ពេលមានផ្ទៃពោះ ក្រៅពីចង់ឲ្យកូន និងខ្លួនឯងសុខភាពល្អ នៅមានក្ដីប្រាថ្នាធំមួយទៀតគឺមិនចង់ឲ្យពោះមានឡើងសង្វារ តែម៉ាក់ខ្លះ ព្រោះមិនបានថែទាំ និងយល់ដឹងពីវិធីការពារ ទើបបណ្ដាលឲ្យមានសង្វារក្រវេមក្រវាមពេញពោះ។ ដូចនេះយើងសូមហាមម៉ាក់ៗចំនួន ធ្វើរឿងទាំងនេះ ចៀសវាងកើតសង្វារ៖
១- កុំភ្លេចលាបឡេ/ប្រេង
អ្នកនាង មាន សុភាវី បានឲ្យដឹងថា វិធីការពារកុំឲ្យបែកសង្វារពោះ គឺត្រូវលាបប្រេង ឬឡេនៅពោះតាំងពីទម្ងន់ដំបូងៗ។ ព្រោះថាកាលណាយើងតែងតែផ្ដល់សំណើមដល់កន្លែងនោះរហូតលើសលប់ ហើយពេលពោះចាប់ផ្ដើមធំ ស្បែកពោះក៏នៅតែមិនស្ងួត ដែលអាចការពារការលេចចេញស្នាមនោះមកបាន។ អ្នកម៉ាក់វ័យ ២៩ ឆ្នាំរូបនេះបានបន្តទៀតថា នាងមានកូន ២ ហើយតែគ្មានស្នាមសង្វារសូម្បីបន្តិច ព្រោះមិនដែលភ្លេចលាបឡេ ប្រេងដូង ឬប្រេងអូលីវឡើយ ហើយនៅប្រឹងផឹកទឹកឲ្យបានច្រើន ដើម្បីរក្សាជាតិទឹកពីក្នុងខ្លួនមកវិញ។
២- កុំភ្លេចម៉ាសបិទពោះ
«វិធីផ្ដល់សំណើមដល់ពោះដែលល្អបំផុត នោះគឺការប្រើម៉ាស ដែលរូបរាងរបស់វាគឺស្រដៀងម៉ាសបិទមុខយើងដែរ ហើយវាមានគុណសម្បត្តិច្រើនយ៉ាងជួយឲ្យពោះស និងជួយឲ្យស្បែកពោះរលោង។» នេះជាវិធីចេករំលែករបស់អ្នកនាង មាស រីតា។ ម៉ាក់ៗទើបមានកូនអាយុ ១ ខួប ៥ ខែបានបញ្ជាក់ទៀតថា ម៉ាសនោះអាចប្រើតាំងពីគភ៌បាន ៣-៤ ខែឡើង ហើយមួយសប្ដាហ៍ប្រើម្ដង រហូតដល់កើត អាចជួយបានយ៉ាងមានប្រសិទ្ធិភាព។
៣- មិនស្លៀកសម្លៀកបំពាក់វែងៗ
អ្នកនាង យ៉ន បរមី បានឲ្យដឹងថា ពោះកាន់តែធំកាន់តែរមាស់ ដូចនេះបើគេងគួរពាក់អាវខ្លីៗ ហើយខោក៏គួរស្លៀកសំយេះ ហើយចំហពោះឲ្យទំនេរ ក៏អាចគាត់បន្ថយសម្ពាធផ្សេងៗ និងមិនឲ្យរមាស់ពោះ។ មួយវិញទៀតពេលលាបឡេគួរទុកឲ្យស្ងួតសិន ដោយអាចយកកង្ហារមកផ្លុំ ចាំស្លៀកពាក់ ដើម្បីកុំឲ្យប្រឡាក់នាំឲ្យរមាស់លើសដើម។
បើតាមការបកស្រាយរបស់អ្នកនាង ភាព កញ្ចនា បានបញ្ជាក់ថា ការហាមស្លៀកខោតឹងៗពេក ព្រោះវាអាចបណ្ដាលឲ្យរមាស់ អេះ ហើយស្បែកត្រង់បរិវេណនោះចាប់ផ្ដើមស្ងួតទៅៗ ដែលធ្វើឲ្យសង្វារចាប់ផ្ដើមកើតឡើងភ្លាមៗដែរ។ អ្នករស់នៅទីក្រុងភ្នំពេញរូបនេះបានបន្ថែមទៀតថា ការស្លៀកខោចង្កេះកៅស៊ូក៏មិនល្អដែរ គួរតែស្លៀករ៉ូបរលុងៗ ទើបមានផាសុកភាពចំពោះស្បែក។
អត្ថបទពាក់ព័ន្ធ៖ ពេលប្រពន្ធពពោះ ប្ដីល្អមិនគួររំលងរឿងកំប៉ិកកំប៉ុកទាំងនេះឡើយ
ក្នុងករណីមានសំណួរ ឬមន្ទិលសង្ស័យជុំវិញសុខភាពអ្នក ជម្រើសល្អបំផុត សូមពិគ្រោះ និងប្រឹក្សាយោបល់ផ្ទាល់ជាមួយពេទ្យជំនាញ។ Hello Health Group មិនចេញវេជ្ជបញ្ជា មិនធ្វើរោគវិនិច្ឆ័យ ឬព្យាបាលជូនទេ៕