប្រក្រតីរបស់កោសិកាឈាមធម្មតា។ កោសិកាឈាមមានតួនាទីប្រឆាំងនឹងការឆ្លងរោគ និងផលិតកោសិកាឈាមថ្មីៗបន្ថែមទៀត។
១. ប្រភេទជំងឺមហារីកឈាម
ជំងឺមហារីកឈាមមានប្រភេទដូចជា៖
មហារីកឈាមស(Leukemia)៖ ជាជំងឺមហារីកឈាមដែលកើតចេញពីឈាម និងខួរឆ្អឹង វាកើតឡើងពេលរាងកាយបង្កើតកោសិកាឈាមសខុសប្រក្រតីច្រើនពេក និងរំខានដល់លទ្ធភាពរបស់ខួរឆ្អឹងក្នុងការផលិតកោសិកាឈាមក្រហម និងផ្លាកែត។
ជំងឺមហារីកកូនកណ្តុរ(Non-Hodgkin lymphoma)៖ ជាប្រភេទជំងឺមហារីកឈាមដែលកើតក្នុងប្រព័ន្ធទឹករងៃបង្កឡើងដោយកោសិកាឈ្មោះថាឡាំផូស៊ីត(lymphocytes)។ ឡាំផូស៊ីត ជាប្រភេទកោសិកាឈាមស ដែលជួយរាងកាយប្រឆាំងនឹងការឆ្លងមេរោគ។
Hodgkin lymphoma ៖ ជាជំងឺមហារីកឈាមដែលកើតនៅក្នុងប្រព័ន្ធទឹករងៃ បង្កឡើងដោយកោសិកាឈ្មោះឡាំផូស៊ីត។ ជំងឺមហារីកHodgkin lymphoma ត្រូវបានកំណត់ថាមានវត្តមានរបស់កោសិកាឡាំផូស៊ីតមិនប្រក្រតី ដែលគេហៅថាកោសិកាReed-Sternberg ។
Multiple myeloma៖ គឺជាជំងឺ មហារីកឈាមផ្ដើមចេញពីកោសិកាឈាមផ្លាស្មា។ ផ្លាស្មា ជាប្រភេទកោសិកាឈាមស ដែលផលិតឡើងនៅក្នុងខួរឆ្អឹង។
២. រោគសញ្ញាជំងឺមហារីកឈាម និងខួរឆ្អឹង
រោគសញ្ញាទូទៅមួយចំនួនរបស់ជំងឺមហារីកឈាម និងខួរឆ្អឹងរួមមាន ក្ដៅខ្លួន គ្រុនរងា អស់កម្លាំង ខ្សោយ ចង្អោរ មិនឃ្លានអាហារ បែកញើសពេលយប់ ស្រកទម្ងន់មិនដឹងមូលហេតុ ឈឺសន្លាក់ ឧស្សាហ៍ឆ្លងរោគ ហត់ រមាស់ស្បែក និងហើមកូនកណ្ដុរ ជាដើម។
សម្រាប់ការព្យាបាលជំងឺមហារីកឈាមអាចធ្វើតាមវិធីច្រើនយ៉ាងដូចជាប្រើគីមី វិទ្យុសកម្ម និងការវះកាត់ ជាដើម។ វិធីព្យាបាលណាមួយអាចធ្វើទៅបានអាស្រ័យលើប្រភេទនៃជំងឺមហារីកឈាម អាយុអ្នកជំងឺ មហារីកលូតលាស់លឿនកម្រិតណា និងថាតើមហារីកបានរាលដាលដល់សរីរាង្គផ្សេងទៀតឬយ៉ាងណា។
៣. វិធីការពារជំងឺមហារីកឈាម
អ្នកវិទ្យាសាស្ត្រនៅមិនទានប្រាកដទេថាជំងឺមហារីកឈាមបង្កឡើងដោយអ្វីនោះ ប៉ុន្តែអ្នកវិទ្យាសាស្រ្តបានដឹងថាកត្តាមួយចំនួនអាចធ្វើឲ្យយើងមានហានិភ័យជំងឺមួយនេះ។
តាមការណែនាំ យើងគួរចៀសឆ្ងាយពីវិទ្យុសកម្ម សារធាតុគីមី ដូចជាថ្នាំសម្លាប់សត្វល្អិត ផ្សែង និងផ្សែងបារី។ ដូចគ្នាដែរ របៀបរបបរស់នៅមួយចំនួនដូចជាការហាត់ប្រាណជាប្រចាំ ញ៉ាំល្អចំពោះសុខភាព សុទ្ធតែអាចជួយកាត់បន្ថយហានិភ័យកើតជំងឺមហារីកផ្សេងៗ និងជំងឺដទៃទៀតផងដែរ។
[embed-health-tool-bmi]