ជំងឺពកឆ្អឹងកងខ្នង ឬ Spina Bifida សំដៅទៅលើភាពខុសប្រក្រតីនៃឆ្អឹងកងខ្នងរបស់ទារកផ្នែកខាងក្រោយ អាចរបើកឆ្អឹងខ្នង ឬពកឆ្អឹងខ្នងមួយចំហៀង ឬបាត់ឆ្អឹងកងខ្នងទាំងអស់ ធ្វើឲ្យលៀនខួរឆ្អឹងខ្នងចេញមកក្រៅ ធ្វើឲ្យឆ្អឹងខ្នងមិនពេញលក្ខណៈ បណ្ដាលឲ្យទារកពិការភាព ខូចអវយវៈពីកំណើត។
លោកស្រីវេជ្ជបណ្ឌិត ទី សុវណ្ណរដ្ឋ សញ្ញាបត្រពីប្រទេសបារាំង បានឲ្យដឹងថា ជំងឺនេះកើតឡើងនៅក្នុងត្រីមាសដំបូងនៃការពពោះ ព្រោះជាពេលដែលមានការបង្កើតខួរក្បាល និងខួរឆ្អឹងខ្នង។
ទារកមានជំងឺពកឆ្អឹងកងខ្នង អាចដឹងតាមរយៈការពិនិត្យអេកូដោយគ្រូពេទ្យជំនាញ នៅសប្តាហ៍ទី១២ នៃការពពោះ ដែលក្នុងករណីធ្ងន់ធ្ងរគ្រូពេទ្យនឹងឲ្យបញ្ឈប់គភ៌តែម្តង។ លោកស្រីវេជ្ជបណ្ឌិត ទី សុវណ្ណរដ្ឋ និយាយថា នៅប្រទេសជឿនលឿន គេអាចព្យាបាលទារកដែលមានជំងឺពកឆ្អឹងខ្នងតាំងពីនៅក្នុងពោះម្តាយ ដោយមិនចាំបាច់រង់ចាំឲ្យកូនកើតមកទើបវះកាត់ឆ្អឹងខ្នងបិទឲ្យជិតវិញនោះទេ។
ចំពោះវិធីបង្ការមិនឲ្យទារកមានជំងឺពកឆ្អឹងកងខ្នងនេះ លោកស្រីវេជ្ជបណ្ឌិតឯកទេសផ្នែកសម្ភព និងរោគស្ត្រីរូបនេះណែនាំឲ្យស្រីៗដែលមានគម្រោងយកកូន ត្រូវញ៉ាំអាស៊ីដហ្វូលិករៀងរាល់ថ្ងៃ រយៈពេល ៣ ខែមុនពេលមានកូន និងពេលពពោះនៅ ៣ ខែដំបូង ប្រសិនបើដឹងថាការទទួលរបបអាហារមិនគ្រប់គ្រាន់។ កាលណាស្ត្រីពពោះញ៉ាំអាស៊ីដហ្វូលិកមិនគ្រប់គ្រាន់ទេ គភ៌អាចប្រឈមនឹងជំងឺពកឆ្អឹង អាចលៀនខួរឆ្អឹងខ្នងចេញមកតាមឆ្អឹងខ្នង ធ្វើឲ្យខួរក្បាលលូតលាស់មិនពេញលេញ ទៅជាតូចខុសប្រក្រតី ឬទឹកដក់ក្នុងខួរក្បាល និងបញ្ហាប្រឈមជាច្រើនទៀតទាំងម្តាយទាំងកូន។
បន្ថែមពីនោះ ស្ត្រីដែលមានគម្រោងយកកូន ឬកំពុងពពោះ ត្រូវញ៉ាំអាហារមានជាតិហ្វូឡាត ដែលសម្បូរនៅក្នុងស៊ុត ថ្លើមគោ បន្លែបៃតង គ្រាប់សណ្តែក ផ្លែក្រូច ល្ហុង ប៊ើរ ជាដើម។
[embed-health-tool-pregnancy-weight-gain]