ជាទូទៅ នៅអំឡុងពេលពពោះ ម៉ាក់ៗចាំបាច់ត្រូវធ្វើការផ្លាស់ប្ដូររបបអាហារមួយចំនួន ដើម្បីធានាថាខ្លួន និងកូនក្នុងផ្ទៃទទួលបានសុខភាពល្អ និងជៀសផុតពីបញ្ហាផ្ទៃពោះផ្សេងៗ។ យ៉ាងណាមិញ តើម៉ាក់ៗអាចញ៉ាំសារាយសមុទ្របានដែរឬទេ នៅអំឡុងពេលមានគភ៌?
ពិតណាស់ សារាយសមុទ្រគឺជាកំពូលអាហារដែលផ្ដល់អត្ថប្រយោជន៍ដ៏សំបូរបែបដល់សុខភាព ហើយវាក៏ត្រូវបានចាត់ទុកថាជារូបមន្តព្យាបាលបែបធម្មជាតិសម្រាប់ជំងឺជាច្រើនផងដែរ។
តម្លៃអាហារូបត្ថម្ភនៃសារាយសមុទ្រ
តម្លៃអាហារូបត្ថម្ភដែលមាននៅក្នុងសារាយសមុទ្រចំនួន១០ក្រាម៖
- កាបូអ៊ីដ្រាត ០,៩ក្រាម
- ប្រូតេអ៊ីន ០,៣ក្រាម
- វីតាមីនA ៣៥ IU
- វីតាមីនC ០,៣មិល្លីក្រាម
- កាល់ស្យូម ១៤ មិល្លីក្រាម
- ម៉ាញ៉េស្យូម ១០,៥ មិល្លីក្រាម
- ប៉ូតាស្យូម ៤,៩ មិល្លីក្រាម
- ផូស្វ័រ ៨,១ មិល្លីក្រាម
- សូដ្យូម ៨៥,៣ មិល្លីក្រាម
អត្ថប្រយោជន៍សុខភាពនៃការញ៉ាំសារាយសមុទ្រអំឡុងពេលមានគភ៌
ការញ៉ាំសារាយសមុទ្រនៅក្នុងបរិមាណតិចតួច អាចជួយឲ្យម៉ាក់ៗទទួលបានសារធាតុចិញ្ចឹមសំខាន់ជាច្រើន។
អត្ថប្រយោជន៍មួយចំនួនរួមមាន៖
- សារាយសមុទ្រគឺជាប្រភពនៃអាស៊ីដខ្លាញ់អូមេហ្គា៣ ដែលអាចជួយដល់ការអភិវឌ្ឍខួរក្បាលរបស់ទារក។
- វាក៏សំបូរទៅដោយជាតិសរសៃ ដែលជួយដោះស្រាយបញ្ហារំលាយអាហារ និងទល់លាមកនៅក្នុងអំឡុងពេលមានគភ៌យ៉ាងមានប្រសិទ្ធភាព។
- ជាមួយគ្នានេះដែរ សារាយសមុទ្រក៏ជាប្រភពល្អនៃសារធាតុប្រឆាំងនឹងអុកស៊ីតកម្ម ដែលអាចជួយទប់ស្កាត់បញ្ហាថប់បារម្ភ ការបាក់ទឹកចិត្ត ជំងឺហឺត ជំងឺរលាកទងសួត ជំងឺពោះវៀន និងជំងឺរលាកសន្លាក់ជាដើម។
- ចំណែកឯវីតាមីនC នៅក្នុងសារាយសមុទ្រក៏ជួយដល់ការស្រូបយកជាតិដែកដែលមាននៅក្នុងសារាយសមុទ្រផងដែរ។
- វាមានប្រយោជន៍ក្នុងការអភិវឌ្ឍសរីរាង្គផ្លូវភេទ ហើយវាក៏ជួយកាត់បន្ថយឱកាសនៃការកើតជំងឺមហារីកសុដន់។
ហានិភ័យសុខភាពទាក់ទងនឹងការញ៉ាំសារាយសមុទ្រ អំឡុងពេលមានគភ៌
ទោះបីជាសារាយសមុទ្រផ្ដល់ថាមពល និងសារធាតុចិញ្ចឹមសំខាន់ៗជាច្រើនក៏ពិតមែន ប៉ុន្តែស្ត្រីពពោះគប្បីញ៉ាំវានៅក្នុងបរិមាណសមល្មម ទើបជាការប្រសើរ។ ប្រសិនបើយើងញ៉ាំសារាយសមុទ្រច្រើនជ្រុល វាក៏អាចបណ្ដាលឲ្យកើតមានជំងឺផ្សេងៗ នៅអំឡុងពេលមានគភ៌ដូចគ្នា ពីព្រោះសារាយសមុទ្រមានបរិមាណអ៊ីយ៉ូដខ្ពស់ដែលអាចប៉ះពាល់ដល់ដំណើរការត្រឹមត្រូវរបស់ក្រពេញទីរ៉ូអ៊ីត និងជាហេតុនាំឲ្យកើតមានបញ្ហាសុខភាពផ្សេងនៅអំឡុងពេលមានគភ៌ ក៏ដូចជាអាចប៉ះពាល់ដល់ទារកក្នុងផ្ទៃថែមទៀតផង។
ដូច្នេះហើយ ស្ត្រីពពោះគប្បីញ៉ាំសារាយសមុទ្រប្រហែល២២០មីក្រូក្រាម និងមិនត្រូវញ៉ាំវាលើសពីម្ដងក្នុងមួយសប្ដាហ៍ឡើយ។
[embed-health-tool-due-date]