backup og meta

រឿងគួរបារម្ភ! មានសញ្ញាទាំងនេះពេលពពោះ អាចមានគ្រោះថ្នាក់ ម៉ាក់ៗកុំទុកយូរ ប្រញាប់ទៅជួបពេទ្យ

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ ដេត ធន្នី · កែ Oct 07, 2020

    រឿងគួរបារម្ភ! មានសញ្ញាទាំងនេះពេលពពោះ អាចមានគ្រោះថ្នាក់ ម៉ាក់ៗកុំទុកយូរ ប្រញាប់ទៅជួបពេទ្យ

    ពេល​ពពោះ ស្ត្រី​អាច​មាន​បញ្ហា​ប្រឈម​ច្រើន ដែល​តម្រូវ​ឲ្យ​យើង​ទៅ​តាម​ដាន​សុខភាព​ជាមួយ​គ្រូពេទ្យ​ជំនាញ​ឲ្យ​បាន​ទៀង​ទាត់ សម្រាក​ឲ្យ​បាន​គ្រប់​គ្រាន់ ញ៉ាំ​អាហារ​សម្បូរ​ជីវជាតិ​ឲ្យ​ច្រើន។ ដើម្បី​កាត់​បន្ថយ​បញ្ហា​ប្រឈមនានា លោក​វេជ្ជបណ្ឌិត ចាន់ ស៊ីណេត ប្រធាន​ផ្នែក​សម្ភព និង​រោគ​ស្ត្រី នៃ​មន្ទីរពេទ្យ​បង្អែក​មិត្តភាព​កម្ពុជា-ចិន សែន​សុខ បាន​ណែនាំ​ឲ្យ​ស្រ្តី​ចេះ​កត់​ចំណាំ​សញ្ញា​គ្រោះ​ថ្នាក់​មួយ​ចំនួន ដែល​អាច​ឡើង​អំឡុង​ពពោះ។

    ១. ធ្លាក់​ឈាម

    អំឡុង​ពេល​ពពោះ បើ​ស្រីៗ​យើង​មាន​អាការៈ​ចុកពោះ មាន​ធ្លាក់​​ឈាម​តិច ឬ​ច្រើន ច្បាស់​ជា​មាន​បញ្ហា​មិន​ខាន។ ក្នុង​ត្រីមាសទី១ បើ​មាន​សញ្ញា​ទាំង​នេះ​បញ្ជាក់​ថា ម៉ាក់ៗ​អាច​ប្រឈម​នឹង​ការ​រលូត​កូន មាន​កូន​​ក្រៅស្បូន ​ជា​ដើម។ ក្រៅពី​នោះ​ការ​ធ្លាក់​ឈាម​នៅ​ត្រីមាស​បន្ទាប់ អាច​​មាន​ការ​បង្ក​រោគ សកម្មភាព​រួមភេទ សុករបើកចេញពីជញ្ជាំងស្បូន សញ្ញា​នៃ​ការ​សម្រាល​មុន​កំណត់ ដែល​ស្ត្រី​ចាំបាច់​ទៅ​ពិគ្រោះ​ជាមួយ​គ្រូ​ពេទ្យ​ឲ្យ​បាន​ទាន់​ពេល។

    ២. កូន​មិន​កម្រើក

    ជា​ទូទៅ ម៉ាក់ៗ​ដែល​មាន​កូន​ដំបូង អាអូន​អាច​កម្រើក​នៅ​ខែទី ៥ ឬ ៦ តែ​បើ​យើង​ធ្លាប់​មាន​កូន​ពីមុន​មក​ហើយ​នោះ កូន​អាច​កម្រើក​លឿន​បន្តិច គឺ​អំឡុង​ខែទី ៤ ឬ ៥។ បន្ទាប់​ពី​កម្រើក​តិចៗ ទារក​អាច​កម្រើក​ញឹកញាប់ ឬ​ធាក់​ម៉ាក់​កាន់​ខ្លាំង​នៅ​ជិត​ដល់​ថ្ងៃ​សម្រាល។ ពេល​អុកស៊ីសែន និង​សារធាតុ​ចិញ្ចឹម​តាម​រយៈទងសុកមិន​គ្រប់​គ្រាន់ កូន​មិន​សូវ​កម្រើក​ទេ ហើយ​ក៏​អាច​បញ្ជាក់​ថា កូន​កំពុង​ជួប​វិបត្តិ​អី​មួយ​ហើយ។ ដូច្នេះ ត្រូវ​ទៅ​ពិនិត្យ​ពោះ​ធ្វើ​អេកូ​​វាស់ចង្វាក់​បេះដូង​កូន វាស់​ទឹកភ្លោះ ជា​ដើម។

    ៣. ហើម​ជើង​ខ្លាំង

    ពពោះ​ចូល​ដល់​ត្រីមាស​ទី ៣ ស្រីៗ​គ្នា​យើង​នឹង​ចាប់​ផ្តើម​មាន​អារម្មណ៍​ថា​ ស្បែក​ជើង​ដូច​តឹង​ជាង​មុន​ ដោយសារ​ជើង និង​ប្រអប់​ជើងឡើងហើម។ អាការៈ​ហើម​ជើង​អាច​បណ្តាល​មក​ពី​លើស​ជាតិ​សាច់ (ប្រូតេអ៊ីន) ​អង្គុយ​យូរ ​មិន​សូវ​ធ្វើ​ចលនា បរិមាណ​ទឹកភ្លោះ​កើន​លើស​ប្រក្រតី និងមក​ពី​ទម្ងន់​គភ៌​ក្នុង​ស្បូន​សង្កត់​លើ​សរសៃ​ឈាម និង​ជើង ធ្វើ​ឲ្យ​លំហូរ​ឈាម​ដើរ​យឺត។ អាការៈ​ហើម​ជើង​ពេល​ពពោះ​មិន​ស្រួល​ក្នុង​ខ្លួន​ប៉ុន្មាន​ទេ ថែម​អាច​ប្រឈម​នឹង​គ្រោះ​ថ្នាក់​ទៀត ដូច្នេះ​ស្ត្រីពពោះ​មិន​ត្រូវ​អង្គុយ ឬ​ឈរ​យូរ​ពេក​ ​ទេ ​ត្រូវឧស្សហ៍​ងើប​ដើរ​ចុះ​ឡើង សម្រាកឲ្យច្រើន គេង​ផ្អៀង​ទៅ​ខាង​ឆ្វេង ហើយ​បើ​អាការៈ​កាន់​តែ​ធ្ងន់​ធ្ងរ​ត្រូវ​ប្រញាប់​ទៅ​ជួប​គ្រូពេទ្យ។

    ៤. រឹង ឬ​ឈឺ​ពោះ​ទៀង​ទាត់

    រឹង ឬ​ឈឺ​ពោះ​ទៀង​ទាត់ ជា​បញ្ហា​ចោទ ២យ៉ាង បើ​សិន​ជា​ស្ត្រី​ពពោះ​ជួប​បញ្ហា​នេះ​នៅ​ត្រីមាស​ដំបូង អាច​ជា​សញ្ញា​គម្រាម​រលូត ហើយ​បើ​អាការៈ​នេះ​កើត​ឡើង​នៅ​ត្រីមាសទី ៣ មុន​សប្តាហ៍​ទី ៣៧ ស្ត្រី​អាច​នឹង​សម្រាល​កូន​មុន​ខែ។ ការ​សម្រាល​នេះ​ នឹង​មាន​ការ​ឈឺ​ពោះ​ដូច​ពេល​មក​រដូវ កន្ត្រាក់​ស្បូន​ទៀង​ទាត់​ ហើយ​ឈឺ​ចង្កេះ​ជាប់។ អាការៈ​ផ្សេង​ទៀត​ រួម​មាន បែក​ទឹក​ភ្លោះ ហូរ​ឈាម​តាម​ទ្វារ​មាស។

    ៥. ឈឺក្បាល-ស្រវាំងភ្នែក

    ស្ត្រី​ពពោះ​ដែល​ជួប​អាការៈ​ឈឺ​ក្បាល ចុក​រួយក ស្រវាំង​ភ្នែក ហឹង​ត្រចៀក អាច​ជា​សញ្ញា​គ្រោះថ្នាក់​អំឡុង​ពពោះ ត្រូវ​ប្រញាប់​ទៅ​គ្រូពេទ្យ។ អាការៈ​ទាំង​ប៉ុន្មាន​ខាង​លើ​នេះ​អាច​ជា​សញ្ញា នៃ​ជំងឺ​លើស​ឈាម​ពេល​ពពោះ និង​អាច​ឈាន​​ទៅ​រក​ជំងឺ​បម្រុង​ក្រឡាភ្លើង ដែល​អាច​បង្ក​ផល​វិបាក​ធ្ងន់​ធ្ងរ​ប៉ះពាល់​ដល់​អាយុ​ជីវិត​ទាំង​ម្តាយ និង​កូន​ក្នុង​ផ្ទៃ។

    បដិសេធ

    Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

    ត្រួតពិនិត្យដោយ

    វេជ្ជ. ចាន់ ស៊ីណេត

    · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


    អត្ថបទ​ដោយ ដេត ធន្នី · កែ Oct 07, 2020

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម

    តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម
    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម