backup og meta

ពពោះស្បែកប្រែ​ជាខ្មៅស្រអាប់ ​ឡើងស្នាមអុចៗ ដោយសារអី? គួរ​ធ្វើ​ម៉េច?

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ សន សុភា · កែ Jun 04, 2020

    ពពោះស្បែកប្រែ​ជាខ្មៅស្រអាប់ ​ឡើងស្នាមអុចៗ ដោយសារអី? គួរ​ធ្វើ​ម៉េច?

    ស្រីៗគ្នា​យើង​​ភាគ​ច្រើនពិតជាធ្លាប់​ជួបបញ្ហា​ស្បែក​អំឡុង​ពេល​ពពោះ​មិនខាន។ ស្រីៗ​យើងធ្លាប់​សង្កេត​ឃើញ​ថាសម្រស់​ខ្លួន​ឯង​​ធ្លាក់​ចុះ ពិសេស​គឺ​ស្បែក​ប្រែ​ជា​ស្រអាប់ ខ្មៅ មិន​ភ្លឺ​រលោង​ដូច​គ្រា​មុន​ឡើយ អាច​នឹង​មាន​ឡើង​ដុំ​ពក ឬ​កន្ទួល​ស្បែក ដែល​ទាំង​នេះ គេ​ហៅ​ថា បញ្ហា​ប្រែ​ពណ៌​ស្បែក​អំឡុង​ពេល​ពពោះ។ ចង់​ដឹង​ថា​​មក​ពី​មូលហេតុ​អី គួរ​ធ្វើ​ម៉េច? ការ​ពារ​ដោយ​វិធី​ណា? អត្ថបទ “Hello គ្រូពេទ្យ’ មួយ​នេះ អាច​បញ្ជាក់​បាន។

    ១- បញ្ហា​ប្រែ​ពណ៌​ស្បែក​អំឡុង​ពេល​ពពោះ​កើត​ឡើង​ពេល​ណា​ប្រាកដ?

    ប្រែ​ពណ៌​ស្បែក គឺ​ជា​បញ្ហា​ឧស្សាហ៍​កើត​មាន​បំផុត និង​អាច​កើត​ឡើង​គ្រប់​ដំណាក់​ទាំង​អស់​ពេល​ពពោះ ហើយ​ប៉ះពាល់​ចំពោះ​ស្រីៗ​ពពោះ​ដល់​ទៅ ៩០%។ ហេតុនេះ សូម​កុំ​គិត​ថា មាន​តែ​យើង​ម្នាក់​ដែល​​ជួប​បញ្ហា​នេះ​ឲ្យ​សោះ ហើយ​ត្រូវ​ដឹង​ថា បញ្ហា​ស្បែក​ប្រែ​ពណ៌​អាច​នឹង​កើត​ឡើង​នៅ​ត្រី​មាស​ទី៣ នៃ​ការពពោះ ហើយ​ជា​ទូទៅ​​ស្បែក​យើង​មិន​ប្រែ​ពណ៌​ភ្លាមៗនោះ​ទេ តែវា​​កើត​ឡើង​បណ្តើរៗ​ទៅ​​តាម​ការ​វិវត្តនៃ​ផ្ទៃ​ពោះ​​របស់​យើង​។​

    បើគ្នា​យើង​ឧស្សាហ៍ពិភាក្សា​ជាមួយ​ឆ្មប ឬ​គ្រូពេទ្យ ពាក់​ព័ន្ធ​បញ្ហា​ស្បែក​ប្រែ​ពណ៌​នេះ យើង​នឹង​ដឹង​ច្បាស់​ថា បញ្ហា​នេះ​មាន​សុវត្ថិភាព​ធម្មតាទេ ប៉ុន្តែ​បញ្ហា​ស្បែក​ប្រែ​ពណ៌​ពេល​ពពោះ​ជាទូទៅវា​នឹង​ធ្វើ​ឲ្យ​ឡើង​ពណ៌​ក្រហម​នៅ​លើ​បាត​ដៃ និង​បាត​ជើង ដែល​ជា​ការ​វិវត្តធម្មតា​សម្រាប់​ស្រីៗ​កំពុង​ពពោះ។

    គ្នា​យើង​ប្រហែល​ជា​អាច​កត់​សម្គាល់​ឃើញ​ដូច​គ្នាស្នាម​ខ្មៅ​នៅ​ប្រស្រី​ភ្នែក និង​ក្រោម​ក្លៀក ក៏​ដូច​ជា​​ចន្លោះ​ភ្លៅ​យើង​​ជាដើម។ ជាមួយ​គ្នា​នេះ អាចម៍រុយ និង​ប្រជ្រុយ​យើងមើល​ទៅ​នឹង​ឡើង​កាន់​តែ​ខ្មៅ ហើយ​ប្រហែល​ជា​អាច​នឹង​កើន​បន្ថែម​អុច​ខ្មៅ លឿង ឬ​ប្រផេះ​នៅ​លើ​ស្បែក​បន្ថែម​ទៀត ដែល​ត្រូវគេ​ហៅ​ថា “ស្លាក​ស្នាម​នៃ​ការ​ពពោះ’។ ស្រីៗ​មាន​ស្បែក​ខ្មៅ​ស្រាប់ ក៏​អាច​កត់​សម្គាល់​ឃើញ​មាន​ការ​ប្រែប្រួល​អំឡុង​ពេល​ពពោះ ច្រើន​ជាង​ស្រីៗ​ស្បែក​ស​ទៅ​ទៀត ប៉ុន្តែ​ទោះ​បី​ជា​ស្បែក​យើង​មើល​ទៅ​យ៉ាង​ម៉េច​ក៏​ដោយ ស្នាម​ទាំង​នោះ​នឹង​បាត់​ទៅ​វិញ​ក្រោយ​សម្រាល​រួច។

    ២- អ្វី​ជា​មូលហេតុ​បណ្តាល​ឲ្យ​ប្រែ​ពណ៌​ស្បែក?

    មូលហេតុចម្បង​នាំ​ឲ្យ​ប្រែ​ពណ៌​ស្បែក​អំឡុង​ពេល​ពពោះ គឺ​បម្រែបម្រួល​អ័រម៉ូន​តែ​ម្តង ខណៈក្រុម​អ្នក​ជំនាញ​ផ្នែក​សម្ភព​ជាច្រើន​លើក​ឡើងថា វា​ក៏​មាន​ទំនាក់​ទំនង​ជា​មួយ​ចំណង់​អាហារ​អំឡុង​ពេល​ពពោះ ដែល​ខុស​ពី​ធម្មតា​ដូច​គ្នា។

    អត្ថបទ​ពាក់ព័ន្ធ៖

    ៣- មាន​បញ្ហា​ប្រែ​ពណ៌​ស្បែក​ពេល​ពពោះ​ត្រូវ​ធ្វើ​ម៉េច?

    គ្មាន​វិធី​សាស្ត្រ​ជាក់លាក់​ដែលអាច​ជួយ​ការពារ​បញ្ហា​បម្រែ​បម្រួល​អ័រម៉ូន​អំឡុង​ពេល​ពពោះ​នោះ​ឡើយ ប៉ុន្តែ​យើង​នៅ​តែ​អាច​សាក​ល្បង​វិធី​សាស្ត្រ​មួយ​ចំនួន​ដូច​ជា​ការ​ពារ​កុំ​ឲ្យ​ត្រូវ​កាំ​រស្មី​ UV ដែល​ជា​មូលហេតុ​មួយ​នាំ​ស្បែក​ឆាប់​ខ្មៅ ដូច​ជា៖

    – ឃ្លុំស្បែក​ឲ្យ​ជិត៖ ការ​ប៉ះពាល់​ជា​មួយ​កម្តៅ​ថ្ងៃ​ច្រើន​ពេក នឹង​ធ្វើ​ឲ្យ​បញ្ហា​ស្បែក​ប្រែ​ពណ៌​កាន់​តែ​ខ្មៅ​ខ្លាំង បើ​ទោះ​ជា​យើងប្រើ​ឡេ​ការ​ពារ​កម្តៅ​ថ្ងៃ​ក៏​ដោយ។ ពេល​ចេញ​ក្រៅ​ត្រូវ​ពាក់មួក​ដែល​អាច​បាំង​ពន្លឺ​ថ្ងៃ​ទាំង​ផ្នែក​ក និង​មុខ​បាន​ល្អ។

    – បើ​មាន​បញ្ហា​ឡើង​អុចៗ​ស្បែក៖ អាច​ប្រើ​ឡេ​ការពារ​កម្តៅ​ថ្ងៃ ដែល​មាន​សារធាតុ SPF 30 ឬ​ខ្ពស់​ជាង​នេះ​ជា​ប្រចាំ ទោះ​ជា​ពេល​មិន​ចេញ​ទៅ​ក្រៅ​ក៏​ដោយ។ កាំរស្មី​ព្រះ​អាទិត្យ​មួយ​ចំនួន អាច​ជះ​ចូល​តាម​បង្អួច និង​ប៉ះពាល់​ដល់​ស្បែក​របស់​យើងបាន ត្រូវ​តែ​ប្រយ័ត្ន​រឿង​នេះ​ដូច​គ្នា។

    – ញ៉ាំ​អាស៊ីដ​ហ្វូលីក​ឲ្យ​បាន​គ្រប់​គ្រាន់៖ អ្នក​ជំនាញ​ជាច្រើន​ជឿ​ថា បញ្ហា​ប្រែ​ពណ៌​ស្បែក មាន​ទំនាក់​ទំនង​ជា​មួយ​កង្វះ​អាស៊ីដ​ហ្វូលីក​ក្នុង​រាងកាយ។ ដូច្នេះ​ត្រូវ​ប្រាកដ​ថា ក្នុង​របបអាហារ​ប្រចាំ​ថ្ងៃ យើង​ទទួល​បាន​អាស៊ីដ​ហ្វូលីក​គ្រប់​គ្រាន់​តាម​តម្រូវ​ការ​រាងកាយ ឬ​ក៏​អាច​ប្រើ​ថ្នាំ​បំប៉ន​អាស៊ីដហ្វូលីក​បន្ថែម​ក៏បាន។

    អត្ថបទពាក់ព័ន្ធ៖

    ក្នុង​ករណី​មាន​សំណួរ ឬ​មន្ទិលសង្ស័យ​ជុំវិញ​សុខភាព​អ្នក ជម្រើស​ល្អ​បំផុត សូម​ពិគ្រោះ និង​ប្រឹក្សា​យោបល់​ផ្ទាល់​ជាមួយ​ពេទ្យ​ជំនាញ។ Hello Health Group មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

    បដិសេធ

    Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

    ត្រួតពិនិត្យដោយ

    វេជ្ជ. ចាន់ ស៊ីណេត

    · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


    អត្ថបទ​ដោយ សន សុភា · កែ Jun 04, 2020

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម

    តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម
    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម