គ្នាយើងដឹងហើយថា ការគេងឲ្យបានគ្រប់គ្រាន់ក្នុងមួយថ្ងៃៗ មានប្រយោជន៍ល្អដល់សុខភាពយើងប៉ុនណា។ ចំពោះស្ត្រីពពោះវិញ ការគេងឲ្យបានឆ្អែតៗរឹតតែសំខាន់ ព្រោះកាលណាបើគេងមិនបានគ្រប់គ្រាន់ មិនត្រឹមតែធ្វើឲ្យសុខភាពខ្សោយទេ ហើយអាចប៉ះពាល់ដល់កូនក្នុងផ្ទៃទៀត។
ទាក់ទងនឹងបញ្ហានេះ លោកវេជ្ជបណ្ឌិត ឃួន សុវណ្ណារិទ្ធ ឯកទេសផ្នែកសម្ភព និងរោគស្ត្រី បានពន្យល់ឲ្យដឹងថា បើសិនម៉ាក់ៗគេងមិនបានឆ្អែតទេ កូននៅក្នុងផ្ទៃអាចមានបញ្ហាដូចជា ទម្ងន់មិនគ្រប់ ឬអាចនិយាយបានថា ការលូតលាស់របស់កូនមិនល្អ កូនកើតមកអាចខ្សោយ។ល។
“ក្នុងករណីដែលម៉ាក់ៗពពោះ គេងមិនបានគ្រប់គ្រាន់ ឬមានបញ្ហាគេងមិនលក់ញឹកញាប់ វាជារឿងមួយមិនល្អ ប៉ះពាល់ដល់សុខភាព ព្រោះអាចធ្វើឲ្យខ្សោយ។ កាលណាសុខភាពម្ដាយខ្សោយ កូននៅក្នុងពោះនោះ ក៏មិនអាចលូតលាស់បានល្អដែរ”។
លោកបន្តថា នៅពេលពពោះ ពេទ្យណែនាំឲ្យញ៉ាំឲ្យគ្រប់គ្រាន់ គេងឲ្យឆ្អែត និងសម្រាកឲ្យបានច្រើន ព្រោះថាសុខភាពស្ត្រីនៅពេលពពោះ បើមិនថែឲ្យបានដិតដល់ទេ គឺកាន់តែចុះខ្សោយទៅៗ។ ស្ត្រីពពោះនៅក្នុងត្រីមាសទី៣ គេងបានតិចជាង ៦ម៉ោង/ថ្ងៃ អាចឈឺពោះសម្រាលយូរជាង និងអាចប្រឈមនឹងការសម្រាលដោយការវះកាត់ ៤ដង ខ្ពស់ជាងស្ត្រីពពោះដែលគេងបានយ៉ាងតិច ៧ម៉ោង/ថ្ងៃ។
ប្រសិនបើម៉ាក់ៗពពោះ មានជំងឺបាក់ទឹកចិត្ត ឬកើតស្ត្រេសច្រើនទៀតនោះ កាន់តែធ្វើឲ្យមានបញ្ហាទៅដល់ការគេង និងសុខភាពទាំងម្ដាយ ទាំងកូន។ ប៉ុន្តែ បើស្ត្រីគេងយប់មិនបានគ្រប់គ្រាន់ តែអាចគេងថ្ងៃជំនួសបាន មិនសូវមានផលប៉ះពាល់ ដូចម្ដាយដែលគេងមិនឆ្អែតសោះទេ ដូចនេះ បើគេងយប់មិនឆ្អែត អាចគេងថ្ងៃបាន ហើយយកល្អ ម៉ាក់ៗពពោះមិនត្រូវស្ត្រេសពេក និងត្រូវចេះបង្កើតបរិយាកាសក្នុងបន្ទប់គេងឲ្យបានល្អ ធ្វើម៉េចឲ្យចូលដល់បន្ទប់ភ្លាម មានអារម្មណ៍ចង់គេងភ្លាម។
[embed-health-tool-pregnancy-weight-gain]