បើនិយាយពីបញ្ហាផ្សែងធូបយើងដឹងរួចមកហើយថា វាប៉ះពាល់ចំពោះសុខភាពមនុស្សគ្រប់វ័យឲ្យតែស្រូបវាចូលទៅក្នុងខ្លួន។ ក្នុងនោះស្ត្រីដែលពពោះរឹតតែគ្រោះថ្នាក់ថែមទៀត ទាំងខ្លួនឯង និងកូនដែលនៅក្នុងផ្ទៃ។ នេះជាការឲ្យដឹងពីវេជ្ជបណ្ឌិតផ្នែកទូទៅ លី ឫទ្ធីគុណ។
ស្របពេលរដូវដាក់បិណ្ឌជាបុណ្យប្រពៃណីម៉ាក់ៗច្បាស់ជាយកចង្ហាន់ទៅវត្ត និងដុតធូបឧទ្ទិសកោសល្យដល់ដូនតា ពេលនោះផ្សែងនឹងស្រូបយកទៅក្នុងសួតដូចគ្នា។ ដូចនេះវេជ្ជបណ្ឌិតណែនាំឲ្យពាក់ម៉ាស់ និងកុំនៅជិតយូរ កន្លែងមានផ្សែង។
លោកក៏បានបន្ថែមទៀតថា ពេលម៉ាក់ៗស្រូបជាតិផ្សែងចូលទៅក្នុងខ្លួន ផ្សែងនោះអាចឆ្លងកាត់របាំងសុកចូលទៅកន្លែងទារករស់នៅបាន។ ផ្សែងធូបនេះ នៅពេលចូលទៅក្នុងសុកស្ត្រីពពោះ ហើយ វានឹងគំរាមកំហែងដល់ទារកដែលកំពុងលូតលាស់ក្នុងផ្ទៃយ៉ាងខ្លាំង រហូតខ្លះរលូតក៏ថាបាន។ ក្នុងករណីដែលស្រូបផ្សែងរាល់ថ្ងៃ ទោះមិនរលូតក៏កូនពេលសម្រាលមិនគ្រប់គីឡូ ឬមិនគ្រប់ខែ សុខភាពខ្សោយ។
ម្ចាស់សេវាកម្មថែទាំមនុស្សចាស់តាមគេហដ្ឋានរូបនោះ បន្តទៀតថា លោកបានអានការស្រាវជ្រាវនៅបរទេស រកឃើញថាកូនដែលមានម៉ាក់ៗស្រូបជាតិផ្សែងច្រើន ៤០-៤៤ % ក្រចេះដើរ បើធៀបទៅនឹងកូនដែលម៉ាក់មិនបានស្រូបជាតិផ្សែងនានាចូលទៅក្នុងខ្លួន។
លោកបញ្ជាក់ទៀតថា ស្រ្តីកំពុងតែពពោះមិនត្រូវនៅជិតផ្សែងឡើយមិនថាជាផ្សែងបារី ធូប ផ្សែងរថយន្ត បារី ផ្សែងភ្លើង គឺសុទ្ធតែប៉ះពាល់ដល់ការលូតលាស់របស់គភ៌ក្នុងផ្ទៃបានដូចគ្នា និងអាចប្រឈមបញ្ហារលូត។ ចំណែកផលប៉ះពាល់ដែលស្រូបជាតិផ្សែងនោះអាចទៅជាលូតលាស់ខុសទម្រង់ ខ្វះគីឡូ អត់គ្រប់ខែ ខ្វះអវយវៈណាមួយ។
សុកមានមុខងារបញ្ជូនសារធាតុបំប៉ន និងអុកស៊ីហ្សែនទៅឲ្យទារក ហើយភាគល្អិតៗ ឬជាតិពុល អាចជ្រាបចូលទៅជាមួយ នាំឲ្យងាយឆ្លងមេរោគ និងធ្វើឲ្យសុករលាក។ នៅពេលរលាកសុក អាចបណ្ដាលឲ្យកូនកើតមុនខែ និងមានទម្ងន់មិនគ្រប់ ដែលប៉ះពាល់ដល់ការវិវត្ត និងមុខងារចងចាំរបស់ទារក។
[embed-health-tool-pregnancy-weight-gain]