backup og meta

មកដឹងពីជំងឺមហារីទាំង ៥ ឧស្សាហ៍កើតឡើងបំផុតលើមនុស្សស្រី

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ នាង សុខុមដាលីញ៉ា · កែ Jul 08, 2021

    មកដឹងពីជំងឺមហារីទាំង ៥ ឧស្សាហ៍កើតឡើងបំផុតលើមនុស្សស្រី

    មហារីក​ជាជំងឺកាចសាហាវ គួរ​ណាស់​តែ​គ្នា​យើង​ស្រីៗ​ស្វែង​យល់​ព័ត៌មាន​ពី​ជំងឺ និង​រោគ​សញ្ញា​ឲ្យ​បាន​ច្បាស់ ព្រោះ​មហារីក ជា​ជំងឺ​កាច​សាហាវ កើត​ឡើង​នៅ​លើ​រាងកាយ​យើង​ស្ងាត់​ៗ ទម្រាំ​តែ​ដឹង អាច​ហួស​ពេល​ព្យាបាល។

    ជំងឺ​មហារីក​លើ​មនុស្ស​ស្រី​ទាំង ៥មុខ

    ១. ជំងឺ​មហារីក​សុដន់៖ ជំងឺ​មហារីក​សុដន់ អាច​កើត​ឡើង​លើ​មនុស្ស​ស្រី​គ្រប់​វ័យ ប៉ុន្តែ​បើ​អាយុ​កាន់​តែ​ខ្ពស់ ហានិភ័យ​កើត​មហារីក​សុដន់​ក៏​កាន់​តែ​ខ្ពស់​ដូច​គ្នា។ ហានិភ័យ​ប្រឈម​កើត​មហារីក​សុដន់​មាន​ច្រើន​ដូច​ជា ភេទ​ស្រី អាយុ ប្រវត្តិ​គ្រួសារ កត្តា​ហ្សែន ធាត់​លើស​ទម្ងន់ អស់​រដូវ ឬ​មិន​ធ្លាប់​មាន​រដូវ។ រោគសញ្ញា​ស្រី​គ្នា​យើង​គួរ​កត់​សម្គាល់​រួមមាន៖

    • ឈឺ​ក្នុង​ក្លៀក ឬ​សុដន់ មិនមែន​បណ្ដាល​ពី​ការ​មក​វដ្ត​រដូវ
    • មាន​ទ្រុឌ ឬ​ស្បែក​សុដន់​ឡើង​ក្រហម ដូច​ផ្លែ​ក្រូច
    • រមាស់​ចុង​សុដន់​ម្ខាង
    • មាន​ខ្ទុះ​ចេញ​ពី​ចុង​សុដន់ អាច​មាន​ទាំង​ឈាម​មក​ជា​មួយ
    • ចុង​សុដន់​លិប​ចូល​ក្នុង
    • សុដន់​ម្ខាង​ធំ​ជាង​ម្ខាង​ទៀត
    • ឡើង​ប្រេះ​ស្រកា ឬ​របក​ស្បែក​សុដន់ ស្បែក​ចុង​សុដន់។

    ២. ជំងឺ​មហារីក​មាត់​ស្បូន៖ ជំងឺ​មហារីក​មាត់ស្បូន ឧស្សាហ៍​ជួប​ប្រទះ​បំផុត​លើ​ស្រ្ដី​ពាសពេញ​ពិភពលោក។ មហារីក​មាត់ស្បូន បង្ក​ឡើង​នៅ​ក្នុង​មាត់​ស្បូន ស្ថិត​នៅ​ផ្នែក​ក្រោមស្បូន ចាប់​ផ្តើម​រីក​លូតលាស់​មិន​អាច​គ្រប់គ្រងបាន។ កោសិកា​ថ្មី កកើត​ឡើង​ឆាប់​រហ័ស បង្កើត​ជា​ដុំសាច់​នៅ​ក្នុង​ក​ស្បូន។ កត្តា​ប្រឈម​នៃ​ជំងឺ​មហារីក​ស្បូន​មាន ឆ្លង​មេរោគ HPV ជក់​បារី ប្រព័ន្ធ​ភាព​ស៊ាំ​ធ្លាក់​ចុះ ឆ្លង​មេរោគ​ប្រមេះ ញ៉ាំ​ផ្លែ​ឈើ បន្លែ​តិចតួច និង ធាត់​លើស​ទម្ងន់។ ស្រីៗ​គួរ​តាម​ដាន​មើល​រោគ​សញ្ញា​ដូច​ជា៖

    • ឈឺ​ចាប់​ពេល​រួមភេទ
    • ឈឺ​ពោះ​ផ្នែក​ខាង​ក្រោម ឬ​ឈឺ​ត្រគាក
    • ធ្លាក់​ស​ខុស​ប្រក្រតី ​មាន​ឈាម​លាយ​ឡំ​ជាមួយ
    • ធ្លាក់​ឈាម​តាម​ទ្វារមាស មាន​លក្ខណៈ​មិន​ប្រក្រតី ធ្លាក់​ឈាម​ចន្លោះ​ពេល​មាន​រដូវ មក​រដូវ​មាន​រយៈពេល​យូរ
    • មាន​ឈាម​ក្រោយ​ពេល​រួមភេទ អំឡុង​ពេល​រួមភេទ ឬក្រោយ​ពេល​អស់​រដូវ មានឈាម​បន្ទាប់​ពី​បន្ទោបង់ និង​ក្រោយ​ពិនិត្យ​អាង​ត្រគាក។

    ៣. ជំងឺ​មហារីក​ពោះវៀន​ធំ៖ មហារីក​ពោះវៀន​ធំ​គឺ​ជា​មហារីក​កើត​ឡើង​លើ​សរីរាង្គ​ពោះវៀន​ធំ​ដែល​ជា​ផ្នែក​ចុង​ក្រោយ​នៃ​ផ្លូវ​រំលាយ​អាហារ​របស់​មនុស្ស​។ កត្តា​ប្រឈម​កើត​ជំងឺ​មហារីក​ពោះវៀន​ធំ​មាន អាយុ​ច្រើន មាន​សាច់​ដក់​ក្នុង​ប្រហោង​ពោះ​វៀន មាន​របប​អាហារ​មាន​ជាតិ​សរសៃ​តិច ជក់​បារី និង​ផឹក​ស្រា​ច្រើន អង្គុយ​ធ្វើ​ការច្រើន​មិន​សូវ​បញ្ចេញ​កម្លាំង​កាយ។ រោគ​សញ្ញា​គួរ​តាម​ដាន​មាន៖

    • ចលនា​ពោះវៀន​ធំ​មាន​ការ​ប្រែ​ប្រួល​ដូចជា​ទល់​លាមក​ ឬ​រាកខុស​ប្រក្រតី​ជា​ច្រើន​សប្ដាហ៍
    • មាន​ការ​ហូរ​ឈាម​តាម​រន្ធ​គូថ
    • ឈឺ​ពោះ​ចុក និង​ឆ្អល់​ណែន​ជា​ប្រចាំ
    • មាន​អារម្មណ៍​ថា​ពោះវៀន​មាន​ស្ទះ​អ្វី​មួយ​
    • នឿយ​ហត់ និង​អស់​កម្លាំង
    • ស្រក​ទម្ងន់​ជា​ដើម

    ៤. ជំងឺ​មហារីក​ស្រទាប់​ស្បូន៖ មហារីក​ស្រទាប់​ស្បូន ជា​​មហារីក​ដែល​កើត​ដំបូង​នៅ​ក្នុង​ស្បូន។ ជំងឺ​នេះ​ចាប់​ផ្ដើម​ដំបូង​នៅ​ក្នុង​ស្រទាប់​កោសិកា​របស់​ស្រទាប់​ស្បូន​ ពេល​ខ្លះ​គេ​ក៏​អាច​ហៅ​វា​ថា​មហារីក​ស្បូន​ផង​ដែរ។ កត្ដា​ប្រឈម​ធ្វើ​ឲ្យ​កើត​ជំងឺ​មហារីក​ស្រទាប់​ស្បូន​​​មាន​ដូច​ជា អាយុ ចំណី​អាហារ និង​លំហាត់​ប្រាណ ជំងឺ​ទឹក​នោម​ផ្អែម ប្រវត្តិ​គ្រួសារ​ដូច​ជា​មាន​សាច់​ញាតិ​កើត​មហារីក​ស្រទាប់​ស្បូន ​ឬ​មហារីក​ពោះ​វៀន​ធំ​ជាដើម។ រោគសញ្ញា​ទូទៅ​របស់​មហារីក​ស្រទាប់​ស្បូន​​​មាន​៖

    • ហូរ​ឈាម​តាម​ទ្វារមាស​ក្រោយ​​អស់​រដូវ
    • មាន​ធ្លាក់​ឈាម​ចន្លោះ​វដ្ត​រដូវ
    • ធ្លាក់​ស ឬ​ឈាម​ខុស​ធម្មតា​តាម​ទ្វារ​មាស
    • ឈឺ​ត្រគាក

    ៥. ជំងឺ​មហារីក​ក្រពេញ​អូវែ៖ មហារីក្រពេញ​អូវែ ជា​ដុំ​មហារីក​វិវត្ត​នៅ​ក្នុង​ក្រពេញអូវែ ដែល​ជា​កន្លែង​ផលិត​​ស៊ុត (មេជីវិតញី) ​និង​អ័រម៉ូន​ស្រ្តី ​ដូចជា អ័រម៉ូន​អឺស្រ្តូសែន និង​ប្រ្តូហ្គេសេ្តរ៉ូន។ មហារីកក្រពេញ​អូវែ ភាគ​ច្រើន​កើត​ចំពោះ​ស្រីៗ​វ័យ​កណ្តាល ខណៈ​ករណី​ស្រីៗ​ស្លាប់​ដោយ​សារ​​កើត​មហារីក​ក្រពេញអូវែ ​ភាគ​ច្រើនលើ​ស្រីៗ​​មាន​វ័យ​លើស​ពី ៥៥ ឆ្នាំ។ កត្តា​ប្រឈម​ជំងឺ​មហារីក​ក្រពេញ​អូវែ​មាន មាន​ជំងឺ​មហារីក​សុដន់ មាន​កូន​តិច ប្រើ​ប្រាស់​ថ្នាំ​អ័រម៉ូន​យូរ​ឆ្នាំ និង​កត្តាអាយុ។ រោគ​សញ្ញា​យើង​គួរ​តាម​ដាន​មាន​ដូច​ជា៖

    • ហើមពោះ ​និង​យា​រប៉ោង
    • ឆាប់​​ឆ្អែត​ពេលញ៉ាំ​អាហារ
    • ស្រក​ទម្ងន់​
    • មាន​អារម្មណ៍​មិន​ស្រួល​នៅ​តំបន់​អាង​ត្រគាក
    • ផ្លាស់​ប្តូរ​ការ​បន្ទោបង់
    • បត់​ជើង​តូច​ញឹក​ញាប់
    • ​រដូវ​មិន​ទៀង
    • ចង្អោរ ក្អួត មិន​រំលាយ​អាហារ មិន​ចង់​ញុំ​​អាហារ ហើម​ពោះ
    • ឈឺ​ឆ្អឹង​ខ្នង​ដោយ​គ្មាន​មូល​ហេតុ៕

    ជំងឺមហារីកលើមនុស្សស្រី

    បដិសេធ

    Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

    ត្រួតពិនិត្យដោយ

    វេជ្ជ. ចាន់ ស៊ីណេត

    · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


    អត្ថបទ​ដោយ នាង សុខុមដាលីញ៉ា · កែ Jul 08, 2021

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម

    តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម
    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម