និយមន័យ
១- អ្វីជាជំងឺស្រុតស្បូន?
សាច់ដុំ សរសៃពួរ និងស្បែកទាំងក្នុង និងជុំវិញទ្វារមាសស្ត្រី ជាសរីរាង្គ និងកោសិកាសាំញ៉ាំមាននាទីគាំទ្រដល់សរីរាង្គ រួមនឹងជាលិកាសំខាន់ ក្នុងអាងត្រគាក។ ប៉ុន្តែនៅពេលសរីរាង្គ និងកោសិកាទាំងនេះ ចុះខ្សោយ ឬខូតខាត វាបង្កទៅជាជំងឺស្រុតស្បូន។
ជំងឺស្រុតស្បូន គឺសំដៅលើសរីរាង្គមួយ ឬច្រើនក្នុងចំណោមសរីរាង្គជាប់រចនាសម្ព័ន្ធគ្នា ដូចជា ស្បូន ចុងពោះវៀនធំ ប្លោកនោម និងបំពង់បង្ហួរនោម ចុះខ្សោយ ឬខូច ធ្វើឲ្យសុ្រតខុសទីតាំងដើម។ ហើយបើគ្មានការព្យាបាលត្រឹមត្រូវទេ សរីរាង្គទាំងនេះ នឹងបន្តស្រុតចុះរហូត លៀនចេញមកក្រៅទ្វារមាសតែម្តង។
២- កើតឡើងញឹកញាប់ដែរទេ?
ស្រុតស្បូន ជាជំងឺមួយស្រីៗជួបប្រទះញឹកញាប់ជាងគេ ហើយដើម្បីទទួលបានព័ត៌មានបន្ថែម ត្រូវពិគ្រោះ និងប្រឹក្សាយោបល់ជាមួយគ្រូពេទ្យជំនាញ។
រោគសញ្ញា
៣- រោគសញ្ញាជំងឺស្រុតស្បូនមានអ្វីខ្លះ?
រោគសញ្ញាចែកចេញទៅតាមប្រភេទនៃសរីរាង្គ យ៉ាងណាប្រភេទជំងឺនៃសរីរាង្គនីមួយៗ មានរោគសញ្ញាមួយដូចគ្នា នោះគឺមានអារម្មណ៍ធ្ងន់ផ្នែកខាងក្រោម ដូចជាមានអ្វីកំពុងតែធ្លាក់ចុះ។ អារម្មណ៍បែបនេះ អាចបណ្តាលមកពីមានសរីរាង្គអ្វីមួយកំពុងលូនចុះមកក្រោមខុសពីទីតាំងដើម ហើយជាទូទៅ ស្បួននឹងកាន់តែស្រុតចុះ បើមានអារម្មណ៍ថាកាន់តែធ្ងន់។
រោគសញ្ញារួមមួយចំនួនទៀតមានដូចជា៖
– មានសម្ពាធក្នុងទ្វារមាស ឬអាងត្រគៀក
– ឈឺចាប់ពេលរួមភេទ
– មានដុំនៅរន្ធទ្វារមាស
– ឈឺចាប់ ឬសម្ពាធ ធ្លាក់ចុះវិញពេលគេង
– រលាកផ្លូវបង្ហូរទឹកនោម បង្កដោយមេរោគម្តងហើយម្តងទៀត។
រោគសញ្ញាបែងចែកទៅតាមប្រភេទសរីរាង្គនៃជំងឺស្រុតស្បូនមានដូចជា៖
– ពិបាកបន្ទោបង់៖ ជាសញ្ញាបង្ហាញថា មានការធ្លាក់ចុះ ពោះវៀនតូច ចុងពោះវៀនធំ ឬផ្នែកខាងលើសាច់ដុំទ្វារមាស។ ស្រីៗមានជំងឺប្រភេទនេះ អាចពិបាកបន្ទោបង់រហូត ដល់ត្រូវប្រើម្រាមដៃរុញសរីរាង្គធ្លាក់ចុះនោះ ទៅលើវិញ ទើបអាចបន្ទោបង់អស់។
– ពិបាកនោមឲ្យអស់៖ អាចបណ្តាលមកពីការធ្លាក់ចុះ ប្លោកនោម បំពង់បង្ហួរនោម ពោះវៀនតូច ផ្នែកខាងលើសាច់ដុំទ្វារមាស ឬស្បូនតែម្តង។
– ទល់លាមក៖ ជាសញ្ញាស្រុតចុះចុងពោះវៀនធំ។
– ជ្រាបទឹកនោមមិនដឹងខ្លួន (ប្រឹង ក្អក សើច លើកធ្ងន់)៖ ជាសញ្ញាស្រុតចុះប្លោកនោម និងមានភាពចុះខ្សោយនៃសាច់ដុំខ្ជិបទប់ទឹកនោម។
– ឈរយូរឈឺចាប់នៅតំបន់អាងត្រគាក៖ ជាសញ្ញាស្រុតចុះពោះវៀនតូច ផ្នែកខាងលើសាច់ដុំទ្វារមាស ឬស្បូន។
– ការលូនចូលនៃជាលិកាផ្នែកខាងក្រោយសាច់ដុំទ្វារមាស៖ ជាសញ្ញាស្រុតចុះចុងពោះវៀនធំ។
– ការលូនចូលជាលិកាផ្នែកខាងមុខសាច់ដុំទ្វារមាស៖ ជាសញ្ញាស្រុតចុះប្លោកនោម ឬបំពង់បង្ហួរនោម។
– រន្ធទ្វារមាសធំពេក៖ ជាសញ្ញាស្រុតចុះផ្នែកខាងលើនៃសាច់ដុំទ្វារមាស។
ករណីជំងឺស្រុតស្បូនមួយចំនួន មិនលេចចេញជាសញ្ញាអ្វីគួរអោយកត់សម្គាល់ទេ។ លើសពីនេះ មានករណីមួយចំនួន អាចលេចចេញរោគសញ្ញាផ្សេងៗ ក្រៅពីសញ្ញាខាងលើ បើមានមន្ទិលសង្ស័យទាក់ទងរោគសញ្ញាណាមួយ សូមពិគ្រោះជាមួយគ្រូពេទ្យជំនាញ។
៤- ពេលណាគួរទៅជួបពេទ្យ?
បើមានសញ្ញា អាការៈដូចបានរៀបរាប់ខាងលើ ឬមានចម្ងល់ផ្សេងៗ សូមពិគ្រោះយោបល់ជាមួយគ្រូពេទ្យ ព្រោះរាងកាយយើងម្នាក់ៗមានភាពខុសគ្នា ហេតុនេះរោគសញ្ញាអាចនឹងខុសគ្នាដែរ។
មូលហេតុបង្ក
៥- មូលហេតុបង្កមានអ្វីខ្លះ?
មូលហេតុបង្កមានដូចជា៖
– សម្រាលបេប៊ី (ធំពេក)៖ សម្រាលបេប៊ី តែងធ្វើឲ្យខូចខាតលើជាលិកា សាច់ដុំ និងសរសៃពួរខាងក្នុង និងជុំវិញទ្វារមាស។ លើសពីនេះ សម្រាលប្រើពេលយូរ (ពិបាកសម្រាល) ឬបេប៊ីមានទំហំធំ កាន់តែធ្វើឲ្យខូចខាតខ្លាំងឡើង។ ករណីនេះ ជាមូលហេតុចម្បង នាំឲ្យប្លោកនោមស្រុតចុះទៅក្នុងទ្វារមាស ជួនកាលបំពង់បង្ហួរនោមស្រុតចុះមកជាមួយផងដែរ។
– អស់រដូវ៖ ដោយសារអ័រម៉ូនអឺស្ត្រូសែន មាននាទីជួយរក្សាសាច់ដុំ រួមនិងជាលិកាទ្រទ្រង់សរីរាង្គក្នុងអាងត្រគាកឲ្យរឹងមាំ អស់រដូវបរិមាណអ័រម៉ូនធ្លាក់ចុះ បង្កឲ្យសរីរាង្គចុះខ្សោយដូចគ្នា។
– កាត់ស្បូន៖ ស្បូនជាសរីរាង្គសំខាន់ដែលទ្រទ្រង់ផ្នែកខាងលើទ្វារមាស។ នៅពេលស្បូនត្រូវ កាត់ចោល សាច់ដុំផ្នែកខាងលើទ្វារមាស នឹងធ្លាក់ស្រុតចុះមករន្ធទ្វារមាសតែម្តង នាំឲ្យសរសៃពួរនៅជុំវិញ ចាប់ផ្តើមទទួលរងសម្ពាធ បណ្តាលឲ្យពោះវៀនតូចស្រុតចុះមកផងដែរ។
កត្តាប្រឈម
៦- កត្តាប្រឈមមានអ្វីខ្លះ?
កត្ដាប្រឈមធ្វើឲ្យកើតជំងឺនេះមានដូចជា៖
– វ័យចំណាស់
– ធាត់ពេក
– ធ្វើការធ្ងន់
– ជាលិកាសន្ឋានមិនប្រក្រតី
– មានបញ្ហាទាក់ទងសរសៃប្រសាទ និងជាលិកា
– ធ្លាប់វះកាត់សរីរាង្គក្នុងអាងត្រគាកពីមុន (វះកាត់សម្រាលកូន)។
រោគវិនិច្ឆ័យ និងការព្យាបាល
ព័ត៌មាននេះមិនអាចយកទៅប្រើប្រាស់គ្រប់ប្រភេទជំងឺទេ។ គួរពិភាក្សាជាមួយគ្រូពេទ្យជំនាញសម្រាប់ព័ត៌មានបន្ថែម។
៧- គួរធ្វើរោគវិនិច្ឆ័យដោយវិធីណា?
ជាទូទៅ ពេទ្យធ្វើរោគវិនិច្ឆ័យឃើញអំឡុងពេលពិនិត្យសុខភាពរោគស្ត្រីទូទៅ។ គ្រូពេទ្យឯកទេស អាចធ្វើរោគវិនិច្ឆ័យបាន ផ្អែកទៅលើការសាកសួរប្រវត្តិជំងឺពីមុន និងពិនិត្យរាងកាយ ដោយការធ្វើតេស្តនៅមន្ទីរពិសោធន៍ ឬថតរូបភាពវេជ្ជសាស្ត្រ (អេកូសាស្ត្រ) ជាធម្មតាមិនចាំបាច់ធ្វើក៏បាន។
តេស្តទៅលើភាពរឹងមាំនៃសាច់ដុំអាងត្រគាក និងមុខងារប្លោកនោម ត្រូវបានធ្វើអំឡុងពេលពិនិត្យរាងកាយផងដែរ។
– តេស្តសាច់ដុំអាងត្រគាក៖ អំឡុងពេលពិនិត្យអាងត្រគាក គ្រូពេទ្យនឹងធ្វើការតេស្តទៅកម្លាំងសាច់ដុំ សាច់ដុំខ្ជិប និងសាច់ដុំសរសៃពួរ ជួយទ្រទ្រង់ចុងពោះវៀនធំ បំពង់បង្ហួរនោម និងប្លោកនោម។ លទ្ធផលតេស្តនេះ អាចបញ្ជាក់ថារោគវិនិច្ឆ័យបានរកឃើញត្រឹមត្រូវ ឬអត់ ក៏អាចសម្រេចថាគួរធ្វើលំហាត់ប្រាណ Kegel (លំហាត់ប្រាណពង្រឹងសាច់ដុំអាងត្រគាក) បាន ឬអត់ដូចគ្នា។
– តេស្តមុខងារប្លោកនោម៖ អាចវាយតម្លៃទៅលើសមត្ថភាពស្តុក និងបញ្ចេញទឹកនោម តាមវិធី ២យ៉ាង ទី ១ ធ្វើឡើងដោយការវាស់បរិមាណ និងកម្លាំងលំហូរទឹកនោម និងទី ២ ធ្វើឡើងដោយបាញ់ទឹកបំពេញប្លោកនោមដោយបំពង់ កាតេទែ ជាមុនសិន រួចវាស់បរិមាណទឹកនោមអាចនោមចេញមកក្រៅ។
៨- ព្យាបាលដោយវិធីណា?
ព្យាបាលជំងឺស្រុតស្បូន ធ្វើឡើងតាមដំណាក់កាល៖
-ដំណាក់កាលដំបូង៖ គ្រូពេទ្យណែនាំហាត់ប្រាណពង្រឹងសាច់ដុំអាងត្រគាកទាំងមូលជាមុនសិន។ ដោយឡែកស្រីមិនអាចហាត់ប្រាណបាន ពេទ្យនឹងដាក់សន្ទះទ្រស្បូនមានទម្រង់ជាចិញ្ជៀនប្លាស្ទិក (Pessary) ទៅក្នុងទ្វារមាសដើម្បីទ្រសរីរាង្គក្នុងនោះមិនអោយបន្តស្រុតចុះមកក្រោម។
-ជម្រើសព្យាបាលដោយការវះកាត់៖ បើសិនការព្យាបាលតាមដំណាក់កាលដំបូងបរាជ័យ គ្រូពេទ្យអាចណែនាំយើងព្យាបាលដោយវះកាត់តែម្តង។ គួរពិគ្រោះ និងប្រឹក្សាយោបល់ជាមួយគ្រូពេទ្យវះ ពីកត្តាអាយុ និងសុខភាពទូទៅ និងផែនការយកបេប៊ីនាពេលអនាគត រក្សាមុខងារបន្តពូជ កម្រិតស្រុតស្បូន និងលក្ខខណ្ឌផ្សេងៗ អាចជះឥទ្ធិពលដល់ការសម្រេចចិត្តវះកាត់។ ឧទាហរណ៍ អាចតម្រូវឲ្យវះកាត់ស្បូនចោលទាំងមូល តែចាំបាច់នៅពេលជំងឺស្រុតស្បូនស្ថិតក្នុងស្ថានភាពធ្ងន់ធ្ងរបំផុតប៉ុណ្ណោះ។
ព្យាបាលដោយវះកាត់ ចែកចេញជា ២ វិធីធំៗទៅតាមលក្ខខណ្ឌផ្សេងៗ ហើយវិធីវះកាត់ ភាគច្រើនធ្វើឡើងតាមផ្លូវទ្វារមាស ព្រោះវាមិនបន្សល់ស្លាកស្នាមបន្ទាប់ពីវះ ខណៈវិធីពេញនិយម មួយទៀត គឺវះកាត់ដោយប្រើកាមេរ៉ាឆ្លុះ។ វះកាត់ប្រភេទនេះ គឺត្រូវឆូតស្បែក រួចដាក់បំពង់តូចៗប្រវែងប្រហែល ២សង់ទីម៉ែត្រ ចូលទៅក្នុងទ្វារមាស។ តិចនិក វះបែបនេះជួយកាត់បន្ថយស្លាកស្នាម កុំឲ្យបាត់បង់ឈាមច្រើន ជួយរបួសឆាប់ជាសះស្បើយផងដែរ។
មានតិចនិកម្យ៉ាងទៀត ធ្វើឡើងដោយដេរបង្រួមទ្វារមាស ដេរផ្នែកខាងមុខរឹតបន្តឹងជញ្ជាំងសាច់ដុំខាងមុខ ហើយដេរផ្នែកខាងក្រោយ រឹតបន្តឹងជញ្ជាំងសាច់ដុំខាងក្រោយទ្វារមាស។ ចំណែកឯតិចនិកវះ ធ្វើឡើងដោយប្រើដាក់កាមេរ៉ាឆ្លុះ ជួយកាត់បន្ថយករណីជ្រាបទឹកនោម ជួសជុលការស្រុតនៃសរីរាង្គនៅលើទ្វារមាស ក៏ដូចជាទ្រទ្រង់នូវសាច់ដុំទ្វារមាស ចុះខ្សោយបន្ទាប់ពីស្បូនត្រូវបានកាត់ចោល។
ក្នុងករណីមានសាច់ដុំណាមួយចុះខ្សោយបន្ទាប់ពីវះកាត់ គ្រូពេទ្យអាចយកជាលិកាស្រដៀងណាមួយមកដាក់ជំនួសជាលិកាដើម ឬអាចប្រើសារធាតុសិប្បនិម្មិតណាមួយ (ឧ. សំណាញ់) ដើម្បីទ្រសរីរាង្គទាំងនោះ កុំអោយធ្លាក់ចុះមកទៀត។
ផ្លាស់ប្តូរទម្លាប់រស់នៅ
៩- ទម្លាប់រស់នៅ
ផ្លាស់ប្តូរទម្លាប់រស់នៅ និងវិធីព្យាបាលនៅផ្ទះ អាចជួយបង្ការ និងគ្រប់គ្រងស្ថានភាពជំងឺបាន ដូចជា៖
– ហាត់ប្រាណ Kegel ឲ្យបានទៀងទាត់ ព្រោះលំហាត់ប្រាណប្រភេទនេះអាចជួយពង្រឹងសាច់ដុំទ្រទ្រង់អាងត្រគៀក ជាពិសេសក្រោយពីធ្លាប់សម្រាលបេប៊ី។
– ព្យាបាល និងការពារទល់លាមក ដោយផឹកទឹក និងញ៉ាំអាហារសម្បូរជាតិសរសៃ ដូចជា ផ្លែឈើ បន្លែ សណ្តែក និងគ្រាប់ធញ្ញជាតិ។
– ចៀសវាងលើកធ្ងន់ ដោយមិនបានប្រុងប្រយ័ត្ន ចូរប្រើកំលាំងជើងយើងជួយលើក មិនត្រូវប្រើកំលាំងចេញពីចង្កេះ ឬខ្នងឡើយ។
– គ្រប់គ្រងអាការៈក្អក ព្យាបាលជំងឺក្អករ៉ាំរ៉ៃ ឬជំងឺរលាកទងសួត ហើយត្រូវឈប់ជក់បារី។
– ចៀសវាងឡើងទម្ងន់ គួរពិភាក្សាជាមួយគ្រូពេទ្យ ដើម្បីកំណត់ទម្ងន់សមស្របណាមួយតាមដំបូន្មានពេទ្យក្នុងករណីចាំបាច់។
[embed-health-tool-bmi]