នៅអំឡុងពេលពពោះ ម៉ាក់ៗចាំបាច់ត្រូវជៀសវាងការញ៉ាំអាហារមួយចំនួន និងជ្រើសរើសតែប្រភេទអាហារណាដែលអាចធានាថា ទាំងម្ដាយ និងកូនក្នុងផ្ទៃទទួលបានសារធាតុចិញ្ចឹមដែលត្រូវការប្រចាំថ្ងៃ។ជាទូទៅ បន្លែជាអាហារដែលយើងគួរញ៉ាំឲ្យបានច្រើននៅពេលពពោះ រួមទាំងស្ពៃក្ដោបផងដែរ។ ស្ពៃក្ដោបដែលចម្អិនរួច មានសុវត្ថិភាពជាងស្ពៃក្ដោបឆៅសម្រាប់ស្ត្រីកំពុងមានគភ៌ ពីព្រោះវាកាត់បន្ថយហានិភ័យនៃជំងឺផ្សេងៗដែលបណ្ដាលមកពីអាហារ។ គុណប្រយោជន៍របស់ស្ពៃក្រោមមានដូចខាងក្រោម។
មានសារធាតុចិញ្ចឹមចាំបាច់ខ្ពស់
យោងតាមAmerican Pregnancy Association ស្ត្រីពពោះគប្បីញ៉ាំស្ពៃក្ដោបជាប្រចាំ ពីព្រោះបន្លែមួយប្រភេទនេះ សំបូរទៅដោយជាតិកាល់ស្យូម ដែលជួយឲ្យឆ្អឹងរបស់ទារករឹងមាំ។ រីឯជាតិដែក ជួយការពារការវិវត្តទៅជាជំងឺស្លេកស្លាំង នៅអំឡុងពេលមានគភ៌ និងហ្វូឡេត អាចជួយកាត់បន្ថយហានិភ័យនៃការខូចទ្រង់ទ្រាយប្រព័ន្ធប្រសាទពីកំណើត ។ ស្ពៃក្ដោបមួយពែងមានផ្ទុកជាតិសរសៃប្រហែល២,៨ក្រាម ឬស្មើនឹង១២%នៃតម្រូវការប្រចាំថ្ងៃរបស់ស្ត្រីមានគភ៌។ ជាក់ស្ដែង ជាតិសរសៃអាចជួយកាត់បន្ថយហានិភ័យនៃការទល់លាមក ដែលតែងតែកើតមានឡើងចំពោះស្ត្រីមានផ្ទៃពោះ។ បន្ថែមពីនេះ ស្ពៃក្ដោបក៏ជាប្រភពនៃវីតាមីនC និងK ផងដែរ។
ដង់ស៊ីតេថាមពលទាប
ស្ត្រីពពោះត្រូវការកាឡូរី៣០០បន្ថែមក្នុងមួយថ្ងៃ អំឡុងត្រីមាសទី២ និងទី៣។ បន្លែស្លឹកបៃតង ដូចជាស្ពៃក្ដោបមានដង់ស៊ីតេថាមពលទាប ដូច្នេះហើយម៉ាក់ៗអាចញ៉ាំបន្លែមួយមុខនេះបានដោយមិនចាំបាច់បារម្ភពីការស្រូបយកកាឡូរីច្រើនឡើយ។ លើសពីនេះ ស្ពៃក្ដោបក៏ផ្ដល់បរិមាណដ៏ច្រើនលើសលប់នៃសារធាតុចិញ្ចឹមសំខាន់ៗផងដែរ ដូចនេះ វាអាចជួយឲ្យស្ត្រីមានគភ៌បំពេញតម្រូវការសារធាតុចិញ្ចឹមបន្ថែម ដោយមិនឡើងទម្ងន់ជ្រុល។ ពិតណាស់ ការធាត់ជ្រុលនៅអំឡុងពេលពពោះ អាចធ្វើឲ្យម៉ាក់ៗមានហានិភ័យខ្ពស់នៃការកើតកូនមិនគ្រប់ខែ សម្រាលកូនដោយការវះកាត់ និងលើសទម្ងន់ ក្រោយសម្រាលកូនរួច។
ការញ៉ាំបន្លែឆៅបង្កគ្រោះថ្នាក់ដល់ស្ត្រីពពោះយ៉ាងម៉េចខ្លះ?
ស្ត្រីពពោះគប្បីញ៉ាំតែបន្លែឆ្អិន ជាជាងបន្លែឆៅ ពីព្រោះបន្លែឆៅសំបូរទៅដោយពពួកបាក់តេរី ដែលអាចបង្កឲ្យមានជំងឺដែលបណ្ដាលមកពីអាហារ ដូចជាជំងឺ listeria។ ការកើតជំងឺប្រភេទនេះ នៅអំឡុងពេលពពោះ អាចបណ្ដាលឲ្យកូនកើតមិនគ្រប់ខែ រលូនកូន ឬទារកស្លាប់ក្នុងផ្ទៃ។ ស្ត្រីពពោះងាយប្រឈមនឹងជំងឺ listeriaនេះ ជាងអ្នកដែលមិនមានផ្ទៃពោះទៅទៀត បន្ទាប់ពីញ៉ាំអាហារដែលមានមេរោគ។
[embed-health-tool-due-date]