ការលូតលាស់គភ៌
ឈានទៅមុខ ១សប្តាហ៍ទៀតហើយ ម៉ាក់ប៉ាគ្រប់រូបច្បាស់ជាចង់ដឹងថា បេប៊ីលូតលាស់អ្វីខ្លះ? មានទំហំប៉ុនណាហើយ? ក្នុងសប្តាហ៍នេះអាអូនរឹតតែប្លែក មានទំហំប៉ុនពោតមួយផ្លែ ប្រវែងប្រមាណ ៣០ សង់ទីម៉ែត្រ និងឡើងទម្ងន់ប្រហែល ១១៣ ក្រាម បើធៀបទៅនឹងអាទិត្យមុន។
ប៊េបីនៅតែទទួល អុកស៊ីសែនពីសុក ប៉ុន្តែនៅពេលសម្រាល សួតអាអូននឹងទទួលខុសត្រូវក្នុងការដកយកអុកស៊ីសែនវិញ។ កូនយើងអាចដឹងពីការកម្រើកឡើងលើ ចុះក្រោមនៅពេលដែលគេអណ្តែតខ្លួននៅក្នុងទឹកភ្លោះ។
បម្រែបម្រួលរាងកាយ
១- រាងកាយប្រែប្រួលអីខ្លះ?
កាពិនិត្យមើលជាតិស្ករត្រូវធ្វើនៅសប្តាហ៍ទី ២៤-២៨ ដើម្បីតាមដានរកមើលមានជំងឺទឹកនោមផ្អែមពេលមានផ្ទៃពោះ។ វាជាប្រភេទមួយក្នុងចំណោមជំងឺទឹកនោមផ្អែមដែលកើតឡើងនៅពេលមានផ្ទៃពោះដែលអាចធ្វើឲ្យមានបញ្ហាដល់អាអូនដូចជាខ្វះជាតិស្ករ។ ជំងឺនេះអាចបង្កើនភាគរយនៃការវះកាត់ដោយសារតែបេប៊ីធំពេក។
ក្នុងអំឡុងមើលជាតិស្ករ យើងអាចពិនិត្យឈាមបន្ថែម។ បើសិនជាជាតិស្ករខ្ពស់ពេក នឹងត្រូវធ្វើតេស្តផ្សេងៗជាច្រើនទៀត។ ជំងឺទឹកនោមផ្អែមលើស្ត្រីមានផ្ទៃពោះជាទូទៅអាចគ្រប់គ្រងបានដោយការកំណត់ចំណីអាហារ ហាត់ប្រាណជាប្រចាំ និងពេលខ្លះទៀតដោយប្រើថ្នាំដូចជាពពួកអាំងស៊ុយលីនជាប្រចាំ។
ចំណុចអីខ្លះគួរបារម្ភ?
ពេលខ្លះយើងរមាស់ពោះម្តងម្កាលដោយសារតែពោះកាន់តែធំធ្វើឲ្យស្បែកយារ និងបាត់បង់សំណើម។ ព្យាយាមកុំអេះអី ព្រោះវាធ្វើឲ្យកាន់តែរមាស់ រលាកស្បែក។ ការផ្តល់ជាតិសំណើមទៀងទាត់អាចបាត់រមាស់មួយរយៈ។ ឡេបំបាត់រមាស់ដូចជា Calamine ឬ ក៏ប្រើស្រូវសាលីលាយជាមួយទឹកដោះគោ វាអាចជួយកាត់បន្ថយរមាស់បានដែរ។ ក្នុងករណីការរមាស់នេះមិនមែនមកពីស្បែកស្ងួត ឬឡើងកន្ទួលនៅស្បែកពោះ ប្រញាប់ទៅជួបពេទ្យដើម្បីពិនិត្យមើល តើមកពីអ្វី។
ការជួបជាមួយគ្រូពេទ្យ
២- ប្រាប់អីខ្លះទៅពេទ្យ?
ស្បូនចាប់ផ្តើមកន្ត្រាក់ ត្រៀមឈឺពោះ និងសម្រាល។ ការកន្រ្តាក់ស្បូននៅពេលនេះគេហៅថា (Braxton Hicks) វាមិនសូវឈឺ និងមានអារម្មណ៍ដូចកៀបនៅកំពូលស្បូន និង ផ្នែកខាងក្រោមនៃពោះ។ ការកន្រ្តាក់បែបនេះជាការកន្រ្តាក់បែបឈឺពោះសម្រាលចោល ដែលខុសពីការកន្រ្តាក់ឈឺពោះសម្រាលពិតប្រាកដ។
ទៅជួបគ្រូពេទ្យជាបន្ទាន់ បើសិនជាការកន្រ្តាក់នេះធ្វើឲ្យយើងបារម្ភ ជាពិសេសពេលឈឺខ្លាំង និងកន្ត្រាក់ជាប់លើសពី ៦ដង/ម៉ោង។ អ្វីដែលខុសប្លែកគ្នាខ្លាំងរវាងការកន្រ្តាក់ត្រៀមសម្រាល និង ការកន្រ្តាក់ Braxton Hicks គឺឥទ្ធិពលទៅលើមាត់ស្បូន។ ការកន្រ្តាក់ Braxton Hicks មិនធ្វើឲ្យមានការប្រែប្រួលទៅលើមាត់ស្បូន តែចំពោះការកន្រ្តាក់ស្បូនសម្រាលកូនវិញបានធ្វើឲ្យមាត់ស្បូនចាប់ផ្តើមបើក។
តេស្តអីខ្លះចាំបាច់?
ដល់ពេលត្រូវជួបពេទ្យទៀតហើយ សប្តាហ៍នេះមិនមានអ្វីប្លែកទេ ពេទ្យនឹងធ្វើតេស្តមួយចំនួនមួយដូចជា៖
– ថ្លឹងទម្ងន់ និងវាស់សម្ពាធឈាម
– ពិនិត្យទឹកនោមមើលជាតិស្ករ និងប្រូតេអ៊ីន
– ពិនិត្យចង្វាក់បេះដូងកូន
– វាស់ទំហំរស្បូនពីខាងក្រៅ
– វាស់កម្ពស់ស្បូន
– មើលហើមដៃជើង និងសរសៃវ៉ែនជើងរីកធំ។
សុខភាព និងសុវត្ថិភាព
៣- ត្រូវដឹងពីអីខ្លះ?
ស្រីៗយើងមានជំងឺក្រពះច្បាស់ជាឆ្ងល់មិនខាន តើអាចប្រើថ្នាំបានទេ ប៉ះពាល់ដល់អាអូនអត់? យើងអាចប្រើថ្នាំក្រពះបាន កុំឲ្យតែប្រើលើសកម្រិតដែលពេទ្យបានណែនាំដើម្បីជៀសវាងបញ្ហាធ្ងន់ធ្ងរផ្សេងៗ។ បើយើងលេបថ្នាំប្រឆាំងអាស៊ីដច្រើនពេកវអាចឲ្យទល់លាមក តែមិនប៉ះពាល់ដល់កូនទេ។
នៅពេលយើងមានផ្ទៃពោះ គួរតែផ្អាកការជម្រុះរោមខ្លួន ទោះបីវាមិនប៉ះពាល់ដល់កូនក្តី យើងគួរតែសម្អាតស្បែកជាមួយទឹកត្រជាក់ (ដើម្បីឲ្យរន្ធរោមបើក) មុនពេលលាបថ្នាំជម្រុះរោម កាត់បន្ថយការប្រើផលិតផលផ្សេងៗនៅលើស្បែករឹតតែប្រសើរ។
[embed-health-tool-pregnancy-weight-gain]