ការខ្វះជាតិស្ករក្នុងឈាម ឬជាតិស្ករក្នុងឈាមទាប គឺមិនសូវកើតមានជាញឹកញាប់ឡើយ ប៉ុន្តែវាអាចបណ្ដាលឲ្យមានបញ្ហាសុខភាពធ្ងន់ធ្ងរសម្រាប់ស្ត្រីមានផ្ទៃពោះដែលកើតជំងឺទឹកនោមផ្អែម។ បញ្ហានេះអាចកើតឡើងដោយសារបម្រុងកើតជំងឺទឹកនោមផ្អែមប្រភេទ១ ឬប្រភេទ២ ឬការវិវត្តនៃជំងឺទឹកនោមផ្អែមពេលមានគភ៌។ ការខ្វះជាតិស្ករក្នុងឈាមនេះដែរ គឺកើតមានជាទូទៅចំពោះស្ត្រីមានគភ៌ ដែលកំពុងប្រើប្រាស់ថ្នាំធ្វើឲ្យជាតិស្ករក្នុងឈាមថយចុះ ដូចជាចាក់អាំងស៊ុយលីន ឬថ្នាំសម្រាប់អ្នកជំងឺទឹកនោមផ្អែមជាក់លាក់មួយចំនួន។ យ៉ាងណាមិញ ជាតិស្ករក្នុងឈាមទាបក៏អាចប៉ះពាល់ដល់ស្ត្រីមានផ្ទៃពោះដែលមិនមានជំងឺទឹកនោមផ្អែមដូចគ្នា។
ហេតុអ្វីបានជាជាតិស្ករក្នុងឈាមចុះទាប នៅអំឡុងពេលពពោះ?
ជាតិស្ករក្នុងឈាម ឬគ្លុយកូស គឺជាប្រភពថាមពលដ៏សំខាន់របស់រាងកាយ។ រាងកាយទទួលបានគ្លុយកូសចម្បង តាមរយៈការធ្វើមេតាប៉ូលីសកាបូអ៊ីដ្រាតនៅក្នុងអាហារ។ អ័រម៉ូនអាំងស៊ុយលីនជួយបម្លាស់ទីគ្លុយកូសចេញពីចរន្តឈាម និងចូលទៅក្នុងកោសិកា ដែលត្រូវបានប្រើប្រាស់ទៅជាថាមពល។
យ៉ាងណាមិញ អ្នកដែលកើតជំងឺទឹកនោមផ្អែម មិនអាចផលិតអាំងស៊ុយលីនគ្រប់គ្រាន់ ឬប្រើប្រាស់វាប្រកបដោយប្រសិទ្ធភាពឡើយ។ ដោយគ្មានសកម្មភាពអាំងស៊ុយលីនគ្រប់គ្រាន់ គ្លុយកូសកកើតឡើងនៅក្នុងចរន្តឈាម ដែលបណ្ដាលឲ្យមានជាតិស្ករក្នុងឈាមខ្ពស់។ ជាលទ្ធផល មនុស្សជាច្រើនដែលកើតជំងឺទឹកនោមផ្អែមត្រូវការប្រើប្រាស់ថ្នាំដើម្បីឲ្យជាតិស្ករក្នុងឈាមត្រលប់មករកកម្រិតធម្មតាវិញ។ ប៉ុន្តែ ការប្រើប្រាស់ថ្នាំច្រើនហួសហេតុ ក៏អាចបណ្ដាលឲ្យកម្រិតជាតិស្ករក្នុងឈាមធ្លាក់ចុះទាបជ្រុលផងដែរ។
រោគសញ្ញានៃជំងឺខ្វះជាតិស្ករក្នុងឈាម
កម្រិតជាតិស្ករក្នុងឈាម៧០មីល្លីក្រាម/ដេស៊ីលីត្រ ឬតិចជាងនេះ បង្ហាញថាយើងមានជំងឺខ្វះជាតិស្ករក្នុងឈាម។ រោគសញ្ញានៃជំងឺនេះអាចវិវត្តយ៉ាងឆាប់រហ័ស។ ប្រសិនបើពុំមានការព្យាបាលទេនោះ បញ្ហាខ្វះជាតិស្ករក្នុងឈាមអាចបណ្ដាលឲ្យម៉ាក់ៗចាំបាច់ត្រូវធ្វើការសង្គ្រោះបន្ទាន់ផងដែរ។ រោគសញ្ញារបស់បញ្ហាខ្វះជាតិស្ករក្នុងឈាមរួមមាន៖
- ឆាប់ឃ្លាន
- ឆាប់ខឹង
- មានអារម្មណ៍ញ័រ
- វង្វេងស្មារតី
- វិលមុខ
- បែកញើស
- ខ្សោយ ឬអស់កម្លាំង
នៅក្នុងករណីធ្ងន់ធ្ងរ ជំងឺខ្វះជាតិស្ករក្នុងឈាមអាចបណ្ដាលឲ្យយើងសន្លប់ ឬស្លាប់ក៏មាន។
ការព្យាបាលជំងឺខ្វះជាតិស្ករក្នុងឈាម
ជាតិស្ករក្នុងឈាមទាប ចាំបាច់ត្រូវការការព្យាបាលភ្លាមៗ ដោយការញ៉ាំអាហារដែលមានជាតិកាបូអ៊ីដ្រាត។ អាហារប្រភេទនេះមានដូចជាស្ករគ្រាប់ ឬទឹកផ្លែឈើជាដើម។ ពិតណាស់ រាងកាយរបស់យើងធ្វើមេតាប៉ូលីសកាបូអ៊ីដ្រាតទាំងនេះយ៉ាងឆាប់រហ័ស ដែលអាចធ្វើឲ្យកម្រិតជាតិស្ករក្នុងឈាមកើនឡើងភ្លាមៗ។
ជម្រើសអាហារល្អៗដែលមានជាតិកាបូអ៊ីដ្រាតរួមមាន៖
- ទឹកផ្លែឈើកន្លះពែង
- ស្ករគ្រាប់ចំនួន២ឬ៣គ្រាប់
- ស្ករស ឬទឹកឃ្មុំមួយស្លាបព្រាកាហ្វេ
- ថ្នាំគ្រាប់គ្លុយកូសចំនួន៣ ឬ៤គ្រាប់
តើយើងការពារបញ្ហាខ្វះជាតិស្ករក្នុងឈាម នៅពេលមានផ្ទៃពោះយ៉ាងដូចម្ដេច?
វិធីការពារកុំឲ្យជាតិស្ករក្នុងឈាមចុះទាប គឺម៉ាក់ៗត្រូវរក្សាកម្រិតជាតិស្ករក្នុងឈាមឲ្យនៅថេរពេញមួយថ្ងៃ។ ស្ត្រីពពោះដែលមានជំងឺទឹកនោមផ្អែមគប្បីញ៉ាំអាហារតិចតួច និងឲ្យបានញឹកញាប់។ ចូរញ៉ាំអាហារមានតុល្យភាពល្អ ដែលផ្ទុកទៅដោយជាតិប្រូតេអ៊ីន កាបូអ៊ីដ្រាត (complex carbs) ដូចជាគ្រាប់ធញ្ញជាតិ និងបន្លែ ជាដើម។ បន្ថែមពីនេះ ចូរកុំខកខានក្នុងការញ៉ាំអាហារឲ្យសោះ និងត្រូវតាមដានជាតិស្ករក្នុងឈាម នៅអំឡុងពេល និងបន្ទាប់ពេលធ្វើលំហាត់ប្រាណរួច។ នៅអំឡុងពេលមានគភ៌ ការធ្វើលំហាត់ប្រាណមានសារសំខាន់ណាស់ ពីព្រោះវាអាចជួយឲ្យរាងកាយប្រើប្រាស់អាំងស៊ុយលីនប្រកបដោយប្រសិទ្ធភាព ដែលធ្វើឲ្យជាតិស្ករក្នុងឈាមថយចុះ។ ប៉ុន្តែ ការធ្វើលំហាត់ប្រាណច្រើនជ្រុល ដោយពុំបានញ៉ាំអាហារត្រឹមត្រូវ ក៏អាចបណ្ដាលឲ្យម៉ាក់ៗកើតមានបញ្ហាខ្វះជាតិស្ករក្នុងឈាមផងដែរ។
[embed-health-tool-pregnancy-weight-gain]