អាការៈក្ដៅខ្លួនសម្រាប់មនុស្សទូទៅ គឺជាសញ្ញាឈឺធម្មតាៗ មិនសូវជាគួរឲ្យបារម្ភប៉ុន្មានទេ។ ផ្ទុយទៅវិញ បើម៉ាក់ៗដែលទើបតែចាប់ផ្តើមពពោះ ឬកំពុងពពោះក្ដៅខ្លួន វាមិនមែនជារឿងធម្មតាទេ ព្រោះការក្ដៅខ្លួនអំឡុងពេលនេះ អាចបញ្ជាក់ថាម៉ាក់កំពុងមានបញ្ហាសុខភាពអ្វីមួយ។
ផ្អែកតាមការឲ្យដឹងរបស់លោកវេជ្ជបណ្ឌិត ឃួន សុវណ្ណារិទ្ធ ឯកទេសផ្នែកសម្ភព និងរោគស្ត្រីថា ប្រសិនបើម្ដាយមានអាការៈក្ដៅខ្លួននៅត្រីមាសទី១ យើងត្រូវស្វែងរកមូលហេតុបង្កឲ្យឃើញ ព្រោះវាមានករណីស្រាល និងករណីធ្ងន់ធ្ងរ។ មិនតែប៉ុណ្ណោះ ក្នុងករណីដែលម្ដាយក្ដៅខ្លាំងពេក អាចធ្វើឲ្យមានការប៉ះពាល់ទៅដល់គភ៌នៅក្នុងផ្ទៃបានថែមទៀត។ ក្នុងករណីដែលម៉ាក់ៗពពោះ ក្ដៅខ្លួនខ្លាំងអំឡុងរយៈពេល៣ខែដំបូង អាចប្រឈមនឹងការរលូត កូនលូតលាស់មិនបានល្អ ឬវិវត្តខុសប្រក្រតី។
“កាលណាម្ដាយក្ដៅខ្លួនកាន់តែខ្លាំង គឺធ្វើឲ្យខ្វះឈាមរត់ទៅកាន់ទងសុក ដើម្បីទៅចិញ្ចឹមកូន អាចធ្វើឲ្យបាត់បង់កូន ឬកូនស្លាប់ក្នុងពោះក៏ថាបាន។”
លើសពីនេះ មជ្ឈមណ្ឌល CDC អាមេរិក បានបញ្ជាក់ថា ស្ត្រីដែលមានអាការៈគ្រុនក្ដៅនៅមុនពេលដឹងថាមានផ្ទៃពោះ ឬនៅអំឡុងពេលពពោះ មានការប្រឈមច្រើនដែលកូនកើតមកមានបញ្ហាលៀនដុំពកនៅឆ្អឹងខ្នងខាងក្រោមពីកំណើត (Neural tube defect) បើធៀបនឹងអ្នកដែលមិនមានគ្រុនក្ដៅ។
ទាក់ទងនឹងមូលហេតុដែលបង្កឲ្យស្ត្រីពពោះក្ដៅខ្លួនខ្លាំងលោកវេជ្ជបណ្ឌិតថាដោយសារ ពពួកវីរុស ពពួកបាក់តេរី ពពួកប៉ារ៉ាស៊ីត ផ្សិត និងមេរោគផ្សេងៗទៀត ឬបង្កឡើងដោយការរលាក។ ដូច្នេះហើយ នៅក្នុងអំឡុងពេលពពោះ ម៉ាក់ៗត្រូវតែប្រយ័ត្នសុខភាពឲ្យមែនទែន ព្រោះកាលណាតែឈឺអ្វីមួយ វាអាចបង្កជាហានិភ័យប៉ះពាល់ទៅដល់កូននៅក្នុងផ្ទៃ។
[embed-health-tool-pregnancy-weight-gain]