កូនក្នុងពោះកាន់តែធំ ម៉ាក់ៗកាន់តែពិបាក ទាំងការដេក ដើរ ក្នុងនោះក៏មានអាការៈរមាស់ពោះកាន់តែខ្លាំងដែរ។ ហេតុអីកូនកាន់តែធំ ម៉ាក់ៗចេះតែរមាស់ពោះ? បើរមាស់ខ្លាំង ទ្រាំមិនបាន ត្រូវធ្វើម៉េច? អាចអេះបានអត់?
ប្រធានផ្នែកសម្ភព និងរោគស្ត្រី នៃមន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ លោកវេជ្ជបណ្ឌិត ចាន់ ស៊ីណេត បានឲ្យដឹងថា អាការៈរមាស់ពោះបណ្តាលមកពីកម្រិតអ័រម៉ូនគ្មានតុល្យភាព ឯកោសិកាស្បែកយឺត ធ្វើឲ្យស្បែកតឹង ស្ងួត ទៅជាស្តើង ហើយប្រេះ និងរមាស់ ពេលកូនក្នុងផ្ទៃកាន់តែធំ មិនមានអ្វីប៉ះពាល់ដល់កូនក្នុងផ្ទៃនោះទេ។
លោកវេជ្ជបណ្ឌិតបានបន្ថែមថា ពេលរមាស់ខ្លាំង ម៉ាក់ៗពិបាកទ្រាំខ្លាំងណាស់ ទាល់តែបានអេះ ទើបអាចបន្ធូរបន្ថយ អាការៈរមាស់បាន ប៉ុន្តែការធ្វើបែបនេះមិនល្អនោះទេ ដោយសារស្បែកពោះស្តើង ងាយដាច់រលាត់។ នៅពេលស្បែកពោះរលាត់ អាចឈានរលាក ហើយបើស្ត្រីនោះមានចេញសង្វារទៀត ស្នាមសង្វារនឹងរាលកាន់តែច្រើនឡើងៗ។
ក្នុងករណីម៉ាក់ៗរមាស់ពោះខ្លាំង អាចត្រឹមអង្អែលពោះថ្នមៗ ហើយត្រូវព្យាយាមធ្វើតាមការណែនាំមួយចំនួនខាងក្រោមនេះ។
– ងូតទឹកសម្អាតកាយជាប្រចាំ
– ចៀសវាងការប្រើសាប៊ូមានក្លិនឆួលខ្លាំង
– ផឹកទឹកឲ្យបានច្រើន
– ញ៉ាំបន្លែ និងផ្លែឈើឲ្យបានច្រើន
– លាបឡេផ្តល់សំណើមដល់ស្បែក
– ស្លៀកសម្លៀកបំពាក់រលុងៗ សាច់ទន់ៗ។
[embed-health-tool-pregnancy-weight-gain]