ពេលពពោះ ស្ត្រីអាចមានបញ្ហាប្រឈមច្រើន ដែលតម្រូវឲ្យយើងទៅតាមដានសុខភាពជាមួយគ្រូពេទ្យជំនាញឲ្យបានទៀងទាត់ សម្រាកឲ្យបានគ្រប់គ្រាន់ ញ៉ាំអាហារសម្បូរជីវជាតិឲ្យច្រើន។ ដើម្បីកាត់បន្ថយបញ្ហាប្រឈមនានា លោកវេជ្ជបណ្ឌិត ចាន់ ស៊ីណេត ប្រធានផ្នែកសម្ភព និងរោគស្ត្រី នៃមន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ បានណែនាំឲ្យស្រ្តីចេះកត់ចំណាំសញ្ញាគ្រោះថ្នាក់មួយចំនួន ដែលអាចឡើងអំឡុងពពោះ។
១. ធ្លាក់ឈាម
អំឡុងពេលពពោះ បើស្រីៗយើងមានអាការៈចុកពោះ មានធ្លាក់ឈាមតិច ឬច្រើន ច្បាស់ជាមានបញ្ហាមិនខាន។ ក្នុងត្រីមាសទី១ បើមានសញ្ញាទាំងនេះបញ្ជាក់ថា ម៉ាក់ៗអាចប្រឈមនឹងការរលូតកូន មានកូនក្រៅស្បូន ជាដើម។ ក្រៅពីនោះការធ្លាក់ឈាមនៅត្រីមាសបន្ទាប់ អាចមានការបង្ករោគ សកម្មភាពរួមភេទ សុករបើកចេញពីជញ្ជាំងស្បូន សញ្ញានៃការសម្រាលមុនកំណត់ ដែលស្ត្រីចាំបាច់ទៅពិគ្រោះជាមួយគ្រូពេទ្យឲ្យបានទាន់ពេល។
២. កូនមិនកម្រើក
ជាទូទៅ ម៉ាក់ៗដែលមានកូនដំបូង អាអូនអាចកម្រើកនៅខែទី ៥ ឬ ៦ តែបើយើងធ្លាប់មានកូនពីមុនមកហើយនោះ កូនអាចកម្រើកលឿនបន្តិច គឺអំឡុងខែទី ៤ ឬ ៥។ បន្ទាប់ពីកម្រើកតិចៗ ទារកអាចកម្រើកញឹកញាប់ ឬធាក់ម៉ាក់កាន់ខ្លាំងនៅជិតដល់ថ្ងៃសម្រាល។ ពេលអុកស៊ីសែន និងសារធាតុចិញ្ចឹមតាមរយៈទងសុកមិនគ្រប់គ្រាន់ កូនមិនសូវកម្រើកទេ ហើយក៏អាចបញ្ជាក់ថា កូនកំពុងជួបវិបត្តិអីមួយហើយ។ ដូច្នេះ ត្រូវទៅពិនិត្យពោះធ្វើអេកូវាស់ចង្វាក់បេះដូងកូន វាស់ទឹកភ្លោះ ជាដើម។
៣. ហើមជើងខ្លាំង
ពពោះចូលដល់ត្រីមាសទី ៣ ស្រីៗគ្នាយើងនឹងចាប់ផ្តើមមានអារម្មណ៍ថា ស្បែកជើងដូចតឹងជាងមុន ដោយសារជើង និងប្រអប់ជើងឡើងហើម។ អាការៈហើមជើងអាចបណ្តាលមកពីលើសជាតិសាច់ (ប្រូតេអ៊ីន) អង្គុយយូរ មិនសូវធ្វើចលនា បរិមាណទឹកភ្លោះកើនលើសប្រក្រតី និងមកពីទម្ងន់គភ៌ក្នុងស្បូនសង្កត់លើសរសៃឈាម និងជើង ធ្វើឲ្យលំហូរឈាមដើរយឺត។ អាការៈហើមជើងពេលពពោះមិនស្រួលក្នុងខ្លួនប៉ុន្មានទេ ថែមអាចប្រឈមនឹងគ្រោះថ្នាក់ទៀត ដូច្នេះស្ត្រីពពោះមិនត្រូវអង្គុយ ឬឈរយូរពេក ទេ ត្រូវឧស្សហ៍ងើបដើរចុះឡើង សម្រាកឲ្យច្រើន គេងផ្អៀងទៅខាងឆ្វេង ហើយបើអាការៈកាន់តែធ្ងន់ធ្ងរត្រូវប្រញាប់ទៅជួបគ្រូពេទ្យ។
៤. រឹង ឬឈឺពោះទៀងទាត់
រឹង ឬឈឺពោះទៀងទាត់ ជាបញ្ហាចោទ ២យ៉ាង បើសិនជាស្ត្រីពពោះជួបបញ្ហានេះនៅត្រីមាសដំបូង អាចជាសញ្ញាគម្រាមរលូត ហើយបើអាការៈនេះកើតឡើងនៅត្រីមាសទី ៣ មុនសប្តាហ៍ទី ៣៧ ស្ត្រីអាចនឹងសម្រាលកូនមុនខែ។ ការសម្រាលនេះ នឹងមានការឈឺពោះដូចពេលមករដូវ កន្ត្រាក់ស្បូនទៀងទាត់ ហើយឈឺចង្កេះជាប់។ អាការៈផ្សេងទៀត រួមមាន បែកទឹកភ្លោះ ហូរឈាមតាមទ្វារមាស។
៥. ឈឺក្បាល-ស្រវាំងភ្នែក
ស្ត្រីពពោះដែលជួបអាការៈឈឺក្បាល ចុករួយក ស្រវាំងភ្នែក ហឹងត្រចៀក អាចជាសញ្ញាគ្រោះថ្នាក់អំឡុងពពោះ ត្រូវប្រញាប់ទៅគ្រូពេទ្យ។ អាការៈទាំងប៉ុន្មានខាងលើនេះអាចជាសញ្ញា នៃជំងឺលើសឈាមពេលពពោះ និងអាចឈានទៅរកជំងឺបម្រុងក្រឡាភ្លើង ដែលអាចបង្កផលវិបាកធ្ងន់ធ្ងរប៉ះពាល់ដល់អាយុជីវិតទាំងម្តាយ និងកូនក្នុងផ្ទៃ។
[embed-health-tool-pregnancy-weight-gain]