ស្ត្រីពពោះភាគច្រើន តែងបារម្ភរឿងសម្រស់ខាងក្រៅ ខ្លាចអត់ស្អាត ខ្លាចប្ដីលែងស្រឡាញ់ ហើយក៏សម្រេចចិត្តរកវិធីគ្រប់យ៉ាងដើម្បីថែទាំសម្ផស្សឲ្យមើលទៅស្អាត ទោះបីកំពុងពពោះក៏ដោយ។ ក្នុងនោះដែរ មានម៉ាក់ៗមួយចំនួនចង់ពត់ធ្មេញ ឬជ្រុលគាបធ្មេញហើយស្រាប់តែមានកូន តើមានផលប៉ះពាល់អីដែរអត់ ?
ដើម្បីកុំឲ្យម៉ាក់ៗឆ្ងល់យូរ លោកវេជ្ជបណ្ឌិត គាន់ អូន ប្រធានផ្នែករោគស្ត្រី នៃមន្ទីរពេទ្យកាល់ម៉ែត បានពន្យល់ឲ្យដឹងថា ការដែលគាបធ្មេញក្នុងពេលពពោះ វាមិនមានផលប៉ះពាល់អីដល់កូននៅក្នុងពោះទេ ហើយម្ដាយក៏មិនមានកើតអីគួរឲ្យព្រួយបារម្ភដែរ។
ផ្ទុយទៅវិញ ម៉ាក់ពពោះត្រូវដឹងថា ក្នុងអំឡុងពេលពពោះ គឺគ្រូពេទ្យជំនាញតម្រូវឲ្យម្ដាយញ៉ាំឲ្យបានច្រើន ជាពិសេសអាហារដែលមានជីវជាតិខ្ពស់ដូច សាច់ ត្រី បន្លែ ផ្លែឈើ ជាដើម។ ប៉ុន្តែជាធម្មតា ក្នុងពេលគាបធ្មេញគឺត្រូវតមអាហារច្រើន មិនតែប៉ុណ្ណោះ ពេលគាបធ្មេញផ្ដល់ផលពិបាកច្រើនដូចជា ឈឺធ្មេញ មុតមាត់ ពិបាកញ៉ាំអាហារ ។ល។
លោកវេជ្ជបណ្ឌិតបន្តថា កាលណាម្ដាយគាបធ្មេញ វាអាចធ្វើឲ្យញ៉ាំអាហារមិនបាន ញ៉ាំបានតិចបណ្ដាលឲ្យមានអាហារូបត្ថម្ភមិនគ្រប់គ្រាន់ទៅចិញ្ចឹមកូននៅក្នុងផ្ទៃ។ ម៉្យាងវិញទៀត អំឡុងពេលពពោះ ស្ត្រីក៏មានបញ្ហាចាញ់កូនផងអីផង បើគាបធ្មេញហើយពេទ្យតម្រូវឲ្យដកធ្មេញ ឬត្រូវប្រើថ្នាំផ្សះផ្សេងៗ វាអាចបណ្ដាលឲ្យមានការពិបាកកាន់តែស្មុគស្មាញ។
ដូច្នេះហើយ ប្រធានផ្នែករោគស្ត្រីរូបនេះ បានណែនាំថា “ចង់ស្អាតអី ស្អាតទៅ តែត្រូវសម្រាលកូនរួចចាំគិតគូររឿងសម្រស់ បើចង់ស្អាត បារម្ភពីសម្ផស្សនោះ មិនបាច់ទាន់យកកូនទេ ចាំធ្វើស្អាតហើយអស់ចិត្តចាំយកកូនល្អជាង”។
[embed-health-tool-pregnancy-weight-gain]