បម្រុងក្រឡាភ្លើង គឺជាផលវិបាកធ្ងន់ធ្ងរសម្រាប់ស្រីៗមានផ្ទៃពោះ បណ្ដាលមកលើសសម្ពាធឈាម និងរោគសញ្ញាផ្សេងទៀតដោយសារខូចខាតសរីរាង្គផ្សេងៗ ដូចជា តម្រងនោម ជាដើម។ ជំងឺបម្រុងក្រឡាភ្លើង អាចបង្កផលវិបាកធ្ងន់ធ្ងរប៉ះពាល់ដល់ជីវិតទាំងម៉ាក់ៗ និងគភ៌។
បើតាមការឲ្យដឹងពីលោកវេជ្ជបណ្ឌិត សឿច័ន្ទ វិសាល ឯកទេសសម្ភព និងរោគស្ត្រី បានឲ្យដឹងថា បើមានរោគសញ្ញាយ៉ាងហោចមួយក្នុងចំណោមរោគសញ្ញាខាងក្រោមគឺអាចចាត់ទុកថា ជំងឺបម្រុងក្រឡាភ្លើងមានរោគសញ្ញាកម្រិតធ្ងន់ធ្ងរ។
១. សម្ពាធឈាមអតិបរិមា ≥160mmHg ឬ អប្បបរមា ≥110mmHg វាស់២ដង ចន្លោះគ្នាតិចបំផុត ៤ម៉ោង ដោយសម្រាកគេងលើគ្រែ
២. កោសិកាឈាម ប្លាកែត < 100.000/mm3
៣. ខ្សោយតម្រងនោម: Creatinine ឈាម>1,1mg/dl ឬកើនឡើង២ដងដែលមិនមានជំងឺតម្រងនោមផ្សេងៗ
៤.ការថយចុះតួនាទីថ្លើម: មានការឈឺចាប់ស្រួចស្រាល ក្រោមឆ្អឹងជំនីរខាងស្កាំ (តំបន់ថ្លើម) ដែលប្រើថ្នាំបំបាត់ការឈឺចាប់ មិនបាត់ឈឺ និង AST, ALT ≥ 2 ដង
៥. ហើមសួត
៦. ឈឺក្បាលខ្លាំង ឬឈឺក្បាលបន្តិចម្ដងៗកាន់តែខ្លាំងឡើងៗដោយប្រើថ្នាំបំបាត់ឈឺចាប់ មិនបាត់ឈឺ ស្រវាំងភ្នែក អារម្មណ៍ខ្លួនប្រាណនៅមិនសុខរសាប់រសល់។
ពេលណាត្រូវទៅជួបពេទ្យ? បើយើងមានអាការៈឈឺក្បាលធ្ងន់ធ្ងរ ស្រវាំងភ្នែក ឈឺពោះធ្ងន់ធ្ងរ និងពិបាកដកដង្ហើម ម៉ាក់ៗគួរទៅជួបពេទ្យ ដើម្បីពិភាក្សាជាមួយគ្រូពេទ្យពីវិធីគ្រប់គ្រងសម្ពាធឈាម និងពិនិត្យមើលការកើតឡើងរោគសញ្ញាណាមួយ ដើម្បីទទួលការព្យាបាលត្រឹមត្រូវ និងទាន់ពេលវេលា។
ទន្ទឹមនឹងនេះ វេជ្ជបណ្ឌិតឯកទេសជំងឺទូទៅ ចាន់ ស៊ីណេត បានណែនាំពីវិធីមួយចំនួនខាងក្រោមនេះ ដើម្បីបង្ការមិនឲ្យមានជំងឺបម្រុងក្រឡាភ្លើង-ក្រឡាភ្លើង ពេលមានផ្ទៃពោះដូចជា៖
– ញ៉ាំអាហារសម្បូរជីវជាតិ និងវីតាមីន
– កុំញ៉ាំអាហារប្រៃពេក
– កុំញ៉ាំអាហារផ្អាប់ (ជ្រក់ ប្រហុក ផ្អក…)
– កុំញ៉ាំសាច់ច្រើនពេក (លើសប្រូតេអ៊ីន)
– គ្រប់គ្រងទម្ងន់មិនឲ្យធាត់ពេក
– ពិនិត្យជាតិប្រូតេអ៊ីនក្នុងទឹកនោម និង វាស់សម្ពាធឈាមរៀងរាល់ខែ
– តាមដានសុខភាព និងពិនិត្យផ្ទៃពោះឲ្យបានទៀងទាត់ជាមួយគ្រូពេទ្យជំនាញ។
[embed-health-tool-pregnancy-weight-gain]