អំឡុងពេលពពោះ ស្ត្រីៗយើងតែងតែត្រូវការសារធាតុចិញ្ចឹមគ្រប់គ្រាន់ ដើម្បីទ្រទ្រង់សុខភាពទាំងម្ដាយ និងទារក។ ពិតណាស់ បន្លែ និងផ្លែឈើមានគុណប្រយោជន៍ជាច្រើនដល់ម៉ាក់ៗ ជាមួយនឹងវីតាមីនដ៏សម្បូរបែប។ យ៉ាងណាមិញ បន្លែ និងផ្លែឈើមួយចំនួនក៏អាចមានផលប៉ះពាល់នៅអំឡុងពេលនេះដែរ ដូច្នេះហើយម៉ាក់ៗត្រូវមានការប្រុងប្រយ័ត្នឲ្យបានដិតដល់។ ចំពោះទំពាំងបារាំង គឺមានសុវត្ថិភាព១០០%ទាំងនៅអំឡុងពេលមានគភ៌ និងបំបៅដោះកូន។
អត្ថប្រយោជន៍សុខភាពអំឡុងពេលពពោះ
ពិតណាស់ ទំពាំងបារាំងគឺជាបន្លែជំនួយដល់សុខភាព ដែលផ្ទុកទៅដោយវីតាមីនជាច្រើន ប៉ុន្តែវាស្ទើរតែពុំមានជាតិខ្លាញ់ ឬកាឡូរីឡើយ ជាពិសេស សារធាតុចិញ្ចឹមដែលមាននៅក្នុងទំពាំងបារាំងគឺល្អខ្លាំងសម្រាប់ទារកក្នុងផ្ទៃដែលកំពុងតែលូតលាស់។
១. វីតាមីនK
វីតាមីននេះមានសារសំខាន់ទាំងចំពោះម្ដាយ និងទារកនៅអំឡុងពេលពពោះ។ វាអាចជួយបញ្ចៀសធ្លាក់ឈាមខ្លាំង អំឡុងពេលសម្រាល។ ទំពាំងបារាំងជាប្រភពនៃវីតាមីនK ប៉ុន្តែវាមិនអាចកកើត ឬនៅក្នុងរាងកាយរបស់យើងរយៈពេលយូរនោះទេ ដូច្នេះហើយ ម៉ាក់ៗគប្បីញ៉ាំវាជារៀងរាល់ថ្ងៃទើបជាការប្រសើរ។
២. ហ្វូឡេត
ជាមួយគ្នានេះដែរ ហ្វូឡេត គឺមានសារធាតុចិញ្ចឹមដ៏សំខាន់បំផុតមួយក្នុងអំឡុងពេលមានគភ៌។ វាមានគុណប្រយោជន៍ជួយដល់ការវិវត្តបំពង់សរសៃប្រសាទរបស់ទារក (baby’s neural tube)។ ការញ៉ាំហ្វូឡេតដែលមាននៅក្នុងអាហារគ្រប់គ្រាន់ ជាពិសេស នៅអំឡុងពេលទើបពពោះ វាអាចកាត់បន្ថយហានិភ័យនៃជំងឺបំពង់សរសៃប្រសាទ (neural tube disorder) ដូចជាជំងឺប្រព័ន្ធប្រសាទខួរឆ្អឹងខ្នង (spina bifida) ជាដើម។ គ្រាន់តែទំពោះបារាំងប្រហែល១១០ក្រាមប៉ុណ្ណោះក៏មានផ្ទុកហ្វូឡេត១៣៤មីក្រូក្រាម ឬប្រហែល៣៤ភាគរយនៃតម្លៃដែលបានណែនាំប្រចាំថ្ងៃ។
៣. កាល់ស្យូម
បន្ថែមពីនេះ ទំពាំងបារាំងប្រហែល១១០ក្រាមក៏មានផ្ទុកប្រភពកាល់ស្យូមច្រើនជាង២០មិល្លីក្រាមផងដែរ។ ទោះបីជាវាមិនសូវច្រើនក៏ពិតមែន ប៉ុន្តែវាក៏មានគុណតម្លៃចូលរួមជួយដល់ឆ្អឹងទារកឲ្យមានសុខភាពល្អ និងរឹងមាំ។
៤. ជាតិសរសៃ
ទំពាំងបារាំងក៏ជាប្រភពនៃជាតិសរសៃរលាយផងដែរ ដែលជួយសម្រួលដល់ការបន្ទោបង់ជាទៀងទាត់។ ដោយសារតែបញ្ហាទល់លាមកគឺច្រើនតែកើតមានអំឡុងពេលមានគភ៌ ដូច្នេះហើយ ម៉ាក់ៗអាចបន្ថែមទំពាំងបារាំងទៅក្នុងរបបអាហារដើម្បីជៀសវាងបញ្ហាមួយនេះ។
ផលប៉ះពាល់នៃការញ៉ាំទំពាំងបារាំងលើសកម្រិត
ជាក់ស្ដែង ទោះបីជាយើងញ៉ាំទំពាំងបារាំងច្រើន ក៏វាមិនបង្កឲ្យមានគ្រោះថ្នាក់ដែរ។ ប៉ុន្តែ ប្រសិនបើម៉ាក់ៗកំពុងតែជួបប្រទះបញ្ហាហ្គាសក្នុងពោះអំឡុងពេលពពោះ ទំពាំងបារាំងមិនមែនជាជម្រើសល្អឡើយ ពីព្រោះវាមានជាតិសរសៃច្រើន ដែលអាចធ្វើឲ្យយើងមានហ្គាសកាន់តែច្រើន។ ម្យ៉ាងវិញទៀត ទំពាំងបារាំងក៏អាចបណ្ដាលឲ្យទឹកនោមមានក្លិនខ្លាំង។ ប្រសិនបើម៉ាក់ៗមានអាការៈចង់ក្អួតដោយសារតែអ័រម៉ូនពពោះ ចូរជៀសវាងបន្លែមួយប្រភេទនេះ រហូតដល់ម៉ាក់ៗអាចទប់ទល់នឹងក្លិនខ្លាំងបាន។
[embed-health-tool-due-date]