ទម្លាប់រស់នៅប្រចាំថ្ងៃដែលមិនសូវធ្វើចលនារាងកាយដូចជាអង្គុយយូរម៉ោងក្នុងមួយថ្ងៃៗមានគ្រោះថ្នាក់ខ្លាំងចំពោះខុសភាព។ ការណ៍ដែលយើងអាចធ្វើចលនាបានច្រើនក្នុងមួយថ្ងៃៗ អាចកាត់បន្ថយហានិភ័យសុខភាពផ្សេងបានច្រើន និងធ្វើឲ្យសុខភាពកាន់តែប្រសើរ។
ហានិភ័យសុខភាពបណ្ដាលមកពីអង្គុយយូរម៉ោងរាល់ថ្ងៃ
មនុស្សយើងធម្មជាតិបង្កើតមកដោយឲ្យមានជំហរត្រង់ ដែលការណ៍នេះជួយដល់បេះដូង និងប្រព័ន្ធសរសៃឈាមបេះដូងធ្វើការមានប្រសិទ្ធភាពល្អ។ ដូចគ្នាដែរ ពោះវៀនយើងក៏ដំណើរការបានល្អពេលដងខ្លួនយើងឈរត្រង់ល្អ។ ដូចគ្នាយើង ធ្លាប់ដឹងហើយថាអ្នកដែលមិនសូវបានធ្វើចលនា ឬដេកស្ងៀមរយៈពេលយូរ អាចមានបញ្ហាក្នុងការបន្ទោបង់។
១. ជើង និងសាច់ដុំ
ការដែលយើងចំណាយពេលអង្គុយយូរម៉ោងក្នុងមួយថ្ងៃៗអាចនាំឲ្យយើងខ្សោយជើង និងសាច់ដុំនៅត្រង់ជើងមិនរឹងមាំ។ សាច់ដុំធំនៅជើង មានសារសំខាន់ក្នុងការជួយរក្សាលំនឹង និងដើរ។ បើសិនជាសាច់ដុំជើងខ្សោយ អាចធ្វើឲ្យយើងងាយនឹងដួល និងអាចធ្វើឲ្យយើងពិបាកហាត់ប្រាណ។
២.ទម្ងន់
ការធ្វើចលនាបានច្រើន ជួយឲ្យរាងកាយយើងបំបែកខ្លាញ់ និងស្ករដែលយើងញ៉ាំបានល្អ។ បើសិនជាយើងចំណាយពេលអង្គុយច្រើនម៉ោង ការរំលាយអាហារមិនមានប្រសិទ្ធភាព ដូចនេះនាំឲ្យស្ករ និងខ្លាញ់ទាំងនោះស្តុកនៅក្នុងរាងកាយរបស់យើង និងឡើងទម្ងន់។
ទោះបីយើងជាមនុស្សចូលចិត្តហាត់ប្រាណក៏ដោយ តែការចំណាយពេលវេលាច្រើនក្នុងការអង្គុយក៏នៅតែអាចបង្កជាបញ្ហាសុខភាពដូចជា បញ្ហាធាត់ជ្រុល សម្ពាធឈាមខ្ពស់ ខ្លាញ់ក្នុងឈាមខ្ពស់ កម្រិតកូលេស្តេរ៉ូលល្អចុះទាប និងមានភាពធន់អាំងស៊ុយលីនជាដើម។ បើយើងជាមនុស្សអង្គុយច្រើនក្នុងមួយថ្ងៃៗ ការសិក្សាថ្មីៗនេះណែនាំឲ្យហាត់ប្រាណកម្រិតមធ្យម ដូចជាដើរ រត់ ជិះកង់ ឬហែលទឹកឲ្យបានចន្លោះពី៦០ទៅ៧៥នាទីក្នុងមួយថ្ងៃ មិនមែនត្រឹម៣០នាទីនោះទេ។
៣. ត្រគាក និងខ្នង
បើយើងចំណាយពេលច្រើនក្នុងការអង្គុយក្នុងមួយថ្ងៃៗ ត្រគាក និងខ្នងរបស់យើងក៏លែងសូវមានប្រសិទ្ធភាពក្នុងការទ្រដងខ្លួនទៀតដែរ។ ការមានទម្លាប់អង្គុយយូររាល់ថ្ងៃធ្វើឲ្យសាច់ដុំសន្លាក់នៅត្រគាករួញខ្លី ដែលអាចនាំឲ្យមានបញ្ហាដល់សន្លាក់ត្រង់ត្រគាក។
ដូចគ្នាដែរ ការអង្គុយយូរ បូករួមឥរិយាបថអង្គុយមិនល្អផង អាចធ្វើឲ្យប៉ះពាល់ដល់សុខភាពឆ្អឹងខ្នងដែរ ដូចជាមានសម្ពាធលើឌីសឆ្អឹងខ្នង និងអាចធ្វើឲ្យឈឺចាប់។
៤. ជំងឺមហារីក
ការសិក្សាថ្មីៗនេះរកឃើញថា គ្រោះថ្នាក់បង្កមកពីការអង្គុយយូរម៉ោងក្នុងមួយថ្ងៃៗអាចនាំឲ្យយើងប្រឈមខ្ពស់កើតជំងឺមហារីកសួត មហារីកស្បូន និងមហារីកពោះវៀនធំ។ ហេតុផលនៅពីក្រោយរឿងនេះ ក្រុមអ្នកស្រាវជ្រាវនៅមិនទាន់អាចបញ្ជាក់បាននៅឡើយ។
៥. ជំងឺបេះដូង
ការអង្គុយយូរក៏មានទំនាក់ទំនងទៅនឹងជំងឺបេះដូង។ ការសិក្សាមួយបានរកឃើញថាបុរសដែលអង្គុយមើលទូរទស្សន៍យូរជាង២៣ម៉ោងក្នុងមួយសប្ដាហ៍ មានឱកាសស្លាប់ដោយសារជំងឺបេះដូង៦៤ភាគរយខ្ពស់ជាងបុរសដែលអង្គុយមើលទូរទស្សន៍ត្រឹម១១ម៉ោងក្នុងមួយសប្ដាហ៍។
អ្នកជំនាញមួយចំនួននិយាយថាមនុស្សដែលមិនសូវបញ្ចេញសកម្មភាពរាងកាយ និងអង្គុយច្រើនម៉ោងក្នុងមួយថ្ងៃៗ មានអត្រាប្រឈមនឹងកើតជំងឺគាំងបេះដូង និងគ្រោះថ្នាក់សរសៃឈាមបេះដូងដល់ទៅ១៤៧ភាគរយ។
៦. ជំងឺទឹកនោមផ្អែម
ការសិក្សាបង្ហាញថា គ្រាន់តែដេកស្ងៀមនៅលើគ្រែត្រឹមចំនួនប្រាំថ្ងៃជាប់គ្នាក៏អាចនាំឲ្យរាងកាយយើងប្រឈមបញ្ហាធន់នឹងអាំងស៊ុយលីនដែរ ដែលការណ៍នេះនឹងធ្វើឲ្យកម្រិតជាតិស្ករក្នុងឈាមឡើងលើសកម្រិតធម្មតា។ ការសិក្សាលើកឡើងថាអ្នកចំណាយពេលច្រើនអង្គុយក្នុងមួយថ្ងៃៗ អាចប្រឈមជំងឺទឹកនោមផ្អែមដល់ទៅ១១២ភាគរយ។
បើគ្នាយើងអង្គុយធ្វើការក្នុងការិយាល័យច្រើនម៉ោងក្នុងមួយថ្ងៃៗយើងគួរ៖
- ឡើងចុះជណ្ដើរជើង ជាជាងប្រើជណ្ដើរយន្ត
- ដើរទៅជជែកជាមួយអ្នករួមការងារ ជាជាងផ្ញើសារ
- ដើរទៅរកទិញអាហារខាងក្រៅ ជាជាងហៅមកញ៉ាំក្នុងបន្ទប់
- ដើរទៅចាក់ទឹកញ៉ាំឲ្យបានញឹកញាប់។
[embed-health-tool-bmi]