backup og meta

ចំពោះម៉ាក់​ចាញ់កូនខ្លាំង អាចសាកវិធីទាំងនេះបាន​

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ សន សុភា · កែ Jul 26, 2022

    ចំពោះម៉ាក់​ចាញ់កូនខ្លាំង អាចសាកវិធីទាំងនេះបាន​

    ចាញ់កូនជារឿង​ពិបាក​បំផុតអំឡុង​ពេលពពោះ បើ​ទោះ​ជា​គ្នា​​យើង​មួយចំនួន មិន​សូវ​មាន​បទពិសោធន៍ចាញ់​កូន​ខ្លាំង​ក៏ពិតមែន ប៉ុន្តែ​ភាគ​ច្រើន ស្រីៗ​គ្នា​យើង​អាការៈ​ចាញ់​កូន​បាន​ធ្វើទុក្ខ​ញ៉ាំអីក៏មិន​ឆ្ងាញ់ គេង​ក៏​មិន​ស្រួល​ដោយ​សារ​តែ​រឿង​នេះ។ ខាង​ក្រោម​នេះ​ជា​តិចនិក​ខ្លះៗ​គ្នា​យើង​អាច​សាកល្បង​បាន ដើម្បី​ជួយ​សម្រួល​ បន្ធូរ​បន្ថយ​អាការៈ​នេះ​។

    ១- ញ៉ាំ​នំបុ័ងអាំង​

    ការ​ទំពារ​អាហារ​លេងៗ​ មាន ដូចជា​នំបុ័ង​អាំង និង​នំ​ស្រួយ សុទ្ធ​តែ​អាច​រួម​ចំណែក​ជួយ​ដោះ​ស្រាយ​រឿង​ចាញ់​កូន​បាន។ គ្នា​យើង ក៏អាច​​ញ៉ាំអាហារ​ផ្សេង​ទៀត​ដូចជា នំបុ័ង​សាច់ទន់ បន្ថែម​ជាមួយ​ផ្លែប៊ឺរ ដែលអាច​​ជួយ​ទប់​ស្កាត់អាការៈ​​ចាញ់កូន ថែម​ទាំង​មិន​ប៉ះពាល់​ដល់​ក្រពះ​ទៀតផង​។

    ២- អាហារ​សម្រន់​ណែនាំ​សម្រាប់​​ស្រីៗ​ពពោះ

    អាហារ​សម្រន់​គេ​ណែនាំ​សម្រាប់​ស្រីៗ​កំពុង​ពពោះ ដែល​គេ​ហៅ​ថា Preggo pops មិន​ត្រឹម​តែល្អ​​សម្រាប់​សុខភាព​ទេ ថែម​ទាំងអាច​ជួយ​ដោះ​ស្រាយ​រឿង​ចាញ់​កូន​យ៉ាងមាន​ប្រសិទ្ធភាព។ បើ​មិន​ស្គាល់​អាហារ​ប្រភេទ​នេះ ក៏​មិន​អី​ដែរ គ្នាយើង​អាច​បង្កើត​វា​ដោយ​ខ្លួន​ឯង ត្រឹម​យកទឹក​ផ្លែឈើ ឬ​ទឹក​បន្លែ​ស្រស់​ទៅ​បង្កក រួច​ចាំ​មក​ញ៉ាំ​ជាការ​ស្រេច។

    ៣- ញ៉ាំតិចៗ តែ​ឲ្យ​បាន​ញឹក​ញាប់

    អាការៈ​ចាញ់​កូន នឹង​កាន់​តែ​ធ្វើ​ទុក្ខ​ខ្លាំង នៅ​ពេល​គ្នា​យើង​ឃ្លាន ឬ​ឆ្អែត​ខ្លាំង។ អ្វី​ល្អ​បំផុតដែល​​យើង​គួរ​ធ្វើ គឺ​ត្រូវ​តែ​ញ៉ាំ​ឲ្យ​បា​ន​ត្រឹម​ត្រូវ មិន​រំខាន​ខ្លាំង​ដល់​សកម្មភាព​ក្រពះ ដោយ​ទុកនំខ្លះ​នៅ​ក្បែរ​ខ្លួន ទាំង​ក្នុង​បន្ទប់គេង ទាំង​អំឡុង​ពេល​ធ្វើ​ដំណើរ​តាម​រថយន្ត ព្រោះ​ស្រីៗ​ពពោះ អាច​ឃ្លាន​​អាហារ​​ខុសធម្មតាគ្រប់ពេល​។

    ៤- ស្តាប់​តម្រូវ​ការ​រាងកាយ​យើង

    ត្រូវ​ជឿជាក់លើខ្លួន​ឯង និង​សភាវគតិរបស់​យើង ព្រោះ​អំឡុង​ពេល​នេះ យើង​គឺ​ខុស​ពី​អ្នក​ផ្សេង។ យើង​ត្រូវ​តែ​ញ៉ាំ​នៅ​ពេល​ឃ្លាន ស្មោះ​ត្រង់​នឹង​ការ​ស្រេកឃ្លាន ញ៉ាំ​កុំ​ឲ្យ​រាងកាយ​ឃ្លាន និង​អត់ធ្មត់​ជាមួយ​តម្រូវ​ការ​របស់​រាងកាយ។

    ៥- ញ៉ាំ​ខ្ញី​ខ្លះៗ

    ខ្ញី ជាមើម​រុក្ខជាតិ មាន​រសជាតិដ៏អស្ចារ្យ ត្រូវ​គេ​ប្រើ​យ៉ាង​ទូលំទូលាយ​ក្នុងវេជ្ជសាស្ត្រថ្នាំបុរាណ​ចិនជាច្រើនសតវត្សរ៍មក​ហើយ ពិសេស​សម្រាប់​ការ​ទប់​ស្កាត់​អាការៈ​ចាញ់កូន។ យើង​អាច​ផឹក​ទឹក​ខ្ញី​លាយ​ក្រូឆ្មារ ទំពារ​លេងៗ​ធ្វើ​ជាអាហារសម្រន់ ឬច្របាច់​យក​ទឹក​បន្តក់​លើ​អាហារសម្រន់ ក៏​មាន​ប្រសិទ្ធភាព​ដូច​គ្នា។

    ៦- ផឹក​ទឹក​​ឲ្យ​បាន​ច្រើន

    យើង​អាច​ទុក​ទឹក​មួយ​ដប​ក្បែរ​ខ្លួនដើម្បី​ឲ្យ​ប្រាដកថា​បាន​ញ៉ាំទឹកគ្រប់​គ្រាន់​ និងផឹក​​ទឹកកក​មួយ​កែវរៀងរាល់​ថ្ងៃ។ សីតុណ្ហភាព​ត្រជាក់ អាច​ជួយ​រក្សា​សកម្មភាព​របស់​ក្រពះ​បាន​ល្អ ថែមទាំង​ទឹក​អាច​ជួយ​រក្សា​ជាតិ​ទឹក​ក្នុង​ខ្លួន​យើង​ឲ្យ​គ្រប់​គ្រាន់​ទៀត​ផង។

    ៧- ក្រូចឆ្មារ

    គ្នាយើង​ច្រើន​ណាស់ សុទ្ធតែរកឃើញ​ថា ក្រូចឆ្មារ គឺ​មាន​ប្រសិទ្ធភាព​ខ្ពស់ ដោះ​ស្រាយ​អាការៈ​ចាញ់​កូន។ បើ​យើង​បន្ថែមក្រូច​ឆ្មារ​​ទៅ​ក្នុង​ទឹក ហើយ​ផឹក​ ច្បាស់​ជាទទួល​បាន​រសជាតិ​ឆ្ងាញ់ និង​ធ្វើ​ឲ្យ​យើង​មាន​អារម្មណ៍​ល្អទៀត​ផង​។

    បដិសេធ

    Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

    ត្រួតពិនិត្យដោយ

    វេជ្ជ. ចាន់ ស៊ីណេត

    · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


    អត្ថបទ​ដោយ សន សុភា · កែ Jul 26, 2022

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម

    តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម
    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម