ស្ត្រីមួយចំនួនច្បាស់ជាដឹងហើយថា នៅពេលមានផ្ទៃពោះ ទឹកភ្លោះសំខាន់ណាស់សម្រាប់ការពារកូននៅក្នុងផ្ទៃម៉ាក់ៗ ហើយទឹកភ្លោះកើតឡើងចាប់តាំងពីសប្ដាហ៍ដំបូងនៃពេលពពោះ។ ប៉ុន្តែប្រសិនបើទឹកភ្លោះមិនប្រក្រតីដូចជា ទឹកភ្លោះតិច ឬច្រើនពេក តើអាចមានបញ្ហាដល់កូនអត់?
លោកវេជ្ជបណ្ឌិត ចាន់ រស្មី ឯកទេសផ្នែកសម្ភព និងរោគស្ត្រី បានឲ្យដឹងថា ទឹកភ្លោះកើតចេញពីទឹករងៃ និងឈាមរបស់ម្ដាយដែលជ្រាបចូលតាមរយៈសុក តមកពីវត្ថុរាវដែលបានជ្រាបចូលតាមរយៈស្បែករបស់ទារកក្នុងផ្ទៃ និងទឹកនោមរបស់ទារក។
គ្រូពេទ្យឯកទេសផ្នែកសម្ភព និងរោគស្ត្រីរូបនេះឲ្យដឹងថា ក្នុងករណីពេលពពោះហើយសង្កេតឃើញថា បរិមាណទឹកភ្លោះតិចពេក ឬច្រើនពេកវាអាចបង្កជាបញ្ហាដូចជា៖
ទឹកភ្លោះតិច៖
ពោះម្ដាយអាចតូចជ្រុលពេក គភ៌មានជាតិពុល សម្ពាធឈាមឡើងខ្ពស់ធ្វើឲ្យទារក កម្រើក ដៃជើងមិនបានស្រួល ធ្វើឲ្យការធំធាត់របស់កូនមិនដំណើរការទៅតាមប្រក្រតី និងអាចរកឃើញថា មានក្រូម៉ូសូមខុសប្រក្រតី គ្មានក្រលៀន ឬបង្ហួរនោមរបស់ទារកណែនស្ទះ និងអាចឲ្យទារកស្លាប់នៅក្នុងផ្ទៃ។
ទឹកភ្លោះច្រើន៖
ធ្វើឲ្យពោះម្ដាយធំខុសធម្មតា កូនអាចកើតមកមុនពេលកំណត់ ម្ដាយកើតជំងឺទឹកនោមផ្អែម ទារកអាចជួបនឹងបញ្ហាគ្មានឆ្អឹងលលាដ៍ក្បាល និងឆ្អឹងកង ឬខ្នងមិនជាប់គ្នាជាដើម។
ផ្ទុយទៅវិញ ក្នុងករណីដែលម្ដាយមានសុខភាពល្អ ហើយទឹកភ្លោះមានសភាពប្រក្រតីធម្មតា វាមានតួនាទីដូចជា៖
– ជួយការពារការប៉ះទង្គិច ឬរំញ័រពីខាងក្រៅ
– អាចឲ្យកូនធ្វើចលនាបានស្រួល
– ជួយសម្រួលដល់ដំណើរការគ្រឿងក្នុងរបស់ទារក ព្រោះគភ៌ហ្វឹកហាត់លេបទឹកភ្លោះចូលពោះតាំងពីនៅក្នុងពោះ។ល។
លោកវេជ្ជបណ្ឌិតបានបញ្ជាក់ទៀតថា “ដើម្បីឲ្យធានាថា ទាំងម្ដាយនិងកូនក្នុងពោះមានសុខភាពល្អ គួរទៅពិនិត្យសុខភាពឲ្យបានទៀងទាត់ ហើយបើចង់ដឹងថាសុខភាពល្អ ឬមិនល្អ អាចពិនិត្យមើលទឹកភ្លោះបាន ព្រោះការមើលទឹកភ្លោះ ក៏អាចបញ្ជាក់ឲ្យដឹងពីសុខភាពកូនដែរ”។ ស្របគ្នានេះដែរ ប្រសិនបើស្ត្រីពពោះបែកទឹកភ្លោះមុនអាយុគភ៌២៨សប្ដាហ៍ ត្រូវទៅពេទ្យជាបន្ទាន់ ព្រោះវាជាសញ្ញាគ្រោះថ្នាក់។
[embed-health-tool-pregnancy-weight-gain]