ពេលដល់ថ្ងៃសម្រាល ម៉ាក់ៗច្បាស់ជាឈឺពោះ និងមានបែកទឹកភ្លោះ មុននឹងឡើងគ្រែចាំទទួលសមាជិកគ្រួសារថ្មី។ ផ្ទុយទៅវិញ ឥឡូវនេះ មានម៉ាក់ៗមួយចំនួន បែកទឹកភ្លោះរាប់ម៉ោងហើយ ប៉ុន្តែមិនឃើញមានឈឺពោះ ឈឺអីសោះ ហើយអ្នកជំនាញថា បើបែកទឹកភ្លោះមិនឈឺពោះ ក៏អាចមានផលវិបាកដល់ម៉ាក់ៗ និងអាអូនក្នុងផ្ទៃដែរ។
ការបែកទឹកភ្លោះរបស់ស្ត្រីពពោះនៅត្រីមាសទី១ និងទី២ មិនអាចជួយបានទេ ដោយសារជំងឺផ្សេងៗ ឬកត្តាជាច្រើនទៀត។ តែសម្រាប់ស្ត្រីគ្រប់ខែវិញទឹកភ្លោះនឹងស្រកទៅវិញខ្លះ ព្រោះពេលគ្រប់ ឬលើសខែនោះ ទឹកភ្លោះលែងបង្កើតមកទៀតហើយ។ ចំណែកបញ្ហាបែកទឹកភ្លោះមិនឈឺពោះអាចមកពីបញ្ហាណាមួយ។ នេះបើតាមការឲ្យដឹងពីលោកវេជ្ជបណ្ឌិត គាន់ អូន ប្រធានផ្នែករោគស្ត្រី នៃមន្ទីរពេទ្យកាល់ម៉ែត។
បើតាមលោកវេជ្ជបណ្ឌិត ច័ន្ទ រស្មី ឯកទេសផ្នែកសម្ភព និងរោគស្ត្រី បានពន្យល់ថា ផលវិបាកដែលអាចកើតមានការបែកស្រោមទឹកភ្លោះមិនឈឺពោះនោះគឺ ការរលាកស្រោមទឹកភ្លោះដែលបណ្ដាលមកមេរោគពីទ្វារមាសឆ្លងកាត់ស្រោមទឹកភ្លោះហើយអាចបណ្ដាលឲ្យម្ដាយក្ដៅខ្លួន និងបង្ករោគដល់ទារក ធ្វើឲ្យចង្វាក់បេះដូងទារកលោតញាប់។
ផលវិបាកបញ្ហាបែកទឹកភ្លោះមិនឈឺពោះ អាចប៉ះពាល់ធ្ងន់ធ្ងរ បើទារកមិនគ្រប់ខែ ពិសេសក្នុងករណីបែកទឹកភ្លោះយូរ មិនទទួលបានការព្យាបាលដូចជា៖
១. ជំងឺសួតដែលទារកមិនគ្រប់ខែតែងជួបប្រទះក្រោមអាយុគភ៌ (ក្រោម ៣៤សប្ដាហ៍)
២. ជំងឺរលាកប្រព័ន្ធរំលាយអាហារដែលបណ្ដាលមកពីការបង្ករោគ។
វេជ្ជបណ្ឌិត ច័ន្ទ រស្មី បានបន្ថែមឲ្យដឹងថា ការបង្ករោគដល់ទារកដែលបែកស្រោមទឹកភ្លោះយូរ ចេញរោគសញ្ញាសំខាន់ដូចជា៖
- ទឹកភ្លោះមានពណ៌បៃតងខាប់ និងក្លិនមិនល្អ
- ចង្វាក់បេះដូងទារកខ្សោយ ឬកូនមិនសូវកម្រើក
- កូនមានកម្ដៅខ្ពស់ (ក្ដៅខ្លួន) ក្រោយសម្រាលរួច។
ម៉្យាងវិញទៀត ទងសុកអាចធ្លាក់គាបជាប់ខាងមុខស្បូនក្រោយពីការបែកទឹកភ្លោះ ជាហេតុអាចបណ្ដាលឲ្យគ្រោះថ្នាក់ដល់ទារកភ្លាមៗដោយសុកមិនអាចបញ្ជូនចរន្តឈាមទៅកូនបានដែលមានជាញឹកញាប់ចំពោះកូនបញ្ច្រាស កូនទទឹងពោះ និងម្ដាយដែលមានទឹកភ្លោះច្រើន។
[embed-health-tool-pregnancy-weight-gain]