ទឹកសុទ្ធដាក់ដបជ័រកំពុងនិយមក្នុងការប្រើប្រាស់ ដោយអាចដាក់តាមខ្លួនបានគ្រប់ពេលវេលា។ តែទោះយ៉ាងណា គ្រូពេទ្យឯកទេសមហារីកព្រមានថា ការផឹកទឹកសុទ្ធដាក់ដបជ័រ ហើយដាក់ត្រូវកម្តៅថ្ងៃខ្លាំង និងរយៈពេលយូរ អាចប្រឈមនឹងការកើតជំងឺមហារីក មានបញ្ហាបេះដូង និងតម្រងនោមជាដើម។
បកស្រាយហេតុផលខាងលើនេះ សាស្ត្រាចារ្យវេជ្ជបណ្ឌិត អ៊ាវ សុខា ឯកទេសជំងឺមហារីក និងជំងឺឈាម ថា នៅពេលយើងច្រកទឹកក្នុងថង់ប្លាស្ទិច ឬដបជ័រ ហើយទុកឲ្យត្រូវកម្តៅថ្ងៃ នោះជាតិជ័រនឹងមានការបម្លែងសារធាតុគីមីម្យ៉ាង គ្រោះថ្នាក់បំផុតចំពោះសុខភាព អាចកើតជំងឺមហារីក បេះដូង មានបញ្ហាតម្រងនោម។
“អូហ៍! អាហ្នឹងគ្រោះថ្នាក់ណាស់ កុំដាក់ទឹកសុទ្ធចោលក្នុងគូទឡាន ឬកន្លែងដែលត្រូវកម្តៅថ្ងៃឲ្យសោះ ជាតិគីមីដែលបម្លែងចេញពីជ័រ ចូលទៅក្នុងទឹក ពេលយើងញ៉ាំទៅ អាចកើតមហារីកផង ឈឺបេះដូង ឈឺតម្រងនោម”។
លោកវេជ្ជបណ្ឌិតបានបន្ថែមថា ដោយសារផលប៉ះពាល់នេះហើយ ទើបនៅប្រទេសជឿនលឿនគេលែងប្រើដបជ័រដើម្បីច្រកទឹកសុទ្ធទៀតហើយ ដោយជំនួសមកវិញនូវដបថ្ម។
ដោយហេតុថា ការផឹកទឹកសុទ្ធដែលទុកដាក់ឲ្យត្រូវកម្តៅថ្ងៃអាចមានបញ្ហាចំពោះសុខភាពច្រើនបែបនេះ លោកវេជ្ជបណ្ឌិតណែនាំឲ្យការប្រយ័ត្នប្រយែង ត្រូវរក្សាទុកទឹកសុទ្ធនៅកន្លែងដែលមានសីតុណ្ហភាពសមល្មម ទើបមិនមានបញ្ហាចោទចំពោះសុខភាព។
[embed-health-tool-bmi]