យើងដឹងស្រាប់ហើយថា ជំងឺមហារីកគឺជាជំងឺសាហាវមួយប្រភេទដែលបានឆក់យកជីវិតរបស់អ្នកឈឺរាប់ពាន់អ្នកពីមួយឆ្នាំទៅមួយឆ្នាំជុំវិញពិភពលោក។ ពពួកជំងឺមហារីកនេះ ពូកែលាក់មុខណាស់ ទម្រាំដឹងម្តងៗ គឺចង់ដល់ដំណាក់កាលព្យាបាលលែងជាហើយ ទើបធ្វើទុក្ខខ្លាំង។ នេះបើតាមការលើកឡើងរបស់លោកវេជ្ជបណ្ឌិត អ៊ាវ សុខា ឯកទេសផ្នែកជំងឺមហារីក និងឈាម។
លោកសាស្ត្រាចារ្យបន្តថា ជាទូទៅ អ្នកជំងឺដែលកើតជំងឺមហារីកស្ទើរតែទាំងអស់អត់ដឹងខ្លួនថា កើតជំងឺនេះនៅដំណាក់កាលទី១ ឬទី២ទេ ពោលគឺទាល់តែពេលធ្វើទុក្ខហើយទើបចាប់អារម្មណ៍មកពិនិត្យដឹង។ “អ្នកជំងឺដែលខ្ញុំជួប៧២%ហើយ មកជួបជាមួយគ្រូពេទ្យពេលដែលជំងឺរីករាលដាលដល់ដំណាក់កាលទី៣ ឬទី៤បាត់ហើយ”។
លោកវេជ្ជបណ្ឌិតបន្តថា ការដែលអាចដឹងថាកើតមានជំងឺមហារីក ឬអត់ក៏ផ្អែកទៅតាមទីតាំងដែលវាកើតនោះដែរ។ ឧទាហរណ៍ ជំងឺមហារីកស្បែក ទោះជាត្រូវការពិនិត្យត្រឹមត្រូវ តែវាអាចមើលដឹងដោយគ្រាន់តែមើលសភាពស្បែកនៅខាងក្រៅបានដូចជា ស្បែកឡើងកន្ទួលក្រហម ឡើងអាចម៍រុយ ឬប្រជ្រុយ។ល។
ផ្ទុយទៅវិញ មានជំងឺមហារីកមួយចំនួនដូចជា មហារីកសួត មហារីកក្រពះ មហារីកស្បូនជាដើម អាចកើត និងរាលដាលនៅក្នុងរាងកាយបានរាប់ឆ្នាំទម្រាំតែពិនិត្យដឹង ជាហេតុធ្វើឲ្យមានផលពិបាកក្នុងការព្យាបាលទាន់ពេលវេលា។
លោកវេជ្ជបណ្ឌិតបានណែនាំឲ្យយើងពិនិត្យសុខភាពក្នុង១ ឬ២ឆ្នាំម្ដង ជាពិសេសពិនិត្យរកមើលកោសិកាមហារីកនៅក្នុងដំណាក់កាលដំបូងៗ ដើម្បីធ្វើការព្យាបាលឲ្យបានមុនពេលជំងឺនេះរាលដាលកាន់តែខ្លាំងទៅៗ ហើយម្យ៉ាងទៀត យើងអាចបង្ការជំងឺមហារីកមួយចំនួនដោយការចាក់វ៉ាក់សាំងការពារ មុនពេលមានកោសិកាមហារីកកើតឡើង។
[embed-health-tool-bmi]