backup og meta

ទម្លាប់សាមញ្ញ ២ តែអាចបង្កជាហានិភ័យជំងឺមហារីក បើមិនចាប់អារម្មណ៍

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ ទូច សុខា · កែ Jun 15, 2021

    ទម្លាប់សាមញ្ញ ២ តែអាចបង្កជាហានិភ័យជំងឺមហារីក បើមិនចាប់អារម្មណ៍

    ទម្លាប់សាមញ្ញៗ​ប្រ​ចាំ​ថ្ងៃ​មួយចំនួនដូចជា អង្គុយ​យូរ​ៗ មិនសូវ​ហាត់​ប្រាណមិនងាយងើបចេញពីកៅអី និង ​របប​អាហារ​មិន​សូវ​មាន​បន្លែ ផ្លែឈើ​ សុទ្ធ​តែជាហានិភ័យជំងឺមហារីកបង្កទុក្ខទោសយើងបាន។

    ១.​​ ម៉េចបាន​អង្គុយ​យូរៗមិនងាយងើបពីកៅអី​​ ពាក់ព័ន្ធ​ហានិភ័យជំងឺមហារីក?

    ទម្លាប់​អង្គុយ​យូរ​ម៉ោង ក្នុង​មួយ​ថ្ងៃ​ៗ ត្រូវ​​ក្រុម​អ្នក​ស្រាវជ្រាវ​រក​ឃើញ​ថា​ជា​មូល​ហេតុ​ដើមចមមួយចំនួនដូចជាស្លាប់​ដោយ​ជំងឺ​មហារីក ឬ​ជំងឺ​បេះ​ដូង​ជា​ដើ​ម។

    ការ​អង្គុយ​យូរ​ម៉ោង​ក្នុង​មួយ​ថ្ងៃៗ​ក្រៅពី​អាច​ប្រឈម​នឹង​ជំងឺ​មហារីក ក៏​នៅ​អាច​ប្រឈម​ខ្ពស់​នឹង​ការ​កើត​ជំងឺ​បេះដូង គ្រោះថ្នាក់​សរសៃឈាម​ខួរ​ក្បាល ជំងឺ​ទឹក​នោមផ្អែម តម្រង​នោម ជំងឺ​សួត ជំងឺ​ថ្លើម និង​ជំងឺ ទាក់ទង​នឹង​ប្រ​ព័ន្ធ​រំលាយអាហារ​ជា​ដើម​។

    លោក​ស្រី Alpa Patel អ្នក​ដឹក​នាំការ​សិក្សា​ស្រាវ​ជ្រាវ​នៅ​វិទ្យា​ស្ថាន​ជំងឺ​មហារីក​សហរដ្ឋអាមេរិក​(American Cancer Society Sr Scientific ) ​លើក​ឡើង​ថា​ទោះ​បី​ជា​ក្រុម​អ្នក​ស្រាវ​ជ្រាវ​នៅ​មិន​ទាន់​ច្បាស់​ថា​ការ​អង្គុយ​យូរ​កម្រិត​ណា​អា​ច​បង្ក​ជា​ហានិភ័យ​នេះ​ក៏​ដោយ តែថា​មនុស្ស​យើង​គួរ​កាត់​បន្ថយ​ការ​អង្គុយ​ឲ្យ​បាន​ច្រើន​​តាម​ដែល​អាច​ធ្វើ​ទៅ​បាន​ និង​រក​ពេល​ដើរ​ចុះឡើង​ខ្លះ​បើ​យើង​ធ្វើ​ការ​ត្រូវ​អង្គុយ​យូរ​ម៉ោង​។​

    ការ​សិក្សា​ពន្យល់​ថា ការ​អង្គុយ​យូរ​ម៉ោង​មាន​ផល​អវិជ្ជមាន​លើ​កម្រិត​អ័រម៉ូន​ក្នុង​រាង​កាយ និង​ដំណើរ​ការ​របស់​ប្រព័ន្ធ​ភាព​ស៊ាំ។ អ្វី​ទាំង​នេះ​ហើយ​ដែល​មាន​ទំនាក់​ទំនង​រវាង​ការ​អង្គុយ​យូរ និង​ការ​ស្លាប់​ដោយសារ​ជំងឺ​ពាក់ព័ន្ធ​។

    ប្រហាក់​ប្រហែល​គ្នា​នេះ​ដែរ​មជ្ឈមណ្ឌល​ជំងឺ​មហារីក​MD Anderson របស់​សាកល​វិទ្យាល័យ Texas បាន​លើក​ឡើង​ដែរ​ថា​ការ​អង្គុយ​ច្រើន​ម៉ោង​ក្នុង​មួយ​ថ្ងៃ​ៗ​ធ្វើ​ឲ្យ​យើង​ប្រឈម​ខ្ពស់​នឹង​បញ្ហា​សុខភាព ទោះ​បី​ជា​យើង​បាន​ហាត់​ប្រាណ​​ទៀង​ទាត់​ក៏​ដោយ​។​

    ​អ្នក​ជំនាញ​មជ្ឈមណ្ឌល​ខាង​លើ​ថា​​ការ​អង្គុយ​យូរ​ម៉ោង​អាច​​ប្រ​ឈម​នឹង​ជំងឺ​មហារីក​ពោះ​វៀន​ធំ មហារីក​អូវែ និង​ជំងឺ​មហារីក​ស្រទាប់​ស្បូន​​ជា​ដើម។ ក្រៅ​ពី​នេះ នៅ​ប្រ​ឈម​នឹង​ការ​កើត​ជំងឺ​ទឹក​នោម​ផ្អែម ជំងឺ​បេះដូង និង​ធាត់​ផង​ដែរ​។

    ដូច​នេះ បើ​យើង​ជា​មនុស្ស​ធ្វើ​ការ​ត្រូវ​ចំណាយ​ពេល​ច្រើន​អង្គុយ​មុខ​កុំព្យូទ័រ គួរ​រក​ពេល​ខ្លះ​ងើប​ដើរ ដូច​ជា​ដើរ​ទៅ​និយាយ​ជាមួយ​ក្រុម​ងារ ​ជា​ជាង​ផ្ញើ​សារ ដើរ​ទៅ​ចាក់​ទឹក ឬ​ចត​យានជំនិះ​ឆ្ងាយ​ពី​កន្លែង​ធ្វើ​ការ​បន្តិច​ដើម្បី​បាន​ដើរ ជា​ដើម។ ក្រៅពី​នេះ​យើង​ត្រូវ​ចំណាយ​ពេល​ហាត់​ប្រាណ​ឲ្យ​បាន​ទៀង​ទាត់​យ៉ាង​តិច​៣០​នាទី​ក្នុង​មួយ​ថ្ងៃ ឬ​១៥០​នាទី​ក្នុង​មួយ​សប្ដាហ៍​។

    អង្គុយយូរ

    ២. ម៉េច​បាន​មិន​សូវ​ញ៉ាំ​បន្លែ​ផ្លែ​ឈើ ពាក់ព័ន្ធ​ហានិភ័យជំងឺមហារីក?

    ការ​ញ៉ាំ​បន្លែ និង​ផ្លែ​ឈើ​បាន​គ្រប់គ្រាន់​នឹង​ជួយ​កាត់​បន្ថយ​ហានិភ័យ​កើត​ជំងឺ​​​ជំងឺ​​បេះដូង បញ្ចុះ​សម្ពាធ​ឈាម ការ​ពារ​ជំងឺ​មហារីក​ជាក់​លាក់​មួយ​ចំនួន និង​ជួយ​ដល់​សុខភាព​ភ្នែក និង​ប្រព័ន្ធ​រំលាយអាហារ​។

    ការ​សិក្សា​ជា​ច្រើន​រក​ឃើញ​ថា​ការ​ញ៉ាំ​បន្លែ និង​ផ្លែ​ឈើ​បាន​គ្រប់​គ្រាន់​មាន​ទំនាក់ទំនង​យ៉ាង​ខ្លាំង​ទៅ​នឹង​ការ​ប្រឆាំង​នឹង​ជំងឺ​មហារីក​។ ការ​អាច​ប្រ​ឆាំង​នឹង​ជំងឺ​មហារីក ព្រោះ​ថា​ក្នុង​បន្លែ​នឹង​ផ្លែ​ឈើ​មាន​សារ​ធាតុ​ដែល​អាច​ប្រឆាំង​នឹង​ជំងឺ​មហារីក​។ ឧទាហរណ៍ ដូច​ជា​ផ្លែ​ប៉េងប៉ោះ មាន​ផ្ទុក​សារធាតុ​លីកូប៉ែន​ ដែល​អាច​ប្រឆាំង​នឹង​ជំងឺ​មហារីក​ក្រពេញ​ប្រូស្តាត​។ សារធាតុ​លីកូប៉ែន​ជា​ធាតុ​មួយ​របស់​ carotenoids ដែល​អាច​បំប្លែង​ទៅ​ជា​វីតាមីន​​A ។ អ្នក​ស្រាវ​ជ្រាវ​ក៏​ជឿ​ដែរ​ថា​សារធាតុ​ carotenoidsអាច​ជួយ​ប្រឆាំង​នឹង​ជំងឺ​មហារីក​សួត មាត់ និង​បំពង់​ក ផង​ដែរ​។

    អង្គការ​សុខ​ភាព​ពិភព​លោក និង​អង្គការ​ម្ហូបអាហារ​ពិភព​លោក​ បាន​ណែ​នាំ​ឲ្យ​មនុស្ស​យើង​ញ៉ាំ​បន្លែ និង​ផ្លែ​ឈើ​យ៉ាង​តិច​៤០០ក្រាម​ក្នុង​មួយ​ថ្ងៃ។

    បដិសេធ

    Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

    ត្រួតពិនិត្យដោយ

    វេជ្ជ. ចាន់ ស៊ីណេត

    · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


    អត្ថបទ​ដោយ ទូច សុខា · កែ Jun 15, 2021

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម

    តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម
    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម