ការផ្លាស់ប្តូររសជាតិអាហារពេលមានផ្ទៃពោះជាផលរំខានមួយទៀតក្រៅពីចង្អោរ មិនឃ្លាន និងអស់កម្លាំងដែលប៉ះពាល់ស្រ្តីមានផ្ទៃពោះប្រហែល ៩៣ % នៅត្រីមាសទី ១។ ម៉ាក់ៗគួរធ្វើដូចម្តេចដើម្បីកាត់បន្ថយអាការៈផ្លាស់ប្តូររសជាតិអាហារពេលមានផ្ទៃពោះ?
ម៉ាក់ៗអាចជូរ ល្វីង ឬសាបមាត់ដែលធ្វើឱ្យម៉ាក់ៗញុំាមិនដឹងរសជាតិ ឬញុំាមិនឆ្ងាញ់។ វាកើតឡើងដោយសារការប្រែប្រួលកម្រិតអ័រម៉ូនអឹស្ត្រូសែនដែលមាននាទីគ្រប់គ្រង និងសម្របសម្រួលជីវហាវិញ្ញាណ។ ជីវហាវិញ្ញាណ និងឃានវិញ្ញាណមានទំនាក់ទំនងជិតស្និទ្ធ ដូច្នេះម៉ាក់ៗក៏អាចចាញ់ក្លិនមួយចំនួនដែរ។
ម៉ាក់ៗអាចសាកល្បងវិធីសាស្រ្តដូចខាងក្រោមដើម្បីកាត់បន្ថយអាការៈប្រែប្រួលរសជាតិ៖
១. ញុំាផ្លែឈើអម្បូរក្រូច
ផ្លែឈើទាំងអស់នេះមិនត្រឹមតែអាចកម្ចាត់រសជាតិជូរ ល្វីង ឬសាបចេញពីមាត់ម៉ាក់ៗទេ ពួកវាថែមទាំងជួយបង្កើនការផលិតទឹកមាត់ដែលជួយបន្សាបរសជាតិទាំងនេះទៀតផង។
២. ទំពារជីអង្គាម
ការទំពារជីអង្គាមជួយបង្កើនការផលិតទឹកមាត់ដែលជួយបន្សាបរសជាតិជូរ ល្វីង ឬសាបចេញពីមាត់ម៉ាក់ៗបាន។
៣. ថែរក្សាអនាម័យមាត់ធ្មេញ
ការដុសធ្មេញ ទាក់ធ្មេញ និងសម្អាតអណ្តាតញឹកញាប់អាចធ្វើឱ្យមាត់ម៉ាក់ៗស្រស់ស្រាយ និងជួយបន្សាបរសជាតិចម្លែកៗក្នុងមាត់។
៤. ខ្ពុរមាត់ជាមួយទឹកអំបិល
ម៉ាក់ៗអាចខ្ពុរមាត់ជាមួយទឹកអំបិល ២-៣ ដងក្នុង ១ថ្ងៃដើម្បីបន្សាបកម្រិត pH នៅក្នុងមាត់។ ម៉ាក់ៗអាចលាយអំបិល ១ស្លាបព្រាកាហ្វេជាមួយទឹកក្តៅឧណ្ហៗ ១ពែង។
៥. ញុំាទឹកឱ្យបានច្រើន
ការញុំាទឹកជួយរក្សាមាត់ឱ្យមានសំណើម និងជួយកាត់បន្ថយរសជាតិមិនល្អចេញពីក្នុងមាត់។
ចង់គណនាទម្ងន់ស្រ្តីពពោះ ចុចទីនេះ!
៦. ផ្លាស់ប្តូរវីតាមីនបំប៉នសម្រាប់ស្រ្តីមានផ្ទៃពោះ
វីតាមីនបំប៉នសម្រាប់ស្រ្តីមានផ្ទៃពោះមួយចំនួនអាចបណ្តាលឱ្យម៉ាក់ៗប្រែប្រួលរសជាតិអាហារ ឬធ្វើឱ្យអាការៈប្រែប្រួលរសជាតិកាន់តែធ្ងន់ធ្ងរ ម៉ាក់ៗអាចសាកសួរពេទ្យ និងស្នើឱ្យពេទ្យផ្លាស់ប្តូរវីតាមីនបំប៉នសម្រាប់ស្រ្តីមានផ្ទៃពោះ។
៧. ទំពារស្ករកៅស៊ូរសជាតិជីរអង្កាមគ្មានជាតិស្ករ
ការទំពារស្ករកៅស៊ូអាចផ្លាស់ប្តូររសជាតិនៅក្នុងមាត់របស់ម៉ាក់ៗ និងជំរុញការផលិតទឹកមាត់។
ការផ្លាស់ប្តូររសជាតិអាហារពេលមានផ្ទៃពោះអាចធ្វើឱ្យម៉ាក់ៗរើសអាហារ ឬញុំាអាហារបានតិច ប៉ុន្តែម៉ាក់ៗត្រូវខំញុំាឱ្យបានច្រើនតាមដែលអាចធ្វើទៅបានដើម្បីសុខភាពម្តាយ និងកូនក្នុងផ្ទៃ។ ជាទូទៅបញ្ហានេះនឹងបាត់ទៅវិញនៅត្រីមាសទី២ នៅពេលកម្រិតអ័រម៉ូនអឹស្ត្រូសែនមានស្ថិរភាព។
[embed-health-tool-due-date]