សម្រាប់ស្ត្រីមានផ្ទៃពោះអាការៈឃ្លាន និងញ៉ាំច្រើនមិនមែនជារឿងចម្លែកឡើយ ព្រោះជាតម្រូវការមនុស្ស ២ នាក់។ ប៉ុន្តែអ្វីដែលប្លែក និងគ្រោះថ្នាក់គឺម៉ាក់ៗខ្លះបានបណ្ដែតបណ្ដោយមិនអាចគ្រប់គ្រងចំណង់អាហាររហូតកូនក្នុងផ្ទៃក៏ថ្លោស យើងក៏ធាត់។
លោកវេជ្ជបណ្ឌិត គាន់ អូន បានឲ្យដឹងថា កូនថ្លោសហើយ ម៉ាក់ៗទើបមានកូនដំបូងទៀតនោះ អត្រាសម្រាលដោយធម្មជាតិមានតិចណាស់។ កាលណាកូនថ្លោសពិបាកសម្រាល អាចមានគ្រោះថ្នាក់ចំពោះយើងដូចជាដាច់រហែកទ្វារមាស និងធ្លាក់ឈាមខ្លះ។
លោកវេជ្ជបណ្ឌិតបានណែនាំឲ្យម៉ាក់ៗដែលធាត់ទាំងខ្លួនឯង និងថ្លោសទាំងកូនក្នុងផ្ទៃឲ្យផ្អាក ឬកាត់បន្ថយចំណីអាហារផ្អែមៗ ដោយអាចញ៉ាំផ្លែឈើជំនួសវិញ។ ចំណីផ្អែមធ្វើឲ្យគីឡូអ្នកពោះធំកាន់តែឡើងជាពិសេសអំឡុងខែទី ៧ ហើយក៏បន្ថយបាយ និងម្ហូបដូចគ្នា ដោយគួរងាកមកញ៉ាំបន្លែដែលជាប្រភេទចំហុយ ឬស្ងោរជំនួសវិញ ព្រោះគ្មានជាតិខ្លាញ់ ល្អសម្រាប់ការគ្រប់គ្រងទម្ងន់។ ចំណែកសាច់វិញញ៉ាំត្រីឲ្យបានច្រើនជាងសាច់គោ សាច់ជ្រូក មាន់ ព្រោះត្រីមានខ្លាញ់ល្អ ដែលមិនបណ្ដាលឲ្យធាត់។
ប្រធានផ្នែករោគស្ត្រី នៃមន្ទីរពេទ្យកាល់ម៉ែត បន្តទៀតថាបើលើស ១៥ គីឡូ ឬចូលដល់ ២០ ហើយគួរទប់ស្កាត់កុំឲ្យឡើងបន្ថែមទៀត ព្រោះគ្រោះថ្នាក់ពេលសម្រាលចំពោះស្ត្រីខ្លះ។ ក្រៅពីព្យាយាមបន្ថយអាហារហើយ ម៉ាក់ៗក៏ត្រូវមានសកម្មភាពហាត់ប្រាណដែរ ដោយល្ងាច ឬព្រឹកឡើងដើរឲ្យបាន ១៥ ទៅ ៣០ នាទី។
សាស្ត្រាចារ្យផ្នែកសម្ភព រោគស្ត្រីនៃសាកលវិទ្យាល័យវិទ្យាសាស្ត្រសុខាភិបាល បានកំណត់ឲ្យស្ត្រីញ៉ាំបាយត្រឹមមួយកូនចាន បូករួមម្ហូបតិចតួច។ ក្រៅពីញ៉ាំអាហារ បើគិតថាមិនឆ្អែតយើងអាចញ៉ាំគ្រាប់ស្វាយចន្ទី គ្រាប់ឪឡឹក ឬគ្រាប់ធញ្ញជាតិដទៃទៀត និងព្យាយាមផឹកទឹកឲ្យបានច្រើនវិញ។
[embed-health-tool-pregnancy-weight-gain]