ស្អាត ស្រីៗណាមិនចង់? គ្រាន់តែថា ពេលគ្នាយើងមានពោះ ការលាបក្រែមថែមម្សៅ ប្រើផលិតផលមួយចំនួន អាចប៉ះពាល់កូនបាន។ តើមានអ្វីខ្លះ? ប៉ះពាល់កម្រិតណា?
១- ផលិតផលធ្មេញស
សារធាតុផ្សំក្នុងផលិតផលធ្វើឲ្យធ្មេញស គឺ Peroxide ដែលមានសុវត្ថិភាពសម្រាប់មនុស្សពេញវ័យ បើទោះលេបវាចូលក្នុងពោះក៏ដោយ។ ប៉ុន្តែសារធាតុមួយចំនួនក្នុងផលិតផលធ្វើឱ្យធ្មេញសនោះ អាចប៉ះពាល់ដល់កូនក្នុងផ្ទៃ។ ជំនួសឲ្យការប្រើផលិតផលធ្វើឲ្យធ្មេញស ផ្ដេសផ្ដាសផ្សេងៗ យកល្អ ស្ត្រីមានផ្ទៃពោះ គួរប្រើប្រភេទថ្នាំដុសធ្មេញជួយឲ្យធ្មេញស ហើយឧស្សាហ៍ទៅពេទ្យសម្អាតធ្មេញ។
២- ស្ព្រាយបាញ់សក់ និងថ្នាំក្រចក
សារធាតុ Phthalate គេរកឃើញក្នុងស្ព្រាយបាញ់សក់ និងថ្នាំលាបក្រចក។ វាអាចមានហានិភ័យធ្វើឲ្យកូនក្នុងផ្ទៃអត់គ្រប់លក្ខណៈ និងការអភិវឌ្ឍផ្លូវភេទបុរសមិនប្រក្រតី។ ដើម្បីសុវត្ថិភាព គួរប្រើផលិតផលគ្មានសារធាតុ Phthalate។ យើងអាចប្រើហ្វូមលាបសក់ ឬចាហួយលាបសក់ ជំនួសការប្រើស្ព្រាយ។
៣- ក្រែមលាបមាត់
សារធាតុសំណ ត្រូវគេប្រទះឃើញក្នុងក្រែមលាបមាត់ ដើម្បីជួយរក្សាពណ៌លើមាត់។ ជិត ៦១% នៃក្រែមល្បីៗ សុទ្ធតែផ្សំពីសារធាតុនេះ។ ដើម្បីសុវត្ថិភាព គួរជ្រើសយកធម្មជាតិទៅ ឬប្រើផលិតផលដែលគ្មានជាតិសំណ និងពិគ្រោះជាមួយពេទ្យមុនប្រើ។
៤- ក្រែម ឬឡេ
ក្រែមភាគច្រើន (ឡេការពារកម្ដៅថ្ងៃ ក្រែមបំបាត់ជ្រួញ និងក្រែមមួយចំនួនទៀតផ្សេងៗទៀត) មានផ្ទុកសារធាតុដែលអាចប៉ះពាល់ដល់ទារកក្នុងផ្ទៃ។ មុននឹងប្រើ គួរពិគ្រោះជាមួយគ្រូពេទ្យជាមុន។
៥- ចាក់ថ្នាំបំបាត់ជ្រួញ (Botox)
ទម្រាំតែកូនម៉ាក់កើតមក គួរផ្អាកកែសម្ផស្សទៅ ព្រោះការចាក់ថ្នាំនេះបង្កគ្រោះថ្នាក់ណាស់។ មិនមានភស្តុតាងអ្វីដែលធានាថា ការចាក់ថ្នាំបំបាត់ជ្រួញ មានសុវត្ថិភាពចំពោះអ្នកមានផ្ទៃពោះឡើយ។
៦- ថ្នាំលាបសក់
ពេទ្យមួយចំនួនបានផ្តល់យោបល់ថា ស្ត្រីមានផ្ទៃពោះគួរនៅឱ្យឆ្ងាយពីថ្នាំលាបសក់ ឯពេទ្យខ្លះថាមិនអីទេ បើប្រើវាល្មមៗ។ សារធាតុគីមីក្នុងផលិតផលទាំងនេះ អាចជ្រាបចូលស្បែកម៉ាក់បាន ហើយភាគច្រើនមានសារធាតុពុល។ បន្ទាប់ពីពិនិត្យឃើញមានផ្ទៃពោះហើយ វិធីប្រសើរបំផុត គួរពិភាក្សាជាមួយពេទ្យ ឬយកល្អ កុំប្រើតែម្ដង។
[embed-health-tool-due-date]