backup og meta

វិធីសាស្ត្រការពារកុំឲ្យកើតរលាកថ្លើម B និង C

វិធីសាស្ត្រការពារកុំឲ្យកើតរលាកថ្លើម B និង C

បើ​ខ្លាច​ត្រូវ​ចេះ​ការពារ​ផង ពាក្យ​ចាស់​និយាយ​ត្រូវ “ការពារ​ប្រសើរ​ជាង​ព្យាបាល’ ជំងឺ​រលាក​ថ្លើម ឧស្សាហ៍​ជួប​ប្រទះ​ណាស់ ពិសេស​រលាក​ថ្លើម​ប្រភេទ B និង C គ្រោះ​ថ្នាក់​ជាង​គេ ហើយ​ពិបាក​ព្យាបាល​ជា​សះ​ស្បើយ​ទៀតផង។ ពេល​នេះ “Hello គ្រូពេទ្យ’ នឹង​ប្រាប់​វិធី​ការពារ​ខ្លះ​ៗឲ្យ​គ្នាយើង​បាន​ដឹង។

១- ហេតុផល​ត្រូវ​ការពារ​រលាក​ថ្លើម​ប្រភេទ B និង C

ជំងឺ​រលាក​ថ្លើម គឺ​ជា​ការ​បង្ក​រោគ អាចធ្វើ​ឲ្យ​ថ្លើម​ខូច ​នឹងអាច​វិវត្ត​ទៅ​ជា​ឡើង​ដុំ​រឹង (បង្ក​ដោយ​សម្លាក) ក្រិន​ថ្លើម​ និង​អាច​ឈាន​ដល់​មហា​រីក​ថ្លើមទៀត​ផង។ រលាក​ថ្លើម​មាន​ទាំង​អស់​ ៥ ប្រភេទ ដោយ​សម្គាល់​ជា​រលាក​ថ្លើម A, B, C, D និង E។ រលាក​ថ្លើម​ប្រភេទ​ A, B និង C ជា​ប្រភេទ ឃើញ​កើត​មាន​ញឹក​ញាប់​​បំផុត។ ដោយ​សារ​ស្ថាន​ភាព​ជំងឺ គំរាម​កំហែង​ខ្លាំង​ដល់​អាយុ​ជីវិត ហេតុនេះ​វិធី​ការ​ពារ​ខ្លួនគឺ​ជារឿង​សំខាន់​បំផុត​យើង​ត្រូវ​ដឹង។

២- វិធី​ការពារ​រលាក​ថ្លើម​ប្រភេទ B និង C

– ចាក់ថ្នាំបង្ការ

ថ្នាំ​បង្ការ​ជំងឺ​រលាក​ថ្លើម​ប្រភេទ​ B គួរ​ផ្តល់​ឲ្យ​ក្មេង​គ្រប់​គ្នា​ទាំង​អស់៖

  • សម្រាប់​បេប៊ី ចាក់​ថ្នាំ​បង្ការ​សរុប​ទាំង​អស់ ៣ លើក។ កម្រិត​ថ្នាំ​ដំបូង ត្រូវ​បាន​ចាក់​ឲ្យ​ភ្លាមៗ ​ក្រោយ​ពេល​សម្រាល។ ថ្នាំ​បង្ការពីរ​លើក​ផ្សេង​ទៀត ​ត្រូវ​ចាក់​ឲ្យ​បេប៊ី​នៅ​អាយុ ៦ខែ និង ១៨ខែ (ចាក់​ដាច់​ដោយ​ឡែក​ពី​គ្នា)។
  • សម្រាប់​បេប៊ី មានម៉ាក់ៗ​កើតជំងឺ​រលាក​ថ្លើម​ប្រភេទ​ B កាល​ពី​មុន ឬ​កំពុង​​មាន​ជំងឺ​រលាក​ថ្លើម​ប្រភេទ​ B ស្រួច​ស្រាវ​ គួរ​តែ​ទទួល​បា​ន​ការ​ចាក់​ថ្នាំ​បង្ការ​ពិសេស​ក្នុង​រង្វង់​ ១២ម៉ោង ក្រោយ​ចាប់​កំណើត។
  • អាយុ​ក្រោម​ ១៩ឆ្នាំ និង​មិន​ធ្លាប់​ទទួល​ថ្នាំ​បង្ការ​ពី​មុន គួរ​ចាក់​ថ្នាំ​បង្ការ​ប្រភេទ B ឲ្យ​គ្រប់​ចំនួន។
  • មនុស្ស​ពេញ​វ័យ គួរ​តែ​ចាក់​ថ្នាំ​បង្ការ​ដូច​គ្នា ជា​ពិសេស​គ្នា​យើង​ដែល​ប្រឈម​កាន់​តែ​ខ្ពស់​ ដូចជា វេជ្ជ​បណ្ឌិត បុគ្គ​លិក​សេវាកម្ម​ថែ​ទាំ​សុខ​ភាព​ និង​គ្នា​យើងធ្វើ​ការ​ ឬ​រស់​នៅ​ជា​មួយ អ្នក​ជំងឺ​រលាក​ថ្លើម​ប្រភេទ B។
  • ​បញ្ហា​សុខ​ភាព​មួយចំនួន ដូច​ជា​ ជំងឺ​តម្រង​នោម​ដំណាក់​កាល​ចុង​ក្រោយ​ ជំងឺ​ថ្លើម​រ៉ាំ​រ៉ៃ​ ឬ​ការ​បង្ក​រោគ​ដោយ​មេរោគ HIV។ មាន​ដៃ​គូ​ផ្លូវ​ភេទ​ច្រើន ឬក្រុម​ប្រុសៗ​រួមភេទ​ជា​មួយ​គ្នា ក៏​ដូចជា​ក្រុម​មនុស្ស​ចាក់​គ្រឿង​ញៀន​ជាដើម។

កំណត់​សម្គាល់៖ បច្ចុប្បន្ន នាំ​បង្ការ​សម្រាប់​ជំងឺ​រលាក​ថ្លើម​ប្រភេទ C មិន​ទាន់​មាន​នៅ​ឡើយ​ទេ។

– ទម្លាប់​រស់​​នៅ​មាន​ផាសុកភាព

វីរុស​រលាក​ថ្លើម មិន​ឆ្លង​ពី​ម្នាក់​ទៅ​ម្នាក់​ទៀត​តាម​រយៈ​ការ​ប៉ះ​ពាល់​ធម្មតា​នោះទេ ដោយ​គ្រាន់​តែ កាន់​ដៃ​ ប្រើ​សម្ភារៈរួម​គ្នា ដូចជា ចាន​បាយ ឬ​កែវ​​ទឹក​​ បំបៅ​ដោះ ថើប​ អោប​ ក្អក កណ្តាស់ ជាដើម។

គ្នា​យើង​អាច​ឆ្លង​ជំងឺ​រលាក​ថ្លើម​ប្រភេទ​ B និង​ C ក្នុង​ករណី​ប៉ះ​ពាល់​​ឈាម​ ឬ​សារ​ធាតុ​រាវ​ក្នុង​រាង​កាយ​អ្នកជំងឺ​ប៉ុណ្ណោះ។ ប៉ុន្តែ​ដើម្បី​ចៀស​វាង​ហានិភ័យ​ យើង​គួរ​តែ រក្សា​របស់​ប្រើប្រាស់​ផ្ទាល់​ខ្លួន​ដូច​ជា ផ្លែ​ឡាម ច្រាស​ដុស​ធ្មេញ​ ប្រដាប់​ធ្វើ​ក្រចក គួរ​តែ​ប្រើ​ផ្ទាល់​ខ្លួន​ប៉ុណ្ណោះ កុំ​ចែក​រំលែក​ឲ្យ​អ្នក​ដទៃ​ប្រើ​ឲ្យ​សោះ ខណៈ​ឧបករណ៍​វេជ្ជសាស្ត្រ (បំពង់​បឺត ឬ​ម្ជុល) ដាច់​ខាត​មិន​ត្រូវ​ប្រើ​រួម​គ្នា​ទេ។

បើ​មាន​ការ​ចាក់​ទម្លុះ​រាង​កាយ​ ដូច​ជា ចោះ​ក្រវិល ឬ​សាក់​ខ្លួន ជាដើម​នោះ​ គួរ​តែប្រយ័ត្ន​ផង។ បើ​កំពប់ ឬមាន​ស្រក​ឈាម​ ត្រូវសម្អាត​ដោយ​ប្រើ​សូលុយ​ស្យុង​ក្នុង​កម្រិត​សម​ស្រប។

ត្រូវ​ប្រាកដ​ថា​យើង​រួម​ភេទ​ប្រកប​ដោយ​សុវត្ថិ​ភាព​ ទាំង​មុន​ និង​ក្រោយ​ពេល​រួម​ភេទ​រួច។

អត្ថបទ​ពាក់​ព័ន្ធ៖ មូលហេតុ​លម្អិតម៉េចបានដល់ថ្នាក់​ក្រិន​ថ្លើម ព្យាបាលលែងជា

៣- វិធី​ផ្សេង​ទៀត​ការ​ពារ​រលាក​ថ្លើម​ប្រភេទ B

ជាធម្មតា​ ឈាម​បរិច្ចាគ តែង​ទទួល​ការ​ត្រួត​ពិនិត្យ​យ៉ាង​ម៉ត់ចត់ មុនចាក់​បញ្ចូល​ទៅ​ឲ្យ​នរណា​ម្នាក់ ហេតុ​នេះ​អាច​ជួយ​កាត់​បន្ថយ​ឱកាស​ចម្លង​រលាក​ថ្លើម​ប្រភេទ​ B​ បាន​មួយ​កម្រិត។

គ្រប់​ករណី​មាន​បង្ក​រោគ​រលាក​ថ្លើម​ប្រភេទ​ B ថ្មីៗ គួរ​រាយ​ការណ៍​ទៅ​កាន់​សហគមន៍​ថែ​ទាំ​សុខ​ភាព ដើម្បី​មន្ត្រីសុខ​ភាព​សាធារណៈ អាច​ដឹង និងតាម​ដានទាន់​ពេល​វេលា ចំពោះ​គ្នាយើង​ដែល​ប៉ះ​ពាល់​ជា​មួយ​​វីរុស​ ​អាច​នឹង​វិវត្ត​កើត​មាន​ជំងឺ​រលាក​ថ្លើម។

បើ​ប៉ះ​ពាល់​ជា​មួយ​មេរោគ​ក្នុង​រង្វង់ ២៤ ម៉ោង​ដំបូង ត្រូវ​ប្រញាប់​ស្វែង​រក​ថ្នាំប​ង្ការ​ជំងឺ​រលាក​ថ្លើម​ប្រភេទ B ។ ប្រការ​នេះ​អាចការ​ពារ​មិន​ឲ្យ​កកើត​ជា​ជំងឺ​រលាក​ថ្លើម​បាន។

ក្នុង​ករណី​មាន​សំណួរ ឬ​មន្ទិល​សង្ស័យ​ជុំវិញ​សុខភាព​អ្នក ជម្រើស​ល្អ​បំផុត សូម​ពិគ្រោះ និង​ប្រឹក្សា​យោបល់​ផ្ទាល់​ជា​មួយ​ពេទ្យ​ជំនាញ។ Hello Health Group មិន​ចេញ​វេជ្ជបញ្ជាមិន​ធ្វើ​រោគ​វិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

[embed-health-tool-bmi]

បដិសេធ

Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

Preventing hepatitis B or C https://medlineplus.gov/ency/patientinstructions/000401.htm Accessed July 17 , 2017

Protecting Yourself Against Hepatitis B and Hepatitis C https://www.acog.org/Patients/FAQs/Protecting-Yourself-Against-Hepatitis-B-and-Hepatitis-C?IsMobileSet=false  Accessed July 17 , 2017

កំណែ​ប្រែបច្ចុប្បន្ន

28/02/2019

អត្ថបទ​ដោយ Meng Vatana

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត

បច្ចុប្បន្នភាពដោយ៖ សន សុភា


អត្ថបទពាក់ព័ន្ធ

មហារីកពោះវៀនធំ ជាមូលហេតុចម្បងនាំឲ្យមនុស្សពេញវ័យស្លាប់ច្រើនជាងគេ

សញ្ញាព្រមានទាំង៥នៅលើផ្ទៃមុខ និងក អាចបញ្ជាក់ពីជំងឺមហារីកសួត


ត្រួតពិនិត្យដោយ

វេជ្ជ. ចាន់ ស៊ីណេត

ឯកទេសសម្ភព និងរោគស្ត្រី · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ Meng Vatana · កែ Feb 28, 2019

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម

តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម