ចំពោះអាការៈរាករូស គ្មានអ្នកណាដែលថាមិនធ្លាប់បានឆ្លងកាត់ទេ គ្រាន់តែញ៉ាំអីខុសបន្តិច គឺចាប់ផ្ដើមមានអារម្មណ៍ថាអត់ស្រួលនៅក្នុងពោះបាត់ទៅហើយ។ ជាមួយគ្នាដែរ មន្ទីរពេទ្យ កាល់ម៉ែត បានឲ្យដឹងថា ប្រសិនបើរាករូសញឹកញាប់ខ្លាំង ដែលមានរយៈពេលលើស២១ថ្ងៃ វាអាចជាការរាករូសរ៉ាំរ៉ៃ ដែលជាបញ្ហាឧស្សាហ៍កើតមានផងដែរ។ អាការៈរាករូសរ៉ាំរ៉ៃ គឺជាការរាកដោយលាមកមានសភាពជ្រាយ (Semi liquid) ឬក៏មកជាទឹកសុទ្ធ (liquid) តែម្តង។
អាការៈរាករូសរ៉ាំរ៉ៃ អាចបង្កឡើងដោយកត្តាច្រើន ហើយពេលខ្លះគឺអាចមានទាក់ទងនឹងជំងឺដែលគួរឲ្យយើងយកចិត្តទុកដាក់មួយចំនួនដូចជា៖
– ជំងឺរលាកពោះវៀនធំដោយមេរោគឆ្លង (ក្នុងនោះមានជំងឺរបេងពោះវៀនធំដែរ)
– ជំងឺរលាកពោះវៀនធំដោយគ្មានមេរោគឆ្លង
– ជំងឺខ្សោយពោះវៀន ឬពោះវៀនដើរខុសធម្មតា
– មានដុំសាច់ដុះនៅក្នុងពោះវៀនធំ (មហារីកពោះវៀនធំ)
– ជំងឺឡើងជាតិពុលនៃក្រពេញបំពង់ក
– ពពួកប៉ារ៉ាស៊ីត (ព្រូន តេនញ៉ា អាមីប ជាដើម។ល។)
– ជំងឺរាកនៅលើអ្នកជំងឺអេដស៍ ដែលភាគច្រើនជាងគេនោះគឺបង្កឡើងដោយ ពពួកផ្សិតនៅពោះវៀន
– វាក៏អាចបណ្ដាលមកពីការញ៉ាំថ្នាំមួយចំនួនផងដែរ (ពិសេសប្រភេទថ្នាំព្យាបាលជំងឺទឹកនោមផ្អែម។ល។)
មន្ទីរពេទ្យ កាល់ម៉ែត បន្តថា អាការៈរាករូសរ៉ាំរ៉ៃនេះមិនមែនជាជំងឺនោះទេ តែវាគឺជារោគសញ្ញាដែលបង្កឡើងដោយជំងឺ និងមូលហេតុដែលបានរៀបរាប់ខាងលើ ហើយវាចេញរោគសញ្ញាអមដោយ ក្ដៅខ្លួន រងាញាក់ ឈឺចុកចាប់ក្នុងពោះ បត់ជើងមានលាយឈាម អស់កម្លាំង ស្លេកស្លាំង ស្រកទម្ងន់ មានដុំពោះ។ល។
សម្រាប់ការព្យាបាល គឺតម្រូវទៅតាមមូលហេតុពិតប្រាកដរបស់ការរាករូសនេះ ហើយការព្យាបាលឲ្យចំមូលហេតុបង្ករបស់អាការៈរាករូស ទើបជាព្យាបាលត្រឹមត្រូវ និងមានប្រសិទ្ធភាពខ្ពស់បំផុត។
[embed-health-tool-bmi]