ក្នុងពេលពពោះ បើខ្វះការធ្វេសប្រហែស ម៉ាក់ៗ ក៏ដូចជាគភ៌ អាចប្រឈមនឹងគ្រោះថ្នាក់ច្រើន ដូចជាកើតជំងឺបម្រុងក្រឡាភ្លើង ឬក្រឡាភ្លើងជាដើម ដែលជំងឺនេះអាចប៉ះពាល់ដល់ជីវិតទាំងម្ដាយ និងកូន។ ប៉ុន្តែ គ្រូពេទ្យជំនាញថា ជំងឺនេះអាចទប់ស្កាត់ និងការពារបានដោយវិធីងាយៗ។
ទាក់ទងនឹងបញ្ហាជំងឺបម្រុងក្រឡាភ្លើងនេះ លោកវេជ្ជបណ្ឌិត ចាន់ រស្មី ឯកទេសសម្ភព និងរោគស្ត្រី បានពន្យល់ឲ្យដឹងថា អត្រាស្លាប់របស់ស្ត្រីពពោះនៅប្រទេសកម្ពុជាយើងដោយសារជំងឺនេះ ស្ថិតនៅលំដាប់ទី២ បន្ទាប់ពីការធ្លាក់ឈាមក្រោយសម្រាល ព្រោះតែការមិនសូវដឹងច្បាស់ និងការធ្វេសប្រហែសស្ទើរតែហួសពេលក្នុងការព្យាបាល និងមានគ្រោះថ្នាក់ដល់ជីវិត។
“តាមពិតទៅ ជំងឺបម្រុងក្រឡាភ្លើងនេះ មិនគួរជាហេតុលំដាប់ទី២នៃអត្រាស្លាប់របស់ស្ត្រីពពោះទេ ព្រោះយើងអាចទប់ស្កាត់ និងការពារកុំឲ្យកើតជំងឺនេះបានតាំងពីដំបូង ជាមួយនឹងវិធីសាស្ត្រការពារដែលម៉ាក់ៗពពោះគួរធ្វើជាប្រចាំថ្ងៃបាន”។
វិធីបង្ការមិនឲ្យកើតជំងឺបម្រុងក្រឡាភ្លើង៖
– ញ៉ាំទឹកឲ្យបានច្រើនតាមដែលអាចធ្វើបាន
– ញ៉ាំអាហារសម្បូរជីវជាតិល្អ (ចៀសវាងអាហារមានជាតិប្រៃពេក និងអាហារផ្អាប់)
– គេងផ្អៀងមកខាងឆ្វេងឲ្យបានច្រើន
– ចៀសវាងការងារធ្ងន់ៗ និងការងារដែលអាចប៉ះពាល់ដល់អារម្មណ៍
– សម្រាកឲ្យបានគ្រប់គ្រាន់
- ហាត់ប្រាណជាប្រចាំ។
លើសពីនេះ ចំពោះស្ត្រីដែលមានប្រវត្តិឡើងសម្ពាធឈាម និងបញ្ហាតម្រងនោម គួរញ៉ាំកាល់ស្យូមឲ្យបានរាល់ថ្ងៃ និងថ្នាំអាស្ពីរីន ៨០មីលីក្រាម ១គ្រាប់/ថ្ងៃ ចាប់ផ្ដើមពីពេលមានគភ៌ភ្លាម ឬមុនពេលមានគភ៌ (ត្រូវទៅពិគ្រោះប្រឹក្សាជាមួយគ្រូពេទ្យឯកទេសសម្ភព)។
លោកវេជ្ជបណ្ឌិតថា ក្នុងករណីដែលម៉ាក់ៗពពោះមានភាពមិនប្រក្រតីនៅក្នុងខ្លួន ឬមានចេញសញ្ញាដូចជា ហើម គេងមិនលក់ វិលមុខតិចតួច ហត់ ឈឺក្បាល គឺត្រូវទៅពិគ្រោះ និងពិនិត្យភ្លាមៗជាមួយគ្រូពេទ្យ ដើម្បីតាមដានអាការៈនៃជំងឺបម្រុងក្រឡាភ្លើង និងចៀសវាងគ្រោះថ្នាក់ធ្ងន់ធ្ងរដល់ម្ដាយ និងកូនក្នុងផ្ទៃ។
[embed-health-tool-pregnancy-weight-gain]