កន្លងមកនៅតែមានការយល់ខុសអំពីការផឹកស្រាអំឡុងពេលមានផ្ទៃពោះ និងសម្រាល ដោយគិតថាល្អ និងជំនួយដល់សុខភាព។ ក្នុងចំណោមនោះមានមតិលើកឡើងដោយគ្មានអំណះអំណាងថា ពេលពពោះបើម៉ាក់ៗផឹកស្រាបៀរ ល្អចំពោះកូន ធ្វើឲ្យកូនកើតមកស្បែកស្អាត។
បញ្ហានេះវេជ្ជបណ្ឌិត ហ៊ាង រតនា បាននិយាយថា ស្ត្រីខ្មែរមួយចំនួនមានចំណេះដឹងទាបទាក់ទងនឹងភេសជ្ជៈមានជាតិអាល់កុលថា មានគុណប្រយោជន៍ចំពោះសុខភាពទាំងពេលអំឡុងពពោះ និងសម្រាល។ ផ្ទុយទៅវិញវាមានគុណវិបត្តិច្រើនមហាសាល ដែលធ្វើឲ្យយើង និងកូនមានគ្រោះថ្នាក់។ វេជ្ជបណ្ឌិតឯកទេសទូទៅបន្តទៀតថា គ្រប់ជាតិអាល់កុល មិនថាស្រា ឬស្រាបៀសុទ្ធតែធ្វើឲ្យប៉ះពាល់ដល់ម៉ាក់ និងទារក មិនថាពពោះខែទីប៉ុន្មានក៏ដោយ ព្រោះបើផឹកស្រាកូនក្នុងពោះក៏ផឹកដែរ ហើយសរីរាង្គខាងក្នុងរបស់កូនសុទ្ធតែខ្ចីទាំងអស់ សុទ្ធតែអាចរងគ្រោះ៖
– ទារកប្រឈមស្លាប់ក្នុងផ្ទៃ
– កើតមុនខែ
– កូនខ្វះគីឡូ
– ប្រឈមកង្វះអវយវៈ
– កូនកើតមកមិនឆ្លាត
– ក្បាលតូច
– កូនក្រចេះនិយាយ
– ប៉ះពាល់ ខួរក្បាល បេះដូង តម្រងនោម ឆ្អឹង ជាដើម។
វេជ្ជបណ្ឌិតរូបនោះបន្ថែមទៀតថា មិនត្រឹមតែស្រាបៀរ ស្រាក្រហមអ្វីនោះទេ ស្រាថ្នាំត្រាំសត្វ ឬឫសឈើផ្សេងៗទៀត សុទ្ធតែគ្រោះថ្នាក់ទាំងអស់។ ចំណែកមូលហេតុទារកខ្លះពេលកើតមកមានជាប់សៗដូចម្សៅមកជាមួយ មិនមែនអាក្រក់អ្វីនោះទេ តែល្អចំពោះកូនទៅវិញទេ។
ទារកដែលទើបនឹងកើតមកមានក្រមួនសៗនោះ អ្នកខ្លះហៅថាខ្លាញ់ជាប់ស្បែក ដែលភាសាអង់គ្លេសហៅថា Vernex Caseosa។ លោកគ្រូពេទ្យបានបន្ថែមទៀតថា ខ្លាញ់ជាប់ស្បែក ឬ Vernex Caseosa កកើតឡើងនៅត្រីមាសទី ៣ ដែលមានតួនាទីសំខាន់សម្រាប់ការពារទារកបានច្រើនយ៉ាង ដូចជាប្រឆាំងទប់ទល់ជាមួយការបាត់បង់កម្ដៅក្នុងខ្លួន និងការប្រឆាំងជាមួយការឆ្លងរោគពីខាងក្រៅ ឬការធ្វើឲ្យស្បែកស្ងួតជាដើម។
[embed-health-tool-pregnancy-weight-gain]