backup og meta

ឆ្លងវីរុសថ្លើមប្រភេទ C កុំមើលស្រាល អាចបង្កជាមហារីកថ្លើម

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ ទូច សុខា · កែ Jul 12, 2021

    ឆ្លងវីរុសថ្លើមប្រភេទ C កុំមើលស្រាល អាចបង្កជាមហារីកថ្លើម

    វីរុស​ថ្លើម​ប្រភេទC ជា​ទូទៅ​ឆ្លង​តាម​ឈាម ហើយ​វីរុស​នេះ​ក៏​អាច​បង្ក​ជា​ជំងឺ​មហារីក​បាន​ដែរ​។ គ្នា​យើង​ប្រហែល​ជា​ធ្លាប់​បាន​ដឹង​ហើយ​ថា​វីរុស​HPV អាច​បង្ក​ជា​ជំងឺ​មហារីក​ស្បូន តែ​មិន​មែន​មាន​តែ​វីរុស​មួយ​ប្រភេទ​នេះ​ទេ​ដែល​បង្ក​ឲ្យ​មាន​ជំងឺ​មហារីក​នោះ។ វីរុស​ផ្សេង​ៗ​ទៀត ដូច​ជា​វីរុស​ថ្លើម​ប្រភេទ​C ក៏​អាច​បង្ក​ជា​ជំងឺ​មហារីក​ថ្លើម​។

    ​​តាម​ការ​ចុះ​ផ្សាយ​របស់​មជ្ឈមណ្ឌល​ជំងឺ​មហារីក​MD Anderson នៃ​សាកលវិទ្យាល័យ​Texas បាន​លើក​ឡើង​ថា​មនុស្ស​ប្រហែល​ជា​៣០​ភាគ​រយ​បាន​ឆ្លង​វីរុស​ថ្លើម​ប្រភេទ​C ហើយ​ក៏​​បាន​បាត់​ទៅវិញ​ដោយ​ឯកឯង។ ប៉ុន្តែ​ថា​អ្នក​ផ្សេង​ទៀត​អាច​វិវត្ត​ទៅ​ជា​ជំងឺ​ក្រិន​ថ្លើម​ប្រភេទ​C (CHC)។​

    ការ​ឆ្លង​វីរុស​នេះ បង្ក​ឲ្យ​មាន​ការ​រលាក​នៅ​ថ្លើម ហើយ​បើ​ការ​រលាក​បន្ត​កាន់​តែ​យូរ​វា​នឹង​ធ្វើ​ឲ្យ​ថ្លើម​មាន​ស្នាម ហៅ​ថា​ជំងឺក្រិន​ថ្លើម​ដំណាក់​កាល​ចុង​ក្រោយ​ ដែល​អាច​ឈាន​ដល់​ជំងឺ​មហារីក​ថ្លើម​។​

    ខុស​ពី​វីរុស​ថ្លើម​ប្រភេទ​A និង​B វីរុស​ថ្លើម​ប្រភេទ​C មិន​មាន​វ៉ាក់សាំង​បង្ការ​នោះ​ទេ ហើយ​ពេល​ឆ្លង​វីរុស​នេះ​ក៏​កម្រ​មាន​ចេញ​រោគ​សញ្ញា​ដែរ​។ វេជ្ជបណ្ឌិត​​​របស់​មជ្ឈមណ្ឌល​ខាងលើ គឺលោក Harrys A. Torres បាន​និយាយ​ថា វីរុស​នេះ​ឆ្លង​ចូល​ក្នុង​ខ្លួន​មនុស្ស​យើង​ដោយ​ស្ងៀម​ស្ងាត់ និង​ថា​វីរុស​នេះ​មាន​ភាព​ឆ្លាត​វៃ​ដែល​អាច​បំប្លែង​ខ្លួន​បាន​យ៉ាង​រហ័ស ដូច​នេះ​ហើយ​ទើប​មាន​ការ​ពិបាក​ក្នុង​ការ​ផលិត​វ៉ាក់សាំង​បង្ការ​វីរុស​មួយ​ប្រភេទ​នេះ​។​

    ការ​ដឹង​ពី​កត្តា​ប្រឈម និង​ពិនិត្យ​សុខភាព​បាន​ទៀង​ទាត់ ជា​វិធី​ល្អ​បំផុត​មួយ​ក្នុង​ការ​ការ​ពារ​ខ្លួន​ប្រឆាំង​នឹង​វីរុស​ថ្លើម​ប្រភេទ​C។ ការ​ព្យាបាល​ការ​ឆ្លង​វីរុស​បាន​ទាន់​ពេល អាច​កាត់​បន្ថយ​ហានិភ័យ​កើត​ជំងឺ​មហារីក​ថ្លើម​បាន​ដល់​៧៥​ភាគ​រយ​។​​​

    ១. មូលហេតុ​បង្ក​

    ជំងឺ​ថ្លើម​ប្រភេទ​C បង្ក​ឡើង​ដោយ​វីរុស​ថ្លើម​ប្រភេទ​C។ វីរុស​នេះ​អាច​ឆ្លង​តាម​រយៈ​​ឈាម​មាន​ផ្ទុក​វីរុស​ ចូល​ទៅ​ក្នុង​ចរន្ត​ឈាម​របស់​អ្នក​ដែល​មិន​មាន​វីរុស​។

    វីរុស​នេះ​អាច​ឆ្លង​តាម​រយៈ​៖

    • ការ​ប្រើ​ម្ជុល​ សឺរ៉ាំង​រួម​គ្នា
    • ការ​បញ្ចូល​ឈាម​ដោយ​មិន​មាន​ការ​ត្រួតពិនិត្យ​ត្រឹម​ត្រូវ​
    • ការ​រួម​ភេទ​ដែល​បង្ក​ឲ្យ​មាន​ការ​ដាច់​រហែក​ចេញ​ឈាម (ដូច​ជា​ការ​រួម​ភេទ​រវាង​បុរស​នឹង​បុរស​)
    • អាច​ឆ្លង​ពី​ម្ដាយ​ទៅ កូន ករណី​ម្ដាយ​មាន​វីរុស​ថ្លើម​ប្រភេទ C តែ​ជា​ករណី​កម្រ

    អង្គការ​សុខភាព​ពិភព(WHO)​លោក​បញ្ជាក់​ថា វីរុស​ថ្លើម​ប្រភេទ​C មិន​ឆ្លង​តាម​ការ​បំបៅ​ដោះ ការ​ញ៉ាំ​អាហារ ទឹក ​រួម​គ្នា ឬ​ការ​ប៉ះពាល់​គ្នា​ដូច​ជា​ការ​ឱប ថើប​ នោះ​ទេ​។

    អង្គការ​អន្តរ​ជាតិ​មួយ​នេះ​បាន​ប៉ាន់​ប្រមាណ​ថា​ក្នុង​ឆ្នាំ​២០១៥ មាន​មនុស្ស​ឆ្លង​វីរុស​ថ្លើម​ប្រភេទ​C ថ្មី​ចំនួន​១,៧៥​លាន​នាក់​នៅ​ទូទាំង​ពិភព​លោក។

    វីរុសថ្លើមប្រភេទC

    ២. រោគ​សញ្ញា

    រយៈ​ពេល​សម្ងំ​ខ្លួន​របស់​វីរុស​ថ្លើម​ប្រភេទ​C អាច​មាន​រយៈ​ពេល​ចន្លោះ​ពី​ពីរ​សប្ដាហ៍ ទៅ​ប្រាំ​មួយ​ខែ​។ គិត​ចាប់ពី​ពេល​ឆ្លង​ដំបូង មនុស្ស​ប្រហែល​៨០​ភាគ​រយ​​មិន​មាន​ចេញ​រោគសញ្ញា​អ្វី​នោះ​ទេ​។ សម្រាប់​អ្នក​ខ្លះ​អាច​ចេញ​រោគ​សញ្ញា​ស្រួច​ស្រាល់​ដូច​ជា​ក្ដៅ​ខ្លួន អស់​កម្លាំង មិន​សូវ​ឃ្លាន​អាហារ ចង្អោរ ក្អួត ឈឺពោះ ទឹកនោម​ពណ៌ខ្មៅ ឈឺ​សន្លាក់ និង​ស្បែក​ឡើង​លឿង ជា​ដើម​។ នេះ​បើ​តាម​ការ​បញ្ជាក់​របស់​អង្គការ​សុខភាព​ពិភព​លោក​។

    ៣. ការ​ពិនិត្យ និង​ព្យាបាល​

    ដោយ​ហេតុ​ថា​ជំងឺ​ថ្លើម​ប្រភេទ​ C អាច​មាន​ចេញ​រោគ​សញ្ញា​តិច​តួច ឬ​គ្មាន​តែម្ដង ដូច​នេះ​ហើយ​វា​មាន​សារសំខាន់​ណាស់​ក្នុង​ការ​ពិនិត្យ​សុខភាព​ស្វែង​រក​វីរុស​មួយ​ប្រភេទ​នេះ។​

    វីរុស​ថ្លើម​ប្រភេទ C អាច​រក​ឃើញ​តាម​រយៈ​ការ​ធ្វើ​តេស្ត​ឈាម ហើយ​បើ​រក​ឃើញ​ថា​មាន​វិជ្ជមាន​វីរុស​នេះ​យើង​អាច​ធ្វើការ​ព្យាបាល​ទាន់​ពេល​។ ក្នុង​ចំណោម​វីរុស​បង្ក​ជា​ជំងឺ​មហារីក វីរុស​ថ្លើម​ប្រភេទ​C ជា​វីរុស​មួយ​ប្រភេទ​ដែល​អាច​ព្យាបាល​បាន​។ ការ​រក​ឃើញ​វីរុស​បាន​លឿន នោះ​ការ​ព្យាបាល​ក៏​កាន់​តែ​មាន​ប្រសិទ្ធ​ភាព​។

    ៤. ផលវិបាក​

    ការ​ឆ្លង​វីរុស​ថ្លើម​ប្រភេទ​C ច្រើន​ឆ្នាំ​មិន​បាន​ទទួល​ការ​ព្យាបាល​អាច​បង្ក​ជា​ផល​វិបាក​ធ្ងន់ធ្ងរ​ដូច​ជា៖

    • ថ្លើម​មាន​ស្នាម​ (ជំងឺ​ក្រិនថ្លើម)។ បន្ទាប់​ពី​ឆ្លង​វីរុស​ថ្លើម​រាប់​ឆ្នាំ ​អាច​បង្ក​ជា​ជំងឺ​ថ្លើម​។ ពេល​មាន​ស្នាម​នៅ​លើ​ថ្លើម ធ្វើ​ឲ្យ​
    • ថ្លើម​មិន​អាច​បំពេញ​មុខ​ងារ​បាន​ល្អ​។
    • មហារីក​ថ្លើម មនុស្ស​មួយ​ចំនួន​អាច​កើត​ជា​ជំងឺ​មហារីក​ថ្លើម ដោយ​សារ​ការ​ឆ្លង​វីរុស​ថ្លើម​ប្រភេទ​C។
    • ខូច​ថ្លើម​។ ជំងឺក្រិន​ថ្លើម​ធ្ងន់​ធ្ងរ​​ អាច​ធ្វើ​ឲ្យ​​ថ្លើម​ឈប់​ដំណើរ​ការ​។

    បដិសេធ

    Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

    ត្រួតពិនិត្យដោយ

    វេជ្ជ. ចាន់ ស៊ីណេត

    · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


    អត្ថបទ​ដោយ ទូច សុខា · កែ Jul 12, 2021

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម

    តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម
    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម